ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនៀម​បុណ្យ​ចេញ​ព្រះ​វស្សា​ អ្នកស្រុក​ជុំវិញ​បឹង​ទន្លេសាប

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ បុណ្យ​ចេញ​ព្រះ​វស្សា តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៥​កើត ខែអស្សុជ ដែល​ក្នុង​វិន័យ​ពុទ្ធសាសនា​ហៅ​ថា «​ថ្ងៃ​បវារណា​» គឺជា​និមិត្តរូប​នៃ​ការ​បើកឱកាស​ឱ្យ​ព្រះសង្ឃ​សាកសួរ ឬ​រំលឹក​ដាស់តឿន​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ការ​គួរ បន្ទាប់​ពី​បាន​គង់​ចាំ​វស្សា​អស់​រយៈពេល​៣​ខែ ដែល​ក្នុង​មួយ​ឆ្នាំ​អាច​ធ្វើ​បាន​តែ​ម្តង​គត់ ។

កាលពី​ថ្ងៃ​ទី​២៨ តុលា ២០២៦ អាជ្ញាធរ​ជាតិ​អប្សរា ពណ៌នា​ថា ទោះបីជា​កិច្ច​បវារណា​នេះ​ជា​សាសនកិច្ច​របស់​ព្រះសង្ឃ​សុទ្ធសាធ​យ៉ាងណា​ក៏​ដោយ ក៏​ប្រជា​ពុទ្ធសាសនិក​ដោយ​មាន​សទ្ធា​ជ្រះថ្លា តែង​នាំ​គ្នា​រៀបចំ​គ្រឿង​បូជា និង​ចង្ហាន់ ផ្សេង​ៗ យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ពេល​ព្រឹក ព្រមទាំង​ចូលរួម​ស្តាប់​ព្រះធម៌​ទេសនា ពិសេស គឺ​ការ​ទេសនា​មហាជាតក​(​ព្រះ​វេស្សន្តរជាតក​) ដើម្បី​ប្រាថ្នា​កុសលផល​បុណ្យ ។

ទន្ទឹម​នឹង​កិច្ច​ខាង​សាសនា វត្ត​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ទំនៀមទម្លាប់​ធ្វើ​ពិធី​ពិសេស​មួយ គឺ​ការ​រៀបចំ «​សំពៅ​» ឬ​«​សង្ឃឹក​» ។ នៅ​ក្នុង​សំពៅ​នោះ​គេ​បាន​រៀបចំ​គ្រឿង​បរិក្ខារ និង​ភស្តុ​ភារ​យ៉ាង​សម្បូរ​បែប មាន​ជា​អាទិ៍ ស្លាធម៌ដូង បាយស្រី បាយ​សម្ល បង្អែមចម្អាប មាន់​ស្ងោរ ផ្លែ​ឈើ ទឹក​សុទ្ធ ស្រា គ្រឿង​ស្ល អង្ករ ចង្ក្រាន ចាន ឆ្នាំង អុស និង​គ្រឿង​លម្អ ផ្សេង​ៗ យក​ទៅ​បណ្តែត​តាម​ស្ទឹង និង​ទន្លេ​នៅ​វេលា​យប់ ។

ដោយឡែក​នៅ​ឃុំ​កំពង់​ភ្លុក នា​ថ្ងៃ​ចេញ​វស្សា ដែល​ជា​ពេលវេលា​ទឹកទន្លេ​មាន​សភាព​នឹង​មិន​បន្ត​ឡើង​ទៀត​នោះ អ្នកស្រុក​តែងតែ​រៀបចំ​ពិធី​អុំទូក​ថ្វាយ​អ្នកតា​ពុំដែល​ខាន​ឡើយ ។ គេ​រៀបចំ​ប្រទីប និង​សង្ឃឹក​នៅ​ក្នុង​វត្ត​តាំងពី​ថ្ងៃ​ចូល​រោង ដោយ​ប្រទីប​ធ្វើ​ជា​រូប​ប្រាសាទ​ដាក់​បាយស្រី​ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់​ដី​(​ស្តេច​នាគ និង​តា​កងកួច​) រីឯ​សង្ឃឹក​ធ្វើ​ជា​រាង​សំពៅ​មាន​ក្តោង​ធំ​នៅ​ចំ​កណ្តាល សម្រាប់​អ្នកតា ឬ​ព្រាយ​តូចតាច ។ លុះដល់​រសៀល គេ​នាំ​គ្នា​ប្រមូល​ទូក​ចែវ ឬ​ទូក​ប្រហុក មក​អុំ​ចុះឡើង​លេង​កម្សាន្ត​ពី​ក្នុងភូមិ​រហូត​ដល់​ពាម ប្រកបដោយ​បរិយាកាស​សប្បាយ​រីករាយ ដោយ​មាន​អ្នកស្រុក​ចូលរួម​ជា​ប្រាក់ និង​នំ​បង្អែម ផ្សេង​ៗ ។

បន្ទាប់​មក គេ​អុំទូក​តម្រង់​ទៅ​ពាម​ក្បែរ​កោះ​តា​ពពុះទឹក ដើម្បី​រៀបចំ​ការ​ប្រណាំងទូក ដោយ​មាន​រូប​ស្នង​អ្នកតា​ឈរ​បញ្ជា​លើ​ទូក ។ កាលបើ​អ្នកតា​លេង​អុំទូក​រហូត​ដល់​ឡើង​រាំ​កម្សាន្ត​តាម​ចង្វាក់ភ្លេង​សប្បាយចិត្ត​ហើយ គេ​ក៏​ទម្លាក់​ប្រទីប និង​សង្ឃឹក​ចូល​ទៅ​ក្នុង​ទឹក រួច​អុំទូក​ប្រទក្សិណ ៣​ជុំ ជុំវិញ​នោះ ។ ក្រោយ​បញ្ចប់​កិច្ច​បណ្តែត តាម​ទម្លាប់ គេ​ត្រូវ​អុំទូក​ឱ្យ​ហួស​ទៅ​ដល់ «​កោះ​រាំង​» ដែល​នៅ​ខាងកើត​ភូមិ​សិន ទើប​ត្រឡប់​ចូល​មក​កាន់​ភូមិ​វិញ ។

ការ​អុំទូក​ឱ្យ​ហួស​ភូមិ​បែប​នេះ គឺជា​កិច្ច​ពិធី «​បង្វែងដាន​» ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​អមនុស្ស ឬ​ព្រាយ​បិសាច តោង​តាម​មក​ចូល​ក្នុងភូមិ​របស់​អ្នកស្រុក​ឡើយ ៕