រាជធានីភ្នំពេញ ៖ ស្ថានភាពទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៥ បង្ហាញពីតុល្យភាពថ្មីមួយរវាងការប្រែប្រួលនៃចំនួនភ្ញៀវអន្តរជាតិ និងការរីកចម្រើនយ៉ាងខ្លាំងក្លានៃចលនាទេសចរណ៍ក្នុងស្រុក ។
សភាពការណ៍ទេសចរណ៍កម្ពុជា ឆ្នាំ ២០២៥ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងឆ្នាំ ២០២៥ សរុប ៥ ៥៦៩ ៧៥២ នាក់ ថយចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ។ ភ្ញៀវទេសចរវៀតណាម ឈរនៅលំដាប់លេខ ១ ដែលមានចំនួន ១ ២២២ ១០១ នាក់ ថយចុះ ៨,៨% ។ ចិន ឈរនៅលំដាប់លេខ ២ ដែលមានចំនួន ១ ២០១ ៦៨១ នាក់ ប៉ុន្តែកើនឡើង ៤១,៥% បើធៀបនឹងឆ្នាំ ២០២៤ កន្លងមក ។

ចំពោះប្រភពទីផ្សារទេសចរណ៍ តំបន់អាស៊ីប៉ាស៊ីហ្វិក ៤ ៥៨២ ៨៤១ នាក់ ស្មើនឹង ៨២,៣% នៃចំនួនសរុប ថយចុះ ២០,០% ក្នុងនោះតំបន់អាស៊ាន ២ ៧៧៣ ០៦០ នាក់ ស្មើនឹង ៤៩,៣% នៃចំនួនសរុប ថយចុះ ៣៤,៥% ។ តំបន់អឺរ៉ុប ៦៨៤ ៣៨៦ នាក់ ស្មើនឹង ១២,៣% នៃចំនួនសរុប កើនឡើង ៣,២% ។ តំបន់អាម៉េរិក ២៨៤ ២២៣ នាក់ ស្មើនឹង ៥,១% នៃចំនួនសរុប ថយចុះ ១,៩% ។
ដោយឡែកទេសចរណ៍ផ្ទៃក្នុង ទេសចរជាតិបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសប្រមាណ ២៥ ១៦១ ៤៣០ នាក់ កើនឡើង ១១,៧% និងទេសចរបរទេសប្រមាណ ៣ ៧៤២ ៧៨៩ នាក់ ថយចុះ ៦,១% ធៀបនឹង ឆ្នាំ២០២៤ ។

របាយការណ៍ក្រសួងទេសចរណ៍ ឆ្នាំ ២០២៥ បានឱ្យដឹងទៀតថា សភាពការណ៍ទេសចរណ៍សកល និងតំបន់ យោងតាមរបាយការណ៍អង្គការសហប្រជាជាតិទេសចរណ៍ (UN Tourism) ឆ្នាំ ២០២៥ មានទេសចរអន្តរជាតិបានធ្វើដំណើរកម្សាន្តជុំវិញពិភពលោកសរុប ១ ៥២៣ លាននាក់ កើនឡើង ៤,០% ធៀបនឹង ឆ្នាំ ២០២៤ ។ ក្នុងនោះ ទ្វីបអឺរ៉ុបទទួលបានទេសចរអន្តរជាតិ ៧៩៣,៥ លាននាក់ កើនឡើង ៣,៨% ទ្វីបអាស៊ី និងប៉ាស៊ីហ្វិក ទទួលបាន ៣៣០,៧ លាននាក់កើនឡើង ៦,៣% ទ្វីបអាម៉េរិកទទួលបាន ២១៨,១% លាននាក់ កើនឡើង ០,៦% ទ្វីបអាហ្វ្រិកទទួលបាន ៨១,៣ លាននាក់ កើនឡើង ៧,៨% និងមជ្ឈិមបូព៌ាទទួលបាន ៩៩,៨ លាននាក់ កើនឡើង ៣,៣% ជាមួយនឹងចំណូលទេសចរណ៍អន្តរជាតិប្រមាណ ១,៩ ទីលានដុល្លារ អាម៉េរិក ។ តាមការព្យាករណ៍ និងវាយតម្លៃរបស់អង្គការ UN Tourism វិស័យទេសចរណ៍ឆ្នាំ២០២៦ នេះនឹងមានអត្រាកំណើនល្អចន្លោះពី ៣% ទៅ ៤% ធៀបនឹងឆ្នាំ ២០២៥ ។

ដោយឡែកតំបន់អាស៊ានឆ្នាំ ២០២៥ ទទួលបានទេសចរអន្តរជាតិសរុប ១២៤,៥ លាននាក់ កើនឡើង ២,១% ធៀបនឹងឆ្នាំ ២០២៤ ។ តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិទេសចរណ៍សម្រាប់តំបន់អាស៊ាន ក្នុងឆ្នាំ ២០២៦ នេះ ទេសចរអន្តរជាតិនឹងធ្វើដំណើរកម្សាន្តក្នុងអត្រាកំណើនចន្លោះពី ២% ទៅ ៣% អត្រាកំណើននេះហាក់ដូចជាទាបជាងពិភលោកបន្តិច ដោយសារចរន្តគាំពារនិយមរបស់សហរដ្ឋអាម៉េរិក ដែលកំពុងលេចចេញនូវសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា និងការហក់ឡើងវិញនៃថ្លៃទំនិញសាធារណៈ ភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ជាក់ស្តែង ដូចជានៅតំបន់មជ្ឈិមបូព៌ា និងការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ ៕

ចែករំលែកព័តមាននេះ