រាជធានីភ្នំពេញ ៖ បញ្ចប់ការប្រកួតប្រដាល់ជើងឯករដូវកាលទី៦ សប្ដាហ៍ទី២ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ គេកត់សម្គាល់ថា កាន់តែទាក់ទាញ។ កីឡាករប្រភេទទម្ងន់៦០គីឡូក្រាមកាលពីថ្ងៃសៅរ៍នោះ មានការប្រកួតយ៉ាងជក់ចិត្តពីសំណាក់គូពិសេសវាយប្រវាយប្រតប់គ្នាយ៉ាងចាស់ដៃកក្រើកសង្វៀនតែម្តង។
នេះជាការប្រកួតកីឡាប្រដាល់កំពូលជើងឯក TV 5 BOXING KNOCK OUT SERIES(K-Cement) រដូវកាលទី៦ ក្នុងសប្ដាហ៍ទី៦ ដែលជាការប្រកួតជម្រុះរវាង៣២រូប យក១៦រូប ដោយប្រើរូបមន្តប្រកួតចាញ់ធ្លាក់ៗ។
កីឡាករ សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក និងកីឡាករ ថន ភឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ គឺជាគូស៊ីសាច់ហុតឈាម។ ការប្រយុទ្ធនេះ ពិតជាបែកផ្សែងពេញរេញតែម្តង ដោយគូនេះសុទ្ធតែការបង្ហាញអារម្មណ៍ចង់ឈ្នះរៀងខ្លួន ដើម្បីចាកចេញពីជុំទី១ ចូលជុំទី២ សំដៅដើរទៅជុំបន្តទៀត។ ម៉្លេះហើយការដាល់គ្នាឃើញថា ប្រកួតញាក់សាច់វាយគ្នាយ៉ាងល្អ និងចេញក្បាច់គ្រូចែកឲ្យយ៉ាងល្អ រហូតអ្នកមើលហើបគូទពីកៅអីចង់អស់គ្រប់គ្នា។
ចំពោះការវាយតប់តាំងពីទឹកទី១ មកឃើញថា សូត្រ ខេវិន មិនសូវជាទទួលបានអំណោយផលពីការប្រយុទ្ធនោះទេ ដោយសារកម្លាំងដៃគូហាក់ខ្លាំងសន្ធាប់ពេករកវិធីវាយបកមិនទាន់បាន។ ចូលមកដល់ទឹកទី២ រៀងមានសង្ឃឹមវិញ ដោយកម្លាំងមិនដឹងមកពីណាក៏វាយចូលគោលដៅពីមួយចូលមួយយ៉ាងខ្លាំងធ្វើឲ្យដៃគូដេកដួល ហើយចុងក្រោយឈ្នះការប្រកួតចូលទៅកាន់តង់ទី២ យ៉ាងរំភើយ។
ខេវិន បាននិយាយក្រោយទទួលជ័យជន្នះថា លោកមិនទាន់ហ៊ានសន្និដ្ឋានថា នៅជុំទី២ ធ្វើបានដល់កម្រិតណានោះទេ ស្របពេលអ្នកឡើងក៏សុទ្ធតែល្អៗ។ អ្វីដែលសំខាន់មានតែខំបង្វឹកខ្លួនឲ្យប្លែកខ្លាំងតាមរយៈក្បាច់គុនគ្រូចែកឲ្យ ដើម្បីឲ្យអារម្មណ៍ទុកចិត្តក្រោយពេលលទ្ធផលទី១ បានសម្រេច។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ