រី ស្រីនេត មានតែ៥០ដុល្លារ ចេញទៅប្រកួតនៅបរទេស
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កញ្ញារី ស្រីនេត មានលុយជាប់ខ្លួនតែ៥០ប៉ុណ្ណោះ នៅពេលចេញទៅប្រកួតបវរកញ្ញានៅបរទេស ។
តារាស្រីរូបនេះមិនរារែកចិត្ត និងបង្អាក់ដំណើររបស់ខ្លួនចេញទៅប្រកួតតំណាងប្រទេសនោះឡើយ ។
កាលពីពេល ថ្មីៗកន្លងមក រី ស្រីនេត បាននិយាយទាំងទឹកភ្នែករលីងរលោងថា «អំឡុងពេលដែលខ្ញុំចេញទៅប្រកួតកម្មវិធីបវរកញ្ញានោះគឺមានមានលុយតែ៥០ដុល្លារប៉ុណ្ណោះ ហើយនោះពេលវេលាដ៏ឯកាបំផុតសម្រាប់នាងខ្ញុំ ។ ពេលនោះនាងខ្ញុំតែលួងខ្លួនឯងថា វាមិនអីឡើយ ពេលទៅដល់ប្រទេសនោះគេនឹងមានអ្វីឲ្យយើងញ៉ាំស្រាប់ ដោយមិនចាំបាច់ចំណាយលុយច្រើនឡើយ ប៉ុន្តែតាមពិតជាក់ស្តែងយើងពិតជាត្រូវចំណាយលុយច្រើនមែន ព្រោះត្រូវការទិញរបស់របរ ផ្សេងៗ ។
ពេលនោះនាងខ្ញុំមានអារម្មណ៍ភ័យ ប៉ុន្តែសំណាងល្អគេទទួលយើងបានល្អ ហើយរឹតតែសំណាងទៀតនោះក៏មានម្ចាស់ផលិតផលមួយបានឧបត្ថម្ភមកដល់ខ្ញុំច្រើនគួរសមដែរ ដែលធ្វើឲ្យនាងខ្ញុំមានអារម្មណ៍រឹងមាំជាងមុន ។
អំឡុងពេលដែលនាងខ្ញុំឡើងយន្តហោះនោះគឺនាងខ្ញុំបានខ្ចីលុយមួយចំនួនពីបងប្អូនរបស់ខ្ញុំ ដោយសារតែនាងខ្ញុំមិនមានលុយគ្រប់គ្រាប់បង់ថ្លៃគីឡូវ៉ាលី ដោយទុកលុយ៥០ដុល្លារ នោះតាមខ្លួនប៉ុណ្ណោះ» ។
រី ស្រីនេត បានចេញទៅប្រកួតបវរកញ្ញា Miss Asia Pacific International ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសហ្វីុលីពីនកាលពីពេល ថ្មីៗកន្លងមក ។ ពេលនោះនាងបានឈានចូលក្នុង TOP 10 ព្រមទាំងទទួលបានតំណែងជា Continental Queen Of Asia ផងដែរ ។
ជោគជ័យមួយនេះធ្វើឲ្យរី ស្រីនេត និងបណ្តាអ្នកគាំទ្រជាច្រើនមានក្ដីរីករាយខ្លាំង និងចាត់ទុកថានេះគឺជាមោទនភាពយ៉ាងខ្លាំងចំពោះនាង និងប្រទេសកម្ពុជា ។
រី ស្រីនេត ចាត់ទុកដំណើរមួយនេះបានបន្សល់ទុកឲ្យនាងបទពិសោធន៍ និងមេរៀនដ៏មានតម្លៃ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរបស់នាងនាងជារៀងរហូត ៕




ចែករំលែកព័តមាននេះ