ប្រទេសកូរ៉េខាងត្បូង ៖ សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង (KFA) បានចេញមុខសុំទោសជាសាធារណៈ ចំពោះរឿងអាស្រូវបន្តបន្ទាប់ រាប់តាំងពីការចោទប្រកាន់រឿងប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ក្នុងការតែងតាំងគ្រូបង្វឹក រហូតដល់ការចោទប្រកាន់ដ៏ធ្ងន់ធ្ងររឿងការចំណាយលើការផ្តល់សេវាផ្លូវភេទឱ្យអាជ្ញាកណ្តាលបរទេស។
KFA បានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីក្រុមជម្រើសជាតិបុរសឈុតធំ បានធ្លាក់ចេញពីការប្រកួត World Cup ឆ្នាំ២០២៦ ត្រឹមវគ្គចែកពូល បើទោះបីជាមានការរំពឹងទុកខ្ពស់លើក្រុមពោរពេញដោយកីឡាករឆ្នើមៗ រួមទាំងប្រធានក្រុម Son Heung-min យ៉ាងណាក៏ដោយ។
ជាមួយគ្នានោះដែរ គ្រូបង្វឹក លោក Hong Myung-bo ក៏បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីការចាញ់ក្រុមអាហ្វ្រិកខាងត្បូង ១-០។ ទោះយ៉ាងណា ការចាកចេញរបស់លោកមិនអាចពន្លត់កំហឹងសាធារណជនចំពោះលទ្ធផលដ៏ខកចិត្តនេះបានឡើយ ហើយថែមទាំងបានដុតបញ្ឆេះមន្ទិលសង្ស័យដែលមានស្រាប់ជុំវិញរបៀបដែលលោកត្រូវបានតែងតាំងឱ្យមកធ្វើជាគ្រូបង្វឹកទៀតផង។
រឿងកាន់តែក្តៅថែមទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីសប្តាហ៍មុនបានទម្លាយថា KFA បានផ្តល់សេវាផ្លូវភេទឱ្យអាជ្ញាកណ្តាលបរទេស នៅក្នុងឆ្នាំ ២០១១ និង ២០១២ ដោយយោងទៅតាមរបាយការណ៍សវនកម្មរបស់រដ្ឋាភិបាលឆ្នាំ ២០១៦ ដែលមិនធ្លាប់ត្រូវបានផ្សព្វផ្សាយជាសាធារណៈពីមុនមក។
ជាលទ្ធផល KFA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីសូមអភ័យទោសដោយស្មោះសរចំពោះការខកចិត្ត និងការព្រួយបារម្ភខ្លាំង បង្កឡើងដោយជម្លោះផ្សេងៗជុំវិញសហព័ន្ធ ក្រោយព្រឹត្តិការណ៍ World Cup ២០២៦។
ការសុំទោសនេះធ្វើឡើងបន្ទាប់ពីប៉ូលិសបានឆ្មក់ចូលទីស្នាក់ការកណ្តាល KFA ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការតែងតាំងលោក Hong ជាគ្រូបង្វឹក។ ទោះយ៉ាងណាក៏ដោយ សំណួរជាច្រើនបានតាមលងបន្លាច KFA រួចទៅហើយជុំវិញការតែងតាំងលោក Hong ប៉ុន្តែការបញ្ឆះកំហឹងឱ្យកាន់តែក្តៅថែមទៀត ជុំវិញការចោទប្រកាន់ថា សហព័ន្ធបានចំណាយលើការផ្តល់សេវាផ្លូវភេទឱ្យអាជ្ញាកណ្តាលបរទេស អំឡុងការប្រកួតអន្តរជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូង អំឡុងឆ្នាំ ២០១១-២០១២។
បើតាមរបាយការណ៍សវនកម្មរដ្ឋាភិបាលឆ្នាំ ២០១៦ ដែលរាយការណ៍ដោយស្ថានីយទូរទស្សន៍ក្នុងស្រុក JTBC បានរកឃើញថា KFA បានផ្តល់សេវាកម្សាន្តមិនសមរម្យ ចំនួន ៨ ដងដល់អាជ្ញាកណ្តាល និងមន្ត្រីការប្រកួតបរទេស។ ចាប់តាំងពីពេលនោះមក អ្នកនិយមលេងបណ្តាញទសង្គមបាននាំគ្នាចែករំលែកបញ្ជីឈ្មោះអាជ្ញាកណ្តាលបរទេសដែលបានកាត់សេចក្តីនៅក្នុងការប្រកួតរបស់កូរ៉េខាងត្បូង អំឡុងពេលនោះ។
ជាការកត់សម្គាល់ សេចក្តីថ្លែងការណ៍សុំទោសរបស់ KFA កាលពីថ្មីៗនេះ បានអះអាងថា មនុស្សជាច្រើននៅក្នុងសហព័ន្ធមិនបានដឹងពីហេតុការណ៍ទាំងនោះទេ ប៉ុន្តែមិនបានបដិសេធថា មិនបានកើតឡើងនោះឡើយ។ KFA បានបញ្ជាក់ថា សហព័ន្ធចង់ធ្វើការបំភ្លឺឱ្យច្បាស់ថា ទង្វើមិនសមរម្យបែបនេះ មិនមានកើតឡើងទៀតនោះទេ៕ ប្រភព ៖ AFP និង Yahoo Sports


ចែករំលែកព័តមាននេះ