ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ដំ​ដែក​និយាយ​អ្វីខ្លះ​ពីមុខ​របរ​បន្ត​កេរ​របស់​ខ្លួន​នេះ?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​សិប្បកម្ម​ដំ​ដែក​» គឺជា​មុខរបរ​តំណ​ត្រកូល​ដ៏​ចំណាស់​បំផុត​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​មួយ​ចំនួន បាន​និង​កំពុង​បន្ត​កេរដំណែល​នេះ​រហូត​ដល់​សព្វថ្ងៃ ហើយ​ថែម​ទាំង​ទ​ទូល​បាន​ជោគជ័យ​ល្អ​ប្រសើរ​នៅ​លើ​ទីផ្សារ​ទៀត​ផង ។ ប៉ុន្តែ​ហាក់​មានការ​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម…

ខេត្តបាត់ដំបង ៖ «​សិប្បកម្ម​ដំ​ដែក​» គឺជា​មុខរបរ​តំណ​ត្រកូល​ដ៏​ចំណាស់​បំផុត​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​មួយ​ចំនួន បាន​និង​កំពុង​បន្ត​កេរដំណែល​នេះ​រហូត​ដល់​សព្វថ្ងៃ ហើយ​ថែម​ទាំង​ទ​ទូល​បាន​ជោគជ័យ​ល្អ​ប្រសើរ​នៅ​លើ​ទីផ្សារ​ទៀត​ផង ។ ប៉ុន្តែ​ហាក់​មានការ​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​ដែល​កំពុង​ប្រកប​មុខរបរ​សិប្បកម្ម​ដំ​ដែក នៅ​ទីរួមខេត្ត​បាត់ដំបង ។

បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​ជា​ជាង​ដំ​ដែក​ដ៏​ល្បី​ម្នាក់ មា​នទី​តាំងនៅ​ចុងស្ពាន​ថ្ម​ចាស់​ត្រើយ​ខាងកើត ក្នុង​ក្រុង​បាត់ដំបង គឺ​លោក លី យូ​សុះ បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ថា លោក​បាន​ប្រកប​មុខរបរ​ដំ​ដែក​នេះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ ។ មុខរបរ​នេះ​លោក​បន្ត​ដំណែល​ពី​ឪពុក​របស់​លោក ហើយ​ពេល​នេះ​កូនប្រុស​លោក​២​នាក់ ក៏​កំពុង​បន្ត​ចំណេះ​នេះ​ពី​លោក​ផង​ដែរ ។ បុរស​វ័យ​៥៧​ឆ្នាំ រូប​នេះ​បាន​អះអាង​ថា បច្ចុប្បន្ន​«​សិប្បកម្ម​ដំ​ដែក​» របស់​គាត់​មាន​ធ្វើ​សម្ភារ​កសិកម្ម និង​សម្ភារ​ប្រើប្រាស​ក្នុងផ្ទះ​គ្រប់​ប្រភេទ ហើយ​ដាក់​តាំង​លក់​នៅ​នឹង​កន្លែង​រោង​សិប្បកម្ម​ផ្ទាល់​តែ​ម្ដង ។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​ជាមួយនឹង​សម្ភារ​ដូច​គ្នា ដែល​នាំ​ចូល​ពី​បរទេស និង​តម្លៃនៅលើទីផ្សារ​វិញ លោក លី យូ​សុះ បាន​អះអាង​ថា កាំបិត ពូថៅ និង​សម្ភារ​នានា​ដែល​គាត់​ផលិត​ដោយ​ដៃ​នេះ ហាក់​កំពុង​ទ​ទូល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅ​លើ​ទីផ្សារ ។ គាត់​បាន​រៀបរាប់​ជាមួយនឹង​ការ​បង្ហាញ​ពី​គុណភាព និង​ប្រភេទ​ទំនិញ​យ៉ាង​ដូច្នេះ​ថា «​កាំបិត​ដែល​នាំ​ចូល​ពី​បរទេស និង​កាំបិត​ដែល​ខ្ញុំ​ដំ​ដោយ​ដៃ គឺ​មាន​តម្លៃ​ខុស​គ្នា​១​ជា​៣ ហើយ​គុណភាព​នៃ​ការ​ប្រើប្រាស​ក៏​ខុស​គ្នា​ខ្លាំង​ណាស់​ដែរ​» ។

លោក យូ​សុះ បាន​ចង្អុលបង្ហាញ​ជា​ឧទាហរណ៍​ថា «​កាំបិត​ដែល​ខ្ញុំ​ដំ​ដោយ​ដៃ គឺ​ធ្វើ​ពី​ដែកថែបរឹង​មាំ និង​មុត​ខ្លាំង​បំផុត ។ រីឯ​កាំបិត​ដែល​នាំ​ចូល​ពី​បរទេស​សម្បុរ​សមាន​រាង​ស្អាត​មុត​ល្អ​ដូច​គ្នា តែ​មិន​រឹង​មាំ​ទេ ។ គាត់​ថា​កាំបិតប៉័ងតោ​១ ខ្ញុំ​លក់​តម្លៃ​៤៥,០០០​រៀល តែ​កាំបិត​នាំ​ចូល​ពី​បរទេស​រាង​ដូច​គ្នា​ដែរ គឺ​លក់​បាន​ត្រឹមតែ​១៥.០០០​រៀល​ទៅ​២០.០០០​រៀល​ប៉ុណ្ណោះ​» ។

ជាមួយនឹង​ភាព​ជោគជ័យ​នេះ លោក​លី យូ​សុះ បាន​អះអាង​ថា បើ​តាម​ការ​ពិនិត្យ​លើ​តម្រូវការ​របស់​អតិថិជន គឺ​ពួក​គេ​ហាក់​ពេញ​និយម​ខ្លាំង​បំផុត​នូវ​ការ​ប្រើប្រាស់​សម្ភារ​នានា ដែល​ធ្វើ​ដោយ​ដៃ​នេះ ។ គាត់​បាន​និយាយ​ដូច្នេះ​ថា «​សព្វថ្ងៃ​សម្ភារ​គ្រប់​ប្រភេទ​ដែល​ខ្ញុំ​ផលិត​បាន គឺ​មិន​គ្រប់​តាម​តម្រូវការ​អ​ថិ​ជន​ទេ​។ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​លក់​អស់ពី​៤០​ទៅ​៥០​មុខ​…​ខ្ញុំ​មិន​មាន​បោះ​ដុំ​ឲ្យ​ម៉ូយ​លើកយក​ទៅ​លក់​បន្ត​ទេ ព្រោះ​ខ្ញុំ​គ្មាន​កម្លាំង​កម្មករ​ជួយ​ធ្វើ មាន​តែ​កូនប្រុស​២​នាក់​ប៉ុណ្ណោះ ដែល​កំពុង​បន្តការងារ​នេះ​ពី​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​» ។

ទំនង​មាន​តែ​«​សិប្បកម្ម​ដំ​ដែក​»​របស់​លោក​លី យូ​សុះ តែ​មួយ​គត់ ដែល​មាន​លក្ខណៈ​ធំដុំ​ជាងគេ នៅ​ក្នុង​ខេត្តបាត់ដំបង កំពុង​មមាញឹក​ក្នុង​ពេល​នេះ ។ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នក​ប្រកប​មុខរបរ​ដំ​ដែក​ដូច​ៗ​គ្នា ។ ប៉ុន្តែ​គេ​ឃើញ​នៅ​តាម​រោង​ជាង​ដំ​ដែក​ដទៃ​ទៀត ក៏​កំពុង​មមាញឹក​ខ្លាំង​ណាស់​ដែរ បើ​ទោះជា​ទីតាំង​សិប្បកម្ម​ទាំងនោះ​ហាក់​មាន​លក្ខណៈ​មិនសូវ​ធំដុំ​ក្ដី ។

ជួប​ជាងដែក​ម្នាក់​ទៀត​ក្រោម​ដំបូល​រោង​ស័ង្កសី​តូច​មួយ​ដែល​មាន​ដាក់​តាំង​លក់​កាំបិត ពូថៅ ចប និង​សម្ភារ​ដទៃ​រយីងរយោង​នៅ​ខាង​មុខ​ផង ស្ថិត​នៅ​ត្រើយ​ខាងកើត​ស្ពាន​វត្ត​គរ ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ គេ​ឃើញ​បុរស​ម្នាក់​ពាក់មួក​ក​ន្តិ​ប​កំពុង​អោន​ងើប​ៗ ជាមួយនឹង​សំឡេង​ញ​ញូ​រ​ដំ​ដែក​លាន់​ទ្រហឹង ។ គាត់​ឈ្មោះ ស្មាន ហៀ​ត ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ហើយ​គាត់​ក៏​ជា​ជាង​ដំ​ដែក​យ៉ាង​ជំនាញ​មួយ​រូប​ដែរ ។ គាត់​បាន​ផ្ដល់​ចម្លើយ​ដំបូង​បំផុត​ថា «​សម្ភារ​ខ្ញុំ​មាន​មិន​ច្រើន​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ម្នាក់ឯង​គ្មាន​កម្មករ​ជួយ​ទេ តែ​ខ្ញុំ​លក់ដាច់​គួរសម​ដែរ​» ។

ស្ថិត​ក្នុង​វ័យ​៣៩​ឆ្នាំ លោក ស្មាន ហៀ​ត កំពុង​លើក​ញ​ញូ​រ​ដំ​កាំបិត​បណ្ដើរ និយាយ​បណ្ដើរ​ថា «​ពី​មុន​ខ្ញុំ​មាន​គ្នា​២​នាក់ ដើម្បី​ធ្វើ​ការងារ​នេះ​តែ​ឥឡូវ​នៅ​តែ​ម្នាក់ឯង​រក​អ្នក​ជួយ​មិន​បាន​ទេ ។ ខ្ញុំ​ហត់​ណាស់​ព្រោះ​ធ្វើ​ម្នាក់ឯង​…​។ អតិថិជន​ខ្លះមក​កុម្ម៉ង់​ឲ្យ​ធ្វើ​កាំបិត ពូថៅ ឬ​ឧបករណ៍​ផ្សេង​ៗ តែ​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​មិន​ទាន់​តាម​តម្រូវការ​ទេ​» ។ គាត់​និយាយ​ទៀត​ថា សព្វថ្ងៃ​គាត់​មាន​រោង​សិប្បកម្ម​ដំ​ដែក​នេះ​ចំនួន​២​កន្លែង គឺ​១​កន្លែង​នៅ​ជិត​ពេទ្យ​យាយជី​ក្នុង​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ដែល​ឪពុក​គាត់​ជា​អ្នកគ្រប់គ្រង ។ រីឯ​១​កន្លែង​ទៀត នៅ​ជិត​ក្បាលស្ពាន​វត្ត​គរ ត្រើយ​ខាងកើត ក្នុងស្រុក​សង្កែ ដែល​គាត់​កំពុង​ធ្វើ​សព្វថ្ងៃ ។

យើង​បាន​បញ្ចប់​កិច្ច​សម្ភាស​ជាមួយ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​២​រូប ដែល​បាន​បរិយាយ​ដោយ​សង្ខេប អំពី​មុខរបរ​ដំណរ​ត្រកូល​(​ដំ​ដែក​)​ជាង​៣០​ឆ្នាំ​របស់​គាត់​កន្លង​ទៅ​នេះ ហើយ​យើង​ងាក​មក​ជួប​សន្ទនា​ជាមួយ​ជាង​ដំ​ដែក​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​មួយ​រូប​ទៀត ដែល​ជា​ជនជាតិ​ខ្មែរ​វិញ​ម្ដង នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ តើ​គាត់​ខ្លាំង​ប៉ុនណា ជាមួយនឹង​រហ័ស​នាម​«​ជាង​ផា​ន​» ។

អ្នក​ភូមិ​ឬ​អតិថិជន​ភាគច្រើន បាន​ស្គាល់ឈ្មោះ​ជាងដែក​ម្នាក់​នេះ តាម​រយៈ​រហស្សនាម​ដែល​គាត់​ឆ្លាក់​នៅ​លើ​កាំបិត ពូថៅ ឬ សម្ភារ​ផ្សេង​ៗ​ថា «​ជាង​ផា​ន​» តែ​ឈ្មោះ​ពិត​របស់​គាត់​គឺ យ៉ា​ន ផា​ន ។ ឆ្នាំ​នេះ​គាត់​មាន​អាយុ​៥៧​ឆ្នាំ​ហើយ តែ​គាត់​នៅ​មាន​កម្លាំង​រឹង​មាំ​អាច​លើក​ញ​ញូ​រ​ទម្ងន់​៥​គីឡូក្រាម​ដំ​ដែក​ធ្វើ​ជា​សម្ភារ​ផ្សេង​ៗ​បាន​យ៉ាង​ផុយ ។

គាត់​ពាក់​វែ​នតា​កញ្ចក់​ស ទំនងជា​ពាក់​សម្រាប់​ជំនួយ​ភ្នែក ពិតមែនតែ​គាត់​ជា​ជាង​ដំ​ដែក តែ​មិនសូវ​មាន​សាច់ដុំ​ទេ ។ ជាមួយនឹង​ដៃ​សំលៀងកាំបិត គាត់​ឆ្លៀត​ងាក​មក​និយាយ​បែប​កំប្លែង​បន្តិច​ថា «​ខ្ញុំ​ប្រកបរ​បរដំ​ដែក​នេះ​ជាង​២០​ឆ្នាំ​ហើយ គឺ​ចេះ​តំណរ​ពី​ឪពុក​ខ្ញុំ តែ​ខ្ញុំ​មិន​ឡើងសាច់​ដុំ​ដូច​គេ​សោះ​» ។ គាត់​និយាយ​ថា គាត់​មិន​មានកាំបិត ពូថៅ ឬ​សម្ភារ​ផ្សេង​ៗ​ដាក់​តាំង​លក់​ច្រើន​ស្អេកស្កះ​ដូច​គេ​ទេ ព្រោះ​ម្នាក់ឯង​ធ្វើ​លក់​ឲ្យ​អតិថិជន​មិន​ទាន់ ។

ត្រង់​ចំណុច​នេះ ជាង​ផា​ន ហាក់​លើក​ពី​ស្នាដៃ​ខ្លួន​បន្តិច​ថា «​កាំបិត ពូថៅ ដែល​ខ្ញុំ​ធ្វើ​គឺ​មានគុណ​ភាពល្អ រឹង​មាំ មាន​អតិថិជន​ច្រើន​ដែល​កុម្ម៉ង់​ទិញ​យក​ទៅ​ប្រើប្រាស គេ​បាន​ស្គាល់​ខ្ញុំ​តាម​រយៈ​កាំបិត ពូថៅ ឬ សម្ភារ​ផ្សេង​ៗ ដែល​មាន​ឆ្លាក់​ឈ្មោះ​ខ្ញុំ (​ជាង​ផា​ន​) ។ គាត់​ថា​សព្វថ្ងៃ​មាន​ឈ្មូ​ញ​កណ្ដាល​ជា​ច្រើន​បាន​កុម្ម៉ង់​ទិញ​យក​ទៅ​លក់​បន្ត តែ​ខ្ញុំ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ធ្វើ​ឲ្យ​គេ​ទេ​» ។

លោក យ៉ា​ន ផា​ន ហាក់​បាន​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​និង​លោក​លី យូ​សុះ ដែល​មាន​ប្រវត្តិ​ជាងដែក​ជើង​ចាស់​ដូច​គ្នា បាន​លើក​ឡើង​អំពី​ចំនួន នៃ​ជាង​ដំ​ដែក​នេះ​ថា បើ​តាម​ការ​កត់សម្គាល់​តាំងពី​ដើម​មក នៅ​ខេត្តបាត់ដំបង មាន​ជាង​ដំ​ដែក​ច្រើន​គួរសម​ដែរ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ពួក​គេ​បាន​បោះបង់​ចោល តែ​អាច​នៅ​សល់​យ៉ាងច្រើន​ជាង​១០​កន្លែង​ប៉ុណ្ណោះ ។ ប៉ុន្តែ​មុខរបរ​ដំណរ​ត្រកូល​នេះ នៅ​តែ​មានការ​គាំទ្រ​ខ្លាំង​នៅ​លើ​ទីផ្សារ តែ​វា​ក៏​កំពុង​ប្រឈម​ខ្លាំង​ផង​ដែរ​ទៅ​នឹង​ការ​ខ្វះខាត​កម្លាំង​ធ្វើ​ការងារ​នេះ ។

បច្ចុប្បន្ន​នេះ​នៅ​តាម​បណ្ដា​ទីតាំង​«​សិប្បកម្ម​ដំ​ដែក​»​នីមួយ​ៗ គេ​សង្កេត​ឃើញ​មិន​ត្រិ​ម​តែ​ជាទី​កន្លែង​សម្រាប់​ផលិត​កាំបិត ពូថៅ ឬ សម្ភារ​ផ្សេង​ៗ លក់ដូរ​បែប​បុរាណ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ជាទីតាំង​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ទាំងនោះ​កំពុងធ្វើការ​អភិរក្ស​យ៉ាង​ពេញលេញ​ដោយ​មិនដឹង​ខ្លួន នូវ​មុខរបរ​តំណរ​ពី​ដូនតា​នេះ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​កំពុង​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ទៀត​ផង ។ អ្នក​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​និយាយ​ថា សព្វថ្ងៃ​មាន​ភ្ញៀវ​បរទេស​ខ្លះ ចង់​ស្គាល់​និង​ចង់​ឃើញ​អំពី​ការ​ផលិត​កាំបិត ពូថៅ ឬ​សម្ភារ​ដទៃ​ទៀត ដោយ​ដៃ​និង​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​តំបន់ ។

អ្នក​នាំ​ភ្ញៀវ​រូប​នេះ បាន​បញ្ជាក់​ថា មូលហេតុ នៃ​ការ​ចង់​ដឹង​ចង់​ឃើញ​របស់​ភ្ញៀវ​បរទេស​ទាំងនោះ ដោយ​សារ​តែ​សព្វថ្ងៃ​ប្រទេស​គេ​ជឿនលឿន ហើយ​គ្មាន​ការ​ផលិត​សម្ភារ​បែប​នេះ​ទេ ។ ដូច្នេះ​ហើយ ទើប​ពេល​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា ពួក​គេ​ចង់​ឃើញ​ទីតាំង​សិប្បកម្ម​ដំ​ដែក​បែប​បុរាណ​នេះ​ដោយ​ផ្ទាល់ ។

ជាមួយ​គ្នា​នេះ​ដែរ ជាង​ជើង​ចាស់​ដ៏​ល្បីឈ្មោះ លោក​យ៉ា​ន ផា​ន ក៏​បាន​បញ្ជាក់​អំពី​ការ​ចាប់អារម្មណ៍​របស់​ភ្ញៀវ​បរទេស​នេះ​ដែរ​ថា «​កន្លង​ទៅ​នេះ​មាន​ភ្ញៀវ​ជនជាតិ​អូស្ត្រាលី​ម្នាក់ ធ្លាប់​បាន​មក​ចរចា​សុំ​ទិញ​សម្ភារ​ដំ​ដែក​របស់ខ្ញុំ យក​ទៅ​ស្រុក​គាត់​ដើម្បី​ទុក​ដំ​ដែក​ធ្វើ​ក្រចកសេះ បែប​ទំនង​ជនបរទេស​រូប​នេះ​មាន​ចិញ្ចឹម​សេះ​ច្រើន​ទើប​ចង់​ទិញ សម្ភារ​ខ្ញុំ​ទាំង​សំណុំ​បែប​នេះ តែ​ខ្ញុំ​មិន​បាន​លក់​ឲ្យ​ទេ​» ។

គាត់​បញ្ជាក់​ថា សព្វថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ណាស់​បាន​មក​មើល​គាត់​ដំ​ដែក ថែម​ទាំង​បាន​ថតរូប​ជា​អនុស្សាវរីយ៍​ទៀត​ផង ។ ដូច្នេះ ​មុខរបរ​ដំ​ដែក​ដែល​បាន​ចែករំលែក​ពី​ដូនតា​នេះ នៅ​តែ​មាន​តម្លៃ​ទាំង​នៅ​លើ​ទីផ្សារ ទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ នៅឡើយ​មិន​សាបសូន្យ​ទេ ៕ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ