តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ឪពុករបស់កីឡាករ Neymar នឹងទៅជួបជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិបសេះបង្កង់ ដើម្បីពិភាក្សាពីការចុះកុងត្រាសម្រាប់រដូវកាលក្រោយ។
យោងតាម CalcioMercato បានឱ្យដឹងថា Neymar Sr ដែលជាឪពុក បានធ្វើដំណើរជុំវិញអឺរ៉ុប ដើម្បីនិយាយជាមួយនឹងក្លិបណាដែលមានបំណងទិញយកកូនរបស់ខ្លួន។ នៅពេលនេះ លោកត្រូវនឹងទៅជាមួយនឹងលោក Fabio Paratici ដែលជានាយកខាងផ្នែកកីឡាករនៅ Juventus នៅទីក្រុង Turin ប្រទេសអ៊ីតាលី ។
ពួកគេទាំងពីរនាក់ នឹងធ្វើការពិភាក្សាពីការទិញយក Neymar អាយុ២៧ឆ្នាំ ដើម្បីយកទៅលេងបូកជើងគ្នាជាមួយនឹង Cristiano Ronaldo អាយុ៣៤ឆ្នាំ ។ ដោយឡែក កីឡាករ Neymar ធ្លាប់បានប្រាប់យ៉ាងជាក់ច្បាស់ហើយថា ចង់ទៅលេងនៅ Barcelona ដូចកាលគ្រាដើម ។ តែខាង Barca មិនមានលុយគ្រប់គ្រាន់ក្នុងការទិញយក ព្រោះតែបានជះលុយ១០៨លានផោនទៅលើកីឡាករ Antoine Griezmann បាត់ទៅហើយ ។
តាមប្រភពបែកធ្លាយបានឱ្យដឹងថា ពេលនេះ Barcelona កំពុងធ្លាក់ក្នុងបំណុល ៨០០លានផោន ដែលធ្វើឱ្យគម្រោងទិញ Neymar ត្រូវស្ថិតក្នុងភាពមិនច្បាស់លាស់ ។
ដោយទឹកចិត្តជាឪពុក លោក Neymar Sr. បានដើររកអ្នកជំនួស Barca ដែលក្នុងនោះមាន Manchester United និង Juventus ដើម្បីរកអនាគតល្អដល់កូនប្រុស ។ អ្វីដែលឃើញថា ល្អនោះគឺថា PSG ក៏កំពុងតែចង់លក់ Neymar ក្នុងតម្លៃឡៃឡុងដែរ ស្របពេលជាមួយនឹង Juventus ក៏មិនក្រដែរ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ