ព្រះសារីបុត្រជាអគ្កសាវកទី១នៃព្រះសម្មាសម្ពុទ្ធ លោកមិនដែលបំភ្លេចគុណអ្នកដទៃឡើយ សូម្បីតែគេប្រគេនបាយតែមួយវែងក៏លោកដឹងគុណគេជានិច្ច ហើយទីបំផុតលោកបានបំបួសទាយកនោះដោយផ្ទាល់ទៀតផង ដើម្បីតបគុណគេ ។ នេះក៏ព្រោះលោកយល់ថា ការទម្លាយគុណ ឬបំភ្លេចគុណគេស្មើនឹងអកតញ្ញូបុគ្គល រស់នៅពុំបានសុខឡើយ ជីវិតច្រើនជួបសេចក្តីអន្តរាយ ។
ដូចមានដំណាលពីរឿងសត្វប្រើសមួយក្បាលដែលមានដំណើររឿងដូចតទៅថា កាលនោះមានសត្វប្រើសមួយក្បាលត្រូវនាយព្រានដេញប៉ផាប់ចាប់ពភីងដើម្បីប្រហារជីវិត ប្រើសភ័យក៏ខំប្រឹងរត់គេចទៅពួនសម្ងំនៅក្នុងគុម្ពោតព្រៃមួយផុតពីក្រសែភ្នែករបស់ព្រាន ធ្វើឲ្យនាយព្រាននោះចេះតែរត់ដេញហួសអំពីទីនោះ ។
ចំណែកប្រើសឃើញសភាពបែបនេះមានចិត្តសប្បាយណាស់គិតថា បានរួចជីវិតហើយ ក៏ទំពាស៊ីស្លឹកឈើអំពីគុម្ពព្រៃនោះឯងគឺស៊ីរហូតទាល់តែអស់ស្លឹកព្រៃស្រឡះអាចមើលឃើញខ្លួនឯងបានច្បាស់ពីផ្លូវដើរមក ។
និយាយអំពីនាយព្រានវិញហាក់ដូចជាខកចិត្តខ្លាំង ព្រោះដេញប្រើសមិនទាន់ ហើយក៏ដើរត្រឡប់មកក្រោយវិញ ពេលមកដល់ទីនោះ ងាកភ្នែកទៅរកគុម្ពោតព្រៃស្រាប់តែឃើញប្រើសឈរធ្មឹង ក៏លាន់មាត់ថា យីអាប៉ាកាច់នេះ នៅទីនេះទេតើ ហើយក៏ស្ទុះទៅវឹង ។
ប្រើសឃើញព្រានរត់សំដៅមកក៏ខំប្រឹងស្ទុះគេចទាំងភ័យរន្ធត់ តែវាកៀកណាស់ទៅហើយ នាយព្រានបានទាញព្រួញបាញ់ត្រូវប្រើសដួលត្រដរខ្យល់ តែមុននឹងងាប់ក៏បាននឹកដល់ទោសដែលខ្លួនទម្លាយនូវគុម្ពព្រៃ ទើបប្រើសប្រដៅខ្លួនឯងថា នេះឯងជាទោសនៃការទម្លាយវត្ថុដែលមានគុណ ។
សេចក្តីនេះអ្នកប្រាជ្ញលោកចង់ដាស់តឿនទៅដល់ចិត្តមនុស្សយើងត្រូវគិតដល់ឧបការៈនៃអ្នកមានគុណរបស់ខ្លួន ហើយមិនត្រូវទម្លាយឬប្រទូស្តរ៉ាយចំពោះអ្នកមានគុណឡើយ ។
ចែករំលែកព័តមាននេះ