អត្តពលិក៦៥០០នាក់ចូលរួមរត់ម៉ារ៉ាតុងចក្រភពអង្គរលើកទី១១
- សៀមរាប
ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១១ បានធ្វើឡើងជាផ្លូវការ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមសរុបចំនួន ៦៥០០នាក់ កើនឡើង ២៥% បើធៀបកាលពីឆ្នាំមុន។
នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រ ដោយលោកបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ មកកាន់ព្រឹត្តិការណ៍ម៉ារ៉ាតុងលើទឹកដីអង្គរបេតិភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា ឆ្នាំនេះ គណៈកម្មការរៀបចំទទួលបានអ្នកចូលរួមរត់ប្រណាំងសរុប៦៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកខ្មែរចំនួន៥៤៥០នាក់ និងអន្តរជាតិចំនួន ១០៥០នាក់មកពី៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេរួមមានចិន, ជប៉ុន និងចក្រភពអង់គ្លេស ដែលចូលរួមរត់លើ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
កំណើនអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងថា កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង NOCC ជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា ព្រមទាំងវត្តមានឯកឧត្តមហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបផងដែរ។
ជាមួយកំណើននេះ បានបង្ហាញឲ្យឃើញពីការជឿជាក់យ៉ាងមុតមាំរបស់អត្តពលិកជាតិ-អន្ដរជាតិ ចំពោះស្ថេរភាព និងសន្ដិភាពនៅកម្ពុជាដែលធានាបាននូវភាពកក់ក្ដៅ និងការស្វាគមន៍ភ្ញៀវបរទេសមកពីគ្រប់ទិសទី ពិសេសក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ដែលជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ដ្បិតរយៈពេលប៉ុន្មានថ្ងៃអំឡុងព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ កម្ពុជាអាចទទួលបានចំណូលប្រមាណកន្លះលានដុល្លារ ៕






ចែករំលែកព័តមាននេះ