ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​ល្បី​មួយ បង្កើត​អាវ​ថ្មី​មាន​ឡូ​ហ្គោ​អ្នក​ឧបត្ថម្ភ​ដល់​ទៅ ១ ០០០ ក្រុមហ៊ុន ដើម្បី​ស្រោចស្រង់​វិបត្តិ​ហិរញ្ញវត្ថុ

1 អាទិត្យ មុន

ប្រទេស​ប៉េ​រូ ៖ ក្រុម​ជើងឯក​លី​គ​កំពូល​ប៉េ​រូ ៤ សម័យកាល Deportivo Municipal កំពុង​តែ​ព្យាយាម​រំដោះខ្លួន​ចេញពី​ការ​ក្ស័យធន តាម​រយៈ​របៀប​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ប្លែក​ខុស​គេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត The Sun បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦​។

ក្លិប​យក្ស​ប៉េ​រូ​ដែល​ធ្លាក់​កូដ​មួយ​នេះ បាន​ដាក់​បង្ហាញ​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន ដែល​ពោរពេញ​ទៅ​ដោយ​ស្លាក​សញ្ញា​អ្នក​ឧបត្ថម្ភ​រហូត​ដល់​ទៅ ១ ០០០ ស្លាក​សញ្ញា ដែល​ជួយ​ឱ្យ​ពួក​គេ​អាច​រក​ចំណូល​បាន​ប្រហែល ២៨ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​ធ្វើ​បែប​នេះ​។ ដ្បិត​ការ​គំរាមកំហែង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កៀក​ទៅ​រក​ការ​ក្ស័យធន បាន​បង្ខំ​ឱ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​លី​ម៉ា (Lima) មួយ​នេះ រិះរក​វិធីសាស្ត្រ​ប្លែក​ៗ និង​មិន​នឹក​ស្មាន​ដល់ ហើយ​ថ្នាក់ដឹកនាំ​កំពូល​ក៏​បាន​ឆ្លើយ​តប តាម​រយៈ​ការ​កែប្រែ​អាវ​ប្រកួត​របស់​ពួក​គេ ក្លាយទៅជា​បណ្តុំ​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​បែប​នេះ​។

បក​ត្រឡប់​ទៅ​ក្នុង​ឆ្នាំ ២០១៧ ក្រុម Deportivo Municipal ធ្លាប់​បាន​តទល់​ជាមួយ​ក្រុម​ខ្លាំង​ៗ​បំផុត​ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង នៅ​ក្នុង​ពានរង្វាន់ Copa Libertadores ហើយ​ក្រុម​នេះ នៅ​តែ​ប្រកួតប្រជែង​ក្នុង​លី​គ​កំពូល​ប៉េ​រូ កាលពី​៣​ឆ្នាំ​មុន​នៅឡើយ​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្លិប​ដែល​ជំពាក់​បំណុល​វណ្ឌ​កមួយ​នេះ ក្រោយមក​ត្រូវ​បាន​ពិន័យ​ដក​ពិន្ទុ​ជា​បន្តបន្ទាប់ ដែល​បាន​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​ទៅ​លេង​នៅ​លី​គ​ទី ២ រដូវ​កាល ២០២៣/២៤​។

មិន​ដល់​១​ឆ្នាំ​ផង​បន្ទាប់​ពី​នោះ ក្រុម​រហ័ស្ស​នាម «Muni» មួយ​នេះ ត្រូវ​បាន​កាត់​ចោល​ឱ្យទៅ​លេង​នៅ​លី​គ​ទី​៣ ដោយសារ​គ្មាន​លទ្ធភាព​បង់ប្រាក់​ថ្លៃ​អាជ្ញាប័ណ្ណ​ជូន​សហព័ន្ធ​បាល់ទាត់​ប៉េ​រូ​។ កាលពីដើម​ឆ្នាំ​នេះ ស្ថានភាព​ក្លិប​ធ្លាក់​ដុនដាប​ដល់​កម្រិត​អស់សង្ឃឹម​ថ្មី​មួយទៀត នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ដកសិទ្ធិ​ចេញពី​ប្រព័ន្ធ​លី​គ​អាជីព​ប៉េ​រូ ហើយ​ត្រូវ​បាន​ធ្លាក់​ទៅ​លេង​នៅ​ពានរង្វាន់ Copa Perú វិញ​។

អាវ​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​ពួក​គេ កើត​ចេញពី​ការ​ព្យាយាម​ប្រមែប្រមូល​មូលនិធិ បន្ទាប់​ពី​បញ្ហា​ហិរញ្ញវត្ថុ​ដ៏​ដុនដាប បង្ខំ​ឱ្យ​ក្លិប​បែងចែក​អាវ​ប្រកួត​ពួក​គេ​ទៅ​ជា​ប្រឡោះ​ទុក​ផ្សាយពាណិជ្ជកម្ម​តូច​ៗ​ចំនួន ១ ០០០ ប្រឡោះ និង​ចាប់ផ្តើម​យុទ្ធនាការ​ដែល​ហៅ​ថា «​អ្នក​ឧបត្ថម្ភ​១​ពាន់​របស់​ក្លិប Muni) កាលពី​ខែមករា​ដើមឆ្នាំ​នេះ​។

អាជីវកម្ម​ក្នុងស្រុក​ជា​ច្រើន​បាន​នាំ​គ្នា​ទិញ​យក​ប្រឡោះ​ផ្សាយពាណិជ្ជកម្ម​ខ្នាត​តូច​ទាំងនោះ​យ៉ាង​លឿន ដោយ​ក្នុង​១​ប្រឡោះ​មាន​តម្លៃ ៦០ ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​លក់​ក្នុង​គម្រោង​ពាណិជ្ជកម្ម​នេះ​បាន​លក់ដាច់​គ្មាន​សល់​ក្នុង​រយៈពេល​ត្រឹមតែ ៣ ខែ​ប៉ុណ្ណោះ​។ អ្នកគាំទ្រ​ថ្មី​ៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​របស់​ក្លិប រួម​មាន​ទាំង​រោងចក្រ​ផលិត​ស្រា​ទំពាំងបាយជូរ និង​ហាង​លក់​សត្វ​ចិញ្ចឹម​នៅ​ក្បែរ​នោះ ដែល​សុទ្ធសឹងតែ​ចង់​ជួយ​ជ្រោមជ្រែង​ក្លិប​ដែល​កំពុង​ជួប​វិបត្តិ​នេះ​ឱ្យ​រស់​ឡើង​វិញ​។

ទោះបីជា​ទទួល​បាន​ចំណូល​រយៈពេល​ខ្លី និង​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជុំវិញ​ឯកសណ្ឋាន​របស់​ពួក​គេ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្តី ក៏​ក្រុម​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ពានរង្វាន់ Copa Perú កាលពី​ចុង​ស​ប្តា​ហ៍​មុន​បាត់​ទៅ​ហើយ ហើយ​នេះ​ក៏​ជា​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​បំផុត ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​ឡើង​វិញ​៕