ប៊ែលហ្ស៊ិក ៖ បុរសជនជាតិបែលហ្ស៊ិកម្នាក់បានអង្គុយនៅលើចានបង្គន់អស់រយៈពេលជិតប្រាំថ្ងៃ ក្នុងគោលបំណងដើម្បីបំបែកកំណត់ត្រាពិភពលោក ។
លោក Jimmy De Frenne អាយុ ៤៨ ឆ្នាំ ដែលកំពុងរៀនធ្វើជាអ្នកបើកបរឡានក្រុង បានកំណត់ខ្លួនគាត់ ឱ្យអង្គុយនៅលើបង្គន់មួយក្នុងរយៈពេល ១៦៥ ម៉ោង នៅកណ្តាលបារ៍ ប៉ុន្តែបានបោះបង់ចោលទៅវិញនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីអង្គុយបាន ១១៦ ម៉ោង។
De Frenne បានប្រាប់ទូរទស្សន៍ Reuters ថា៖ «ការចំអកដល់ខ្លួនឯង គឺជារឿងលេងសើចបំផុត។ ហេតុអ្វីខ្ញុំធ្វើបែបនេះ? ហេតុអ្វីក៏មិនធ្វើ? មិនមានអ្វីដែលខ្ញុំចូលចិត្ត ជាងមនុស្សលេងសើចដាក់ខ្ញុំទេ ព្រោះខ្ញុំអាចធ្វើដូចគេដែរ»។
De Frenne ត្រូវបានគេអនុញ្ញាតឱ្យសម្រាកប្រាំនាទីរៀងរាល់មួយម៉ោងម្ដង ដែលគាត់អាចប្រមូលពេលដើម្បីអនុញ្ញាតឱ្យគាត់អាចគេងបាន។ ការអង្គុយយូរបែបនោះគឺមិនងាយស្រួលដូចដែលបានមើលឃើញនោះទេ ។
De Frenne បាននិយាយថា៖ «ខ្ញុំអស់កម្លាំងខ្លាំងណាស់ ហើយជើងរបស់ខ្ញុំក៏ឈឺចាប់ ប៉ុន្តែខ្ញុំជឿជាក់លើភាពជោគជ័យរបស់ខ្ញុំ ហើយព្យាយាមបង្កើតកំណត់ត្រានេះ»។
មិនមានកំណត់ត្រាពិភពលោកជាផ្លូវការសម្រាប់ការអង្គុយនៅលើបង្គន់នោះទេ ប៉ុន្តែលោក De Frenne បាននិយាយថា គាត់បានឃើញមនស្សម្នាក់ផ្សេងទៀតបានធ្វើវាក្នុងពេល ១០០ ម៉ោង ។
លោក De Frenne បាននិយាយថាកំណត់ត្រាពិភពលោក «Guniess World Record» បានដឹងពីការប៉ុនប៉ងដើម្បីបំបែកកំណត់ត្រា ហើយថាមន្ត្រីមូលដ្ឋាន និងសាក្សី បានធ្វើការត្រួតពិនិត្យដើម្បីសុពលភាពរបស់វា ។ គ្មាននរណាម្នាក់និយាយថា កំណត់ត្រាអង្គុយលើចានបង្គន់នោះពិតជាមាននោះទេ ៕
ប្រភព ៖ reuters , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ