សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដែងនូវការអបអរសាទរដល់ក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា ឈ្នះមេដាយ៤១គ្រឿងពីប្រទេសម៉ុងហ្គោលី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរយ៉ាងខ្លាំងដល់ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូITFកម្ពុជា ដែលបានទៅចូលរួមប្រកួតជើងឯកអាស៊ីលើកទី១១នៅប្រទេសម៉ុងហ្គោលីឈ្នះមេដាយចំនួន៤១គ្រឿងនាំមកជូនជូនជាតិមាតុភូមិក្នុងនោះមេដាយមាសចំនួន៨គ្រឿងមេដាយប្រាក់ចំនួន១២គ្រឿងនិងមេដាយសំរឹទ្ធចំនួន២១គ្រឿង។

តាមការរាយការណ៍ពីលោកប៉ាល់ ជីវ័នគ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូITFកម្ពុជាពីប្រទេសម៉ុងហ្គោលី បានឱ្យដឹងថាក្រុមជម្រើសជាតិតេក្វាន់ដូITFកម្ពុជាទាំងឈុតតូចនិងឈុតធំដែលបានបញ្ជូនឱ្យទៅចូលរួមប្រកួតចំនួន៣២រូបតាំងពីថ្ងៃទី៣ខែសីហារហូតដល់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៦ ដណ្ដើមបានមេដាយចំនួន៤១គ្រឿងនិងជាប់លេខ២ជាចំណាត់ប្រទេសទាំងអស់ដែលបានចូលរួមលេខ៣បានទៅលើប្រទេសរុស្សី ខណៈចំណាត់លេខ១បានទៅលើប្រទេកូរ៉េខាងជើងដែលជាម្ចាស់ដើមកំណើតក្បាច់គុន។
លោកប៉ាល់ ជីវ័នបានបន្តឱ្យដឹងទៀតថាជាមួយនឹងលទ្ធផលជ័យជម្នះដ៏ត្រចះត្រចង់ទាំងនេះគឺបានដោយសារកាខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា អត្តពលិកជាពិសេសទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ហើយអ្វីដែលសំខាន់បំផុតនោះគឺការគាំទ្រយ៉ាពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្ដង។
តាមការឱ្យដឹងបន្ថែមសម្រាប់ការទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូITFអាស៊ីលើកទី១១នៅប្រទេសម៉ិងហ្គោលីលើកនេះ ប្រទេសកម្ពុជាមិនត្រឹមតែដណ្ដើមជ័យជម្នះក្នុងការនាំយកមេដាយដ៏ច្រើនសន្ធឹកសន្ធាប់មកជូនជាតិប៉ុណ្ណោះនោះទេ ថែមទាំងបាននាំយកមកជាមួយនូវដំណឹងល្អមួយទៀត គឺការក្នុងការប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីលើកតី១២ឆ្នាំ២០២៨។លោកប៉ាល់ ជីវ័នបានរាយការណ៍ឱ្យដឹងថានៅក្នុងមហាសន្និបាតសហព័ន្ធកីឡាតេក្វាន់ដូITFអាស៊ីលើកទី១១(Asian TKD Eederation 11th Congress ATF EB Meeting)មានបេក្ខភាពចំនួន៣ប្រទេសដែលដណ្ដើមធ្វើជាម្ចាស់ផ្ទះ មានកម្ពុជា អូប៉េគីស្ថាននិងប្រទេសកៀគីស្ថាន។
ទីបំផុត ត្រូវបានសមាជិកក្នុងបណ្ដាប្រទេសទាំងអស់បោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីលើកទី១២ឆ្នាំ២០២៨ ដោយផ្អែកទៅលើការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់កម្ពុជា ដែលធ្លាប់ទទួលបានជោគជ័យខ្លាំងកាលពីរៀបចំការប្រកួតកីឡាតេក្វាន់ដូITFជើងឯកអាស៊ីអាគ្នេយ៍នាពេលកន្លង៕








ចែករំលែកព័តមាននេះ