ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ចិត្ត​មិន​ទាន់​បាន​! Messi ត្រូវ​ឃ្លាតឆ្ងាយ​ពី​បាល់ទាត់​មួយ​រយៈ ក្រោយ​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់

22 ម៉ោង មុន

ទីក្រុង​រ៉ូ​សារី​អូ ៖ បន្ទាប់​ពី​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់ នៅ​ក្នុង​ទីក្រុង​រ៉ូ​សារី​អូ (Rosario) ប្រទេស​អា​ហ្ស​ង់​ទី​ន រហូត​មក​ទល់​ពេល​នេះ គឺ​នៅ​មិន​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​ណាមួយ​សម្រាប់​ការ​ត្រឡប់​របស់​កីឡាករ Lionel Messi ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​នៅឡើយ​នោះ​ទេ ហើយ​រឹតតែ​មិន​ទាន់​មានការ​គ្រោងទុក​ណាមួយ​ដូច​គ្នា សម្រាប់​ការ​ត្រឡប់​ទៅ​កាន់​សកម្មភាព​លើ​ទីលាន​ជាមួយ​ក្រុម Inter Miami វិញ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត Marca បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦​។

មរណភាព​របស់​លោក Jorge Messi កាលពី​ថ្ងៃ​ទី​៨ ខែសីហា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុង​ទីក្រុង​រ៉ូ​សារី​អូ​បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ខូច​ចិត្តជា​ទីបំផុត ខណៈ​ពេល​ដែល​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទី​ន​វ័យ​៣៩​ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី (Miami) សហរដ្ឋអាមេរិក ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ជាមួយ​មួយ​ក្រុម Monterrey ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី ២ នៃ​ពានរង្វាន់ Leagues Cup ដោយ​បាន​បង្ខំ​ឱ្យ​កីឡាករ​រូប​នេះ​ត្រូវធ្វើ​ដំណើរ​ជា​បន្ទាន់​តាម​ជើងហោះហើរ​ឯកជន ដើម្បី​ទៅ​កំដរ​ក្រុម​គ្រួសារ ក្នុងអំឡុងពេល​ទុក្ខ​ក្រៀមក្រំ​នេះ​។

បន្ទាប់​ពី​លាគ្នា​ជា​លើក​ចុង​ក្រោយ​នៅ​ទី​បញ្ចុះសព​ឯកជន​មួយ​ក្នុង​ទីក្រុង​រ៉ូ​សារី​អូ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា Messi នឹង​បន្ត​ស្នាក់​នៅ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ កីឡាករ​រូប​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្លិប Inter Miami អនុញ្ញាត​ឱ្យ​រូបគេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កំណើត​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​តាម​ត្រូវការ មុន​ពេល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្លិប​វិញ​។

ប្រភព​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រោយ​ចប់​ភារកិច្ច​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ភ្លាម Messi បាន​ចំណាយពេល​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន​ជាមួយ​ឪពុក មុន​ពេល​ត្រឡប់​មក​សហរដ្ឋអាមេរិក កាលពី​ប្រហែល​១​ស​ប្តា​ហ៍​មុន​។ កន្លង​មក ក្រុម​គ្រួសារ Messi បាន​ស្នើ​សុំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ឯកជន​ភាព​ពួក​គេ ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​លោក Jorge ផង​ដែរ​។

យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ លោក Jorge Messi ដែល​ត្រូវជា​ឪពុក និង​ជា​ភ្នាក់ងារ ឬ​អ្នកតំណាង (Agent) Lionel Messi ផង​នោះ បាន​ទទួលអនិច្ចកម្ម​នៅ​ក្នុង​អាយុ​៦៨​ឆ្នាំ ដោយ​រោគាពាធ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sanatorio នៅ​ក្នុង​ទីក្រុង​រ៉ូ​សារី​អូ ដែល​លោក​កំពុង​សម្រាក​ព្យាបាល និង​ដោយ​គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ឡើយ ដើម្បី​គោរព​សិទ្ធិ​ឯកជន​ភាព​របស់​គ្រួសារ​សព​៕