ខេត្តបាត់ដំបង ៖ រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ មានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ៥៧ (ផ្លូវជាតិលេខ១០ចាស់) ឆ្ពោះទៅខេត្តប៉ៃលិនដែលមានកម្ពស់១០០ម៉ែត្រ ហើយមានផ្លូវឡើងទៅលើភ្នំចំនួន២ផ្លូវបេតុងជាផ្លូវឡាន និងម៉ូតូអាចឡើងទៅបានជាងពាក់កណ្តាល (៨០%) និងផ្លូវជណ្តើរថ្មដែលមានចំនួន១០៣០កាំ ទៅដល់វត្តនៅលើភ្នំសំពៅនោះព្រមទាំងមានផ្លូវបែកទៅល្អាងជាច្រើន ដែលត្រូវចូលលេងកម្សាន្តមានដូចជា ល្អាងតូចធំចំនួន១២ គឺ ១- ល្អាងផ្កាស្លា ២- ល្អាងគក់ទ្រូង ៣-ល្អាងខ្យល់ ៤- ល្អាងតែងខ្លួន ៥-ល្អាងល្ខោន ៦-ល្អាងជ្រៃ ៧-ល្អាងពេជ្រ ៨-ល្អាងខ្វែង ៩-ល្អាងប្រេង ១០-ល្អាងស្ថានីយ ឬល្អាងធំ ១១-ល្អាងប្រជៀវ និង១២- ល្អាងក្បាលខ្មោច ។

ភាគច្រើនមនុស្សគ្រប់គ្នាចូលចិត្តទៅកម្សាន្តនៅល្អាងផ្កាស្លា ព្រោះមានខ្យល់ត្រជាក់ចេញពីក្នុងមក និងមានរូបផ្កាស្លាអំពីថ្ម និងផ្សេងៗទៀតតំណាងគ្រឿងបណ្ណាការ ឯចំណែកល្អាងគក់ទ្រូងមានព្រះអង្គខ្មៅ១អង្គ សម្រាប់អុជធូបបូជា ហើយកន្លែងសម្រាប់ឈរគក់ទ្រូងបន់ស្រន់ចេញទៅ រួចគក់ទ្រូងតែសម្លេងគក់ទ្រូងនោះបានឮចូលទៅក្នុងល្អាងនោះរួចហើយ សម្លេងនោះក៏ត្រឡប់មកវិញ ដោយឲ្យយើងបានស្តាប់បានជាច្រើនដងជាប់ៗគ្នា ចំណែកល្អាងល្ខោនមានទីធ្លាសម្រាម់លេងល្ខោនត្រៀមទៅចូលរួមរៀបអភិសេកមង្គលការព្រះរាជកុលនោះ មានព្រះពុទ្ធរូបធំ១អង្គបណ្តោយប្រវែង១២ម៉ែត្រ ទទឹង៣ម៉ែត្រ កសាងឡើងដោយសប្បុរសជន ព្រោះក្នុងពេលសម័យប៉ុល ពត បានធ្វើជាកន្លែងសម្លាប់មនុស្ស ។

ចំណែកល្អាងខ្យល់ជាកន្លែងបែបន់ និងមានដើមស្វាយ១ដើម តំណាងតាមរឿងព្រេងពីអតីតកាល បើមានអ្នកណាបានចូលមកដល់កន្លែងនេះ ហើយអាចទទួលបានផ្លែស្វាយមកទទួលទាន គឺអ្នកនោះមានជីវិតអមតៈ និងមានវ័យពីចាស់ប្រែមកជាក្មេងវិញ ចំពោះល្អាងជ្រៃ និងផ្សេងៗទៀតដែលមិនអាចធ្វើដំណើរចូលបានទៅស្រួលនោះក៏បានក្លាយជាសំបុកសត្វប្រជៀវរស់នៅរាប់សិបឆ្នាំបន្តគ្នារហូតមកទល់ថ្ងៃនេះ។

ដោយនៅខាងលិចតួភ្នំសំពៅមានភ្នំជាច្រើននៅជិតៗនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ទ្រុងទា និងភ្នំរំសាយសក់ជាដើមដែលបានបន្សល់ទុកមកវាសមស្របទៅតាមរឿងព្រេងពីបុរាណមកដែលមានតំណាលដូចតទៅ ៖ មានព្រះមហាក្សត្យ១អង្គព្រះនាម«រាជកុល» សោយរាជ្យនៅព្រះរាជាណាចក្រកម្ពុជាតាំងពីព្រះរាជវាំងនៅលើភ្នំដងរែកព្រះបាទរាជកុល ទ្រង់សព្វព្រះហទ័យ ស៊ើបស្វែងរកមហេសីដែលមានពូជពង្សរាជវង្សស័ក្តិសម ដើម្បីរៀបអភិសេកជាមួយព្រះអង្គ ។ យូរបន្តិចមកឮដំណឹងថាស្រុក «ចាន់បុរី» មានស្តេចព្រះ១អង្គមានរាជបុត្រី១អង្គ គឺនាង «រំសាយសក់» ព្រោះព្រះនាងមានសក់ទិព្វចង់បានអ្វីក៏បានដូចព្រះទ័យ គឺព្រះនាងគ្រាន់តែច្បូតព្រះកេសីទៅទឹកសមុទ្រខះកា្លយជាដីគោកក៏បានចង់អោយដីគោកក្លាយទឹកសមុទ្រវិញក៏បាន ព្រះរាជបិតាព្រះមាតានៃព្រះបាទរាជកុលទ្រង់ឲ្យអាមាត មន្ត្រី សេនានាំសួយសារអាករទៅថ្វាយស្តេចក្រុងចាន់បូរី ដើម្បីដណ្តឹងនាងតាមប្រពៃណី ស្តេចក្រុងចាន់បុរី ទ្រង់ក៏ពុំយល់ទាស់ឡើយ ទ្រង់តបព្រះរាជ្យសារមកព្រះបិតាមាតាព្រះបាទរាជកុលថា «បើទ្រង់សព្វព្រះរាជហរទ័យ សូមទ្រង់លើកបណ្ណាការមកចុះ» សេនាបានទទួលព្រះរាជអង្គការយល់ព្រមហើយក្រាបបង្គំលាត្រឡប់មកទូលព្រះរាជបិតាព្រះមាតាព្រះរាជកុលវិញសពគ្រប់តាមដំណើររឿង ។

ព្រះបាទរាជកុលទ្រង់សន្តាប់ ដូច្នោះក៏មានព្រះទ័យសោមនស្សពន់ពេក ទើបទ្រង់ត្រាស់បង្គាប់រៀបចំគ្រឿងបណ្ណាការ ច្រើនសន្ធឹកសន្ធាប់ ទុកក្នុងសំពៅ ដើម្បីធ្វើព្រះរាជដំណើរទៅកាន់ក្រុងចាន់បុរីរៀបមង្គលការ ។ ចំណែកនាងសុវណ្ណឧស្សា (មហេសីដើម មិនមែនជាក្សត្រ) បានឮដំណឹងនេះហើយក៏មានចិត្តក្ដុកក្ដួល និងយំខ្សឹកខ្សួលកើតចិត្តក្តៅក្រហាយខ្លាំងណាស់ ទើបប្រើក្រពើអោយទៅតាមដល់សំពៅនោះ ដើម្បីរាំងដំណើរកុំអោយព្រះបាទរាជកុលទៅជួបនាងរំសាយសក់ ហើយនាំព្រះអង្គមកជួបនាងវិញ ។

ក្រពើអាធននោះក៏ប្រើបានដូចចិត្តទៀត ហើយស្រលាញ់នាងសុវណ្ណឧស្សាទុកដូចជា ម្ដាយវាបោះពួយលឿនដូចព្រួញលុះជិតទៅដល់សំពៅ ព្រះអង្គក្រឡេកឃើញអាធនក៏មានព្រះបន្ទូលថា «នែ អាធនឯងកុំធ្វើផ្តេសផ្តាស់ណា» អាធនក៏ឆ្លើយតបវិញថា «ស៊ីបាយអ្នកណាយកអាសាអ្នកនោះ» ពួកពលសេនាឃើញក្រពើធំសំបើមក៏ស្រែកឆោឡោផ្អើលពេញសំពៅខ្លះបោះត្រឡាច ល្ពៅ ព្រមទាំង មាន់ទាទាំងទ្រុងៗក្នុងសំពៅទាំងអស់បោះអោយវាស៊ី ដើម្បីអោយវាចេញឆ្ងាយពីសំពៅ តែអាធនវាមិនស៊ីរបស់ទាំងនោះទេ ហើយវានៅពីក្រោមបាតសំពៅ ដើម្បីទាមទារអោយព្រះអង្គរាជកុលទៅជាមួយវា ព្រះរាជកុលបួងសួងសូមឲ្យទេវតាជួយផុតពីគ្រោះថ្នាក់ដោយបុណ្យបារមីនៃសេចក្តីបួងសួងក៏ព្រះអធិរាជទៅប្រាប់នាងរំសាយសក់ភ្លាម ។

ព្រះនាងរំសាយសក់ពេលបានដឹងឮថា មានក្រពើនៅពីក្រោមបាតសំពៅមិនព្រមឲ្យរាជកុលមករៀបការជាមួយព្រះនាងក៏ច្បូតព្រះកេសីអោយទឹកសមុទ្ររាំងស្ងួតក្លាយជាដី ក្រពើកកប់ក្នុងដីនោះមុន និងស្លាប់ក្រពើនោះគោះកន្ទុយផង ដកដង្ហើមធំផង រមួលខ្លួនត្រឡប់ត្រលិន ត្រង់ខ្លួនក្រពើនោះគោះកន្ទុយត្រង់ច្រមុះក្លាយជាបឹង២មកដល់សព្វថ្ងៃនេះហៅថា «បឹងកន្ទុយក្រពើ» និង «បឹងច្រមុះក្រពើ» ។

ឯសំពៅនោះក៏កើតជាភ្នំធំ១ មានរាងជាសំពៅសុទ្ធសាធហៅថា «ភ្នំសំពៅ» តែឃ្លាតគ្នាបន្តិច ព្រោះរលកបក់ខ្លាំងណាស់ ក្តោងសំពៅបាក់លិចទៅក្នុងទឹកក៏កើតជាភ្នំ១ហៅថា «ភ្នំក្តោងសំពៅ» ទល់សព្វថ្ងៃ ទ្រុងមាន់ ទ្រុងទា ដែលពលសេនាបោះអោយក្រពើស៊ីក៏ក្លាយជា «ភ្នំទ្រុងមាន់ ទ្រង់ទា» ដរាបដល់សព្វថ្ងៃ ។ លុះសមុទ្រក្លាយជាដី ហើយព្រះរាជកុលបានបញ្ជាអោយពួកសេនាជញ្ជូនគ្រឿងប្រដាប់ប្រដារទៅកាន់ក្រុងចាន់បុរី ដើម្បីរៀបអភិសេកតាមប្រពៃណី ។
ត្រង់កន្លែងនាងរំសាយសក់ច្បូតសក់នោះក្លាយជាភ្នំ១ នៅខាងត្បូងភ្នំសំពៅហៅថា «ភ្នំរំសាយសក់» លុះរៀបអភិសេករួចហើយព្រះបាទរាជកុលលើកនាងរំសាយសក់ជាអគ្គមហេសី ព្រមទាំងពលសេនាត្រឡប់មកកាន់រាជបុរីវិញព្រះអង្គគងលើដំរី ជាមួយព្រះនាងជាព្រះជាយា មានពលសេនាហែហមអមជាច្រើនមកដល់ពាក់កណ្តាលផ្លូវទ្រង់ក្រឡេកឃើញភ្នំសំពៅ ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំក្រពើ ទ្រង់តូចចិត្ត និងនាងសុវណ្ណឧស្សាជាខ្លាំង ព្រោះ ចិត្តអាក្រក់ដែលបណ្ដាលអាធនទៅសម្លាប់ព្រះអង្គ ព្រោះតែនាង ព្រះអង្គអោយសេនាមកចាប់នាងយកទៅសម្លាប់ចោលពីពេលនោះមក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ