ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​បឹង​កំពីងពួយ​សល់​តាំងពី​សម័យ ប៉ុ​ល ពត កែន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាង​បឹង​កំពីងពួយ​ជា​តំបន់​ទេសចរណ៍​កែ​ច្នៃ​មួយ​មាន​ចម្ងាយ​៣៦​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​ដែល​បាន​បន្សល់​ទុក​ពី​សម័យ ប៉ុ​ល ពត បាន​កែន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ឲ្យ​ទៅ​ជីក​រែក​ដី​ដោយ​ដៃ និង​ផ្តល់​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់​ប្រកាន់ទោស​ផ្នែក​សីលធម៌ ដើរហើរ​សេរី ដោយ​ត្រូវ​កាប់សម្លាប់​អស់​ប្រមាណ​៥០% នៃ​កសិករ​លើក​ទំនប់​ដែល​មាន​សាកសព​ខ្លះ​ត្រូវ​បាន​កប់​ចោល​នៅ​បាត​ទំនប់…

ខេត្តបាត់ដំបង ៖ អាង​បឹង​កំពីងពួយ​ជា​តំបន់​ទេសចរណ៍​កែ​ច្នៃ​មួយ​មាន​ចម្ងាយ​៣៦​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​ដែល​បាន​បន្សល់​ទុក​ពី​សម័យ ប៉ុ​ល ពត បាន​កែន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ឲ្យ​ទៅ​ជីក​រែក​ដី​ដោយ​ដៃ និង​ផ្តល់​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់​ប្រកាន់ទោស​ផ្នែក​សីលធម៌ ដើរហើរ​សេរី ដោយ​ត្រូវ​កាប់សម្លាប់​អស់​ប្រមាណ​៥០% នៃ​កសិករ​លើក​ទំនប់​ដែល​មាន​សាកសព​ខ្លះ​ត្រូវ​បាន​កប់​ចោល​នៅ​បាត​ទំនប់ និង​នៅ​បាត​ក្រោម​ស្ពាន​ទ្វារ​ទឹក ដែល​មាន​សាក្សី​កំពុង​រស់នៅ​សព្វថ្ងៃ​ភាគច្រើន​អ្នកស្រុក​បាត់ដំបង ។

លោក មាស សឿ​ន អាយុ​៦៧​ឆ្នាំ រស់នៅ​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា លោក​គឺជា​កងចល័ត​ក្នុង​សម័យ​ស្រេកឃ្លាន​ក្នុង​របប​ប្រល័យពូជសាសន៍​នោះ​ដោយ​បាន​ចាប់ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​១៩៧៧ ដោយ​តំបន់​នេះ​ជា​ទំនាប​ចន្លោះ​កណ្តាល​នៃ​ភ្នំ​សងខាង​គឺ​ភ្នំ​តា​ង៉ែ​ន និង​ភ្នំ​១៥០ ហើយ​ពេល​មាន​ភ្លៀង​មក​ម្តង​ៗ​ទឹក​តែងតែ​ហូរ​ចាក់​ពី​ចំណុច​ភ្នំ​ខ្ពស់​ទាំង​សងខាង​ធ្លាក់​មក​ចំណុច​នេះ​ក៏​មានទឹក​ខួប​ប្រាំង ខួប​វស្សា​កើតជា​កូន​បឹង​តូច​មួយ​តាំងពី​យូរលង់​ណាស់​មក​ហើយ ។

កន្លង​មក​ក្នុង​សម័យ ប៉ុ​ល ពត បាន​ចេញ​ផែនការ​កសាង​ទំនប់​ស្ទាក់​ទឹក​នេះ​ដែល​មាន​បណ្តោយ​ប្រវែង​៧៥០០​ម៉ែត្រ ទទឹង​១៩០០​ម៉ែត្រ កំពស់​ទំនប់​៣០​ម៉ែត្រ ទំហំ​ទទឹង​ទំនប់​៧០​ម៉ែត្រ​អាច​ផ្ទុក​ទឹកបាន​១១០​លាន​ម៉ែត្រ​គីប មាន​ទ្វារ​ទឹក​២​សម្រាប់​បែងចែក មួយ​ចែកចាយ​ទៅ​ស្រុក​បាណ​ន់ និង​មួយទៀត​ចែក​ទៅ​ស្រុក​ថ្មគោល សម្រាប់​បន្ត​ប្រើប្រាស់​ស្រោច​ដំណាំ និង​ធ្វើស្រែ​ប្រាំង​បាន ហើយ​កាលពី​៣​ឆ្នាំ​មុន​អាច​ចែករំលែក​ទៅ​ដល់​ស្ទឺ​ង​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ប្រើប្រាស់​នៅ​ពេល​ខ្វះខាត​ទឹក​ផង​ដែរ ។

អាជ្ញាធរ​ដែល​នៅ​រក្សា​សន្តិសុខ​តំបន់​នោះ​បាន​ថ្លែងប្រាប់​ដែរ​ថា កាលពី​ឆ្នាំ​២០១៣ ទឹកភ្លៀង​ធ្លាក់​មក​ច្រើន​ឡើង​ហៀរ​លើ​មាត់​ទំនប់ បណ្តាល​ឲ្យ​បាក់​ទំនប់​ហៀរ​មក​ខូចខាត ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ​បន្តិចបន្តួច​ម្តង​មក​ហើយ តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​អាជ្ញាធរ​ខេត្ត​បាន​យក​គ្រឿងចក្រ​កសាង​ទំនប់​ខូចខាត​នេះ​ឡើង​វិញ​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ចំពោះ​មនុស្ស​ភាគច្រើន​ទៅ​កំសាន្ត នៅ​ពេល​ថ្ងៃ​សៅរ៍​-​អាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​បើ​ចំ​ថ្ងៃ​មាន​បុណ្យចូលឆ្នាំ​ចិន ខ្មែរ ឬ​ភ្ជុំ​បិ​ណ្យ​វិញ រក​កន្លែង​អង្គុយ​ស្ទើរ​ពុំ​បាន ព្រោះ​នៅ​តំបន់​នោះ​សម្បូរ​ម្ហូប អាហារ​សម្រាប់​ពិសា​របាយ មាន​ត្រី​ចម្រុះ​ក្នុង​បឹង​នោះ​តាម​បែប​ធម្មជាតិ​ពិត​ៗ និង​មាន់​ដុត​តាម​បែប​ស្រុកស្រែ គួប​ផ្សំ​នឹង​បរិយាកាស​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ ហើយ​អាច​ជិះទូក កាណូត​ទៅ​បេះ​ឈូក ឬ​បង់​ត្រី​នា កណ្តាល​បឹង​កំសាន្ត​លេង​បាន​តាម​សប្បាយ សំខាន់​ការ​ងូតទឹក លេង​ទឹក ដ៏​ត្រជាក់ ដែល​ភាគច្រើន​នៅ​ក្នុង​តំបន់​នេះ​ជា​តំបន់​ព្រៃ​ភ្នំ មិនសូវ​មាន​ទឹកធំ​សម្រាប់​កំសាន្ត ទើប​ចេះ​តែ​មាន​មនុស្ស​មក​កំសាន្ត​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

ចំពោះ​ឈ្មោះ​អាង ឬ​បឹង​កំពីងពួយ ដែល​ជា​ឈ្មោះ​បាន​ដាក់​មកនេះ​តាម​ទស្សនៈ​នៃ​ការ​ស្រាវជ្រាវ​យល់​ដឹង​របស់​បុគ្គល​ខ្លះ​បាន​លើក​ឡើង​ថា នៅ​លើ​ភ្នំ​១៥០ មាន​វត្ត​មួយ​ដែល​បាន​លាក់​គម្ពីរ​មួយ​ទុក​នៅ​ទីនោះ​ហើយ​ពេល​កើតជា​អាង​ទឹក​នេះ​មក​ក៏​បាន​ហៅ​ត​ៗ​គ្នា​មក​ថា កន្លែង​អាង​គម្ពីរ​មួយ​បាន​ក្លា​យមក​ជា​កំពីងពួយ​ទៅ​វិញ ។

ចំណែក​មតិ​ភាគច្រើន​លក់ដូរ​នៅ​ទី​នេះ​វិញ​គាត់​បាន​លើក​ឡើង​ថា ងាយ​ស្គាល់ ងាយ​យល់ និង​ងាយ​ស្តាប់​បំផុត ព្រោះ​បឹង​នេះ​តាំងពី​មិន​ទាន់​លើក​ជា​អាង សាង​ជា​ទំនប់ សម្បូរ​ណាស់​ដើម​កញ្ឆែត និង​កំពីងពួយ ដែល​អ្នកស្រុក​នៅ​ម្តុំ​ៗ​នេះ​ចុះ​បេះ​យក​មក​ធ្វើ​បន្លែ ជា​រៀងរាល់ថ្ងៃ ម្ល៉ោះហើយ​ទើប​គេ​នាំ​គ្នា​ហៅ​ថា បឹង​កំពីងពួយ តាម​អ្នកស្រុក​នេះ​រហូត​ដល់​សព្វថ្ងៃ​មាន​ភ្ញៀវ​មក​កំសាន្ត​មិនសូវ​ដាច់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ