ប្រទេសតួកគីយ៉េ ៖ បន្ទាប់ពីបញ្ចប់ការចុះហត្ថលេខាលើកុងត្រារយៈពេល២ឆ្នាំ ចូលរួមជាមួយក្លិប Trabzonspor នៅលីគកំពូលប្រទេសតួកគីយ៉េ (Süper Lig) និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់ជាមួយការដុតកាំជ្រួច និងបរិយាកាសដ៏គគ្រឹកគគ្រេងជាច្រើនផ្សេងទៀតរួចមក កីឡាករបាល់ទាត់ឆ្នើម Mohamed Salah កាលពីថ្មីនេះ ក៏បានចូលរួមថតរូបផ្សព្វផ្សាយពាណិជ្ជកម្មមួយជាមួយនឹងអភិបាលស្រុកអារ៉ាគ្លី (Araklı) នៃខេត្តត្រាបហ្សុន (Trabzon) គឺលោក Huseyin Avni Coskun Cebi ផងដែរ។
នៅក្នុងឱកាសនោះហើយ ដែលខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិអេហ្ស៊ីបវ័យ៣៤ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ ជាមួយទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលទទួលបានកាដូដ៏ពិសេសបំផុតពីអាជ្ញាធរមូលដ្ឋាន។ នៅអំឡុងពេលនោះ លោកអភិបាលស្រុកបានបង្វែរប្រធានបទភ្លាមៗដោយមិននឹកស្មានដល់ទៅជជែកពីការប្រែប្រួលអាកាសធាតុទៅវិញ ដោយលោកលើកឡើងពីការកើនឡើងកម្តៅសកលកំពុងគំរាមកំហែងដល់តំបន់ជាច្រើនក្នុងពិភពលោក រួមទាំងប្រទេសអេហ្ស៊ីបផងដែរ។ លោកបានប្រាប់ Salah ដូច្នេះថា «ថ្ងៃអនាគត ការរស់នៅក្នុងប្រទេសអេហ្ស៊ីបអំឡុងរដូវក្តៅនឹងក្លាយជាការលំបាក។ ចំណែកឯតំបន់របស់យើងវិញ នឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងរងផលប៉ះពាល់តិចតួចបំផុតពីការប្រែប្រួលអាកាសធាតុ»។
អ្វីដែលធ្វើឱ្យអតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool រូបនេះកាន់តែស្រឡាំងកាំងថែមទៀតនោះ គឺកាដូដែលទទួលបានភ្លាមៗបន្ទាប់ពីនោះ ដោយលោកអភិបាលស្រុកបានផ្តល់កាដូដល់ Salah ជាដី១ឡូត៍ក្នុងតំបន់នោះ ដោយបញ្ជាក់ថាជាកន្លែងដ៏អស្ចារ្យមួយសម្រាប់កូនៗ និងចៅៗរបស់ Salah ដែលមិនបារម្ភរឿងបញ្ហាខ្វះខាតទឹក និងរងផលប៉ះពាល់តិចតួចពីការប្រែប្រួលអាកាសធាតុ។
រូប និងវីដេអូដែល Salah អង្អែលពុកចង្ការម្តងហើយម្តងទៀត ជាមួយការបង្ហាញទឹកមុខស្រឡាំងកាំងបានផ្ទុះឡើងនៅលើបណ្តាញសង្គម។ គ្រប់គ្នាជាច្រើនជឿថា ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីបរូបនេះ មិនបានត្រៀមខ្លួនទុកជាមុនថាការថតរូបផ្សាយពាណិជ្ជកម្ម នឹងប្រែទៅជាការសន្ទនាពីការប្រែប្រួលអាកាសធាតុ រួមជាមួយកាដូដ៏ប្លែកខុសពីធម្មតាបែបនេះឡើយ។
ដី១ឡូត៍នោះត្រូវបានប្រគល់ជូន រួមជាមួយកិច្ចសន្យាដ៏ចំណេញកប់ក្តោងដែល Salah ទើបតែបានចុះហត្ថលេខាជាមួយក្លិប Trabzonspor កាលពីថ្ងៃទី៦ ខែសីហា កន្លងទៅថ្មីៗនេះ។ យោងតាមសារព័ត៌មាន Sports Illustrated បានឱ្យដឹងថា Salah បានក្លាយជាកីឡាករទទួលបានថ្លៃពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលតួកគីយ៉េ ពោលរហូតដល់ ១៧ លានអឺរ៉ូ (១៩,៦ លានដុល្លារអាមេរិក) ដោយក្នុងនោះរួមមានប្រាក់ប្រចាំឆ្នាំគោល ១០ លានអឺរ៉ូ និងប្រាក់រង្វាន់ប្រចាំឆ្នាំ ៧ លានអឺរ៉ូ ខណៈការលើកទឹកចិត្តបន្ថែមមួយចំនួនទៀតអាចធ្វើឱ្យប្រាក់ចំណូលកើនឡើងកាន់តែខ្ពស់ជាងនេះ៕




ចែករំលែកព័តមាននេះ