ឪពុក​ម្តាយ​ គួរ​បើក​គណនី​សន្សំ​ឲ្យ​កូន​ៗ​ទេ?


មធ្យោបាយ​បង្រៀន​កូន​ៗ​ពី​បញ្ហា​លុយ​មាន​ច្រើន ប៉ុន្តែ​មធ្យោបាយ​ដែល​ល្អ​បំផុត​ គឺ​ការ​អនុវត្ត​។ ប្រាកដ​ណាស់ ការ​និយាយ​ទូន្មាន​ដល់​កូន​ៗ​ពី​បញ្ហា​លុយ ​គឺជា​អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវ​តែ​ធ្វើ​ដើម្បី​ឲ្យ​កូន​ៗ​យល់​ដឹង​បន្ថែម ប៉ុន្តែ​ការ​អនុវត្ត​ក៏​ចាំបាច់​ដែរ​។

ហើយ​ប្រសិនបើ​អ្នក​ចង់​បង្រៀន​កូន​ៗ ​ឲ្យ​ចេះ​សន្សំ​និង​ទុកដាក់​លុយ​នោះ អ្នក​អាច​ពិចារណា​បើក​គណនី​សន្សំ​មួយ​ឲ្យ​កូន​ៗ​បាន​។

សាកល្បង​បើក​គណនី​សន្សំ​មួយ​ក្រោម​ឈ្មោះ​របស់​អ្នក​និង​កូន​អ្នក តែ​ត្រូវ​ធានា​ថា ​វា​ជា​គណនី​ដែល​មិន​គិត​ថ្លៃ​សេវា​ច្រើន​ ។ ពេល​ដែល​បើក​គណនី​ហើយ អ្នក​អាច​បន្ត​ឲ្យ​លុយ​ចាយវាយ​ប្រចាំ​ស​ប្តា​ហ៍ ឬ​ខែ​ដល់​កូន​ៗ​ជា​ធម្មតា រួច​ជំរុញ​ឲ្យ​កូន​ៗ​ទុក​មួយ​ចំណែក​ក្នុង​គណនី​ខ្លួន ​។

វា​បង្កើត​ជា​ទម្លាប់​សន្សំ​ដ៏​ល្អ​មួយ​ដល់​កូន​ៗ និង​ជួយ​បង្រៀន​ឲ្យ​កូន​ចេះ​គ្រប់គ្រង​លុយ​ផង​ដែរ​។ ឧទាហរណ៍​ដូច​ជា​ពួក​គេ​ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា​ពួក​គេ​ចង់​ទុក​លុយ​សម្រាប់​ចាយ​លើ​នំចំណី​ប៉ុន្មាន និង​សន្សំ​សម្រាប់​អ្វីមួយ​ប៉ុន្មាន​។

គណនី​សន្សំ​ភាគច្រើន​មាន​ឧបករណ៍​អន​ឡាញ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​កំណត់​គោលដៅ​សន្សំ​ផ្សេង​ៗ​ជាដើម​។ ឪពុក​ម្តាយ​អាច​ឲ្យ​កូន​ៗ​ចុច​មើល និង​កំណត់​គោលដៅ​ខ្លួន​ដូច​ជា​សន្សំ​លុយ​ឲ្យ​គ្រប់គ្រាន់​សម្រាប់​ទិញ​កង់​មួយ​ជាដើម​។

ការ​ធ្វើ​ដូច្នេះ​ បង្រៀន​ដល់​កូន​ៗ​ថា​ វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ក្នុង​ការ​មាន​ថវិកា​គ្រប់គ្រាន់​ ដើម្បី​ទិញ​សម្ភារណាមួយ​ដែល​ពួក​គេ​ចង់បាន​ដែល​ជួយ​ឲ្យ​ពួក​គេ​យល់​ដឹង​ពី​តម្លៃពិត​ប្រាកដ​នៃ​លុយ និង​ភាព​លំបាក​ក្នុង​ការ​រក​លុយ​ជាដើម​។

ក្មេង​នៅ​តែ​ជា​ក្មេង​។ ពួក​គេ​អាច​នឹង​ចាប់អារម្មណ៍​លើ​គណនី​នេះ​មួយ​ពេល ហើយ​ភ្លេច​វា​ទាំងស្រុង​នៅ​ថ្ងៃ ស្អែក​។ កត្តា​ដែល​សំខាន់​គឺ​ឪពុក​ម្តាយ​ត្រូវ​តែ​រំលឹក​កូន​ៗ​ពី​គណនី​សន្សំ និង​ជំរុញ​ឲ្យ​កូន​ៗ​ប្រើប្រាស់ ឬ​ដាក់​លុយ​សន្សំ​ជា​ប្រចាំ​ផង​ដែរ​។

អ្នក​ក៏​អាច​ចូល​ទៅ​ត្រួតពិនិត្យ​មើល​ជា​ប្រចាំ​ដើម្បី​ដឹង​ពី​ដំណើរការ​សន្សំ​របស់​កូន​ៗ ហើយ​ប្រសិនបើ​កូន​ៗ​ចាប់ផ្តើម​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សន្សំ​លុយ​ហើយ អ្នក​អាច​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ផ្សេង​ៗ​ដើម្បី​បន្ត​ជំរុញ​ឲ្យ​កូន​ៗ​ប្រើ​គណនី​សន្សំ​ទៀត​។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ