ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ឆ្នាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបណ្ដុះបណ្ដាលមន្ត្រី ២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ឆ្នាំ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ឆ្នាំ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​មាន​ក្នុង​នោះ​ក៏​មាន​ការងារ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ទទួល​ដោះស្រាយ​បណ្ដឹង​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែតុលា​នេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ ឯក​បណ្ឌិត តុ​ប នេ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានឱ្យ​ដឹង​ថា សម្រាប់​វគ្គ​បណ្ដុះបណ្ដាល និង​សិក្ខាសាលា​នានា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​រៀបចំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ចំនួន​៥០​លើក មាន​សិក្ខាកាម​ចូលរួម​ចំនួន​២០.០៣៧​នាក់ ក្នុង​នោះ​មាន​វគ្គ​បណ្ដុះបណ្ដាល​ផ្ទៃក្នុង​អគ្គនាយកដ្ឋាន មាន​ចំនួន​១៣​វគ្គ មាន​សិក្ខាកាម​ចូលរួម​៧៦៣​នាក់ និង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី ក្រមសីលធម៌​វិជ្ជាជីវៈ​នៃ​មន្ត្រី​ផ្ដល់​សេវា​ចំនួន​៦​វគ្គ ។

វគ្គ​បណ្ដុះបណ្ដាល​ទាំងនោះ បើ​តាម​ឯកឧត្តម​អគ្គនាយក គឺ​ផ្តោត​លើ​គោលបំណង ៣​សំខាន់​ៗ ទី​១.​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​ដល់​មន្ត្រី​ផ្ដល់​សេវា ទី​២.​ពង្រឹងសមត្ថភាព​មន្ត្រី​ទាំង​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស​លើ​ការងារ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​ការ​ចុះបញ្ជី​ស្នាក់​នៅ និង​ទី​៣.​លើកកម្ពស់​គុណភាព​សេវា​ដល់​ប្រជាពលរដ្ឋ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​ពង្រឹង​ធនធានមនុស្ស និង​គុណភាព​នៃ​សេវា​សាធារណៈ​។

ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ ក្រុមការងារ​ប្រចាំការ​សេវាកម្ម​អត្តសញ្ញាណ​កម្ម និង​ប្រតិកម្ម​រហ័ស នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក៏​បាន​សកម្ម​បំពេញភារកិច្ច​ឆ្លើយ​តប និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ បានជា​ច្រើន​រយ​ករណី តាម​រយៈ​ការ​ឆ្លើយ​តប​តាម​ប្រព័ន្ធ Hotline ១២៧១ កម្មវិធី​GDI eServices( Mobile App) គណនី Facebook អគ្គនាយកដ្ឋាន​សញ្ញាណ​កម្ម និង​ប្រអប់​សំបុត្រ​១៣​ទីតាំង ។
ជា​លទ្ធផល ចាប់ពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ទាញ​យក​កម្មវិធី GDI eServices ២៦៧.៩៦៧​នាក់ ខណៈ​មន្ត្រី​បាន​ឆ្លើយ​តប​សំណូមពរ​៥៨.២៧៣​ករណី និង​បាន​ដោះស្រាយ​បណ្ដឹង​៩៥៣​ករណី​ផង​ដែរ ។

សូម​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មាន​រចនាសម្ព័ន្ធ​ចំនួន​៧ រួម​មាន ១.​នាយកដ្ឋាន​រដ្ឋបាល​សរុប ២.​នាយកដ្ឋាន​អត្រានុកូលដ្ឋាន ៣.​នាយកដ្ឋាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ៤.​នាយកដ្ឋាន​លិខិតឆ្លងដែន ៥.​នាយកដ្ឋាន​សញ្ជាតិ ៦.​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ និង​៧.​នាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ