ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា លក់​តែ​សំឡេង មិន​លក់​…​ទេ​!

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ពេជ្រ សូលី​កា បាន​ឆ្លើយ​តប​ទៅ​កាន់​បុគ្គល​មួយ​ចំនួន​ដែល​រិះគន់​រូប​នាង ។ តើ​គេ​រិះគន់​រឿង​អ្វី ហើយ​នាង​ឆ្លើយ​តប​បែប​ណា ?

រូបភាព​វី​ដេ​អូ​មួយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម បង្ហាញ​ពី​សកម្មភាព​របស់​ពេជ្រ សូលី​កា ​ច្រៀង​ក្នុង​ភោជនីយដ្ឋាន​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ពេល​នោះ​នាង​បាន​ស្លៀក​ខោខ្លី​បង្ហាញ​សាច់​យ៉ាង​ទ្រលុកទ្រលន់ ។

បន្ទាប់​ពី​ទស្សនា​វី​ដេ​អូ​នោះ អ្នកខ្លះ​សរសើរ​ទឹកដម​សំឡេង និង​រូប​សម្រស់​របស់​ពេជ្រ សូលី​កា អ្នកខ្លះ​រិះគន់​ថា នាង​ធាត់​ជាង​មុន ខ្លះ​ថា​មិន​ស្អាត​ទេ​… ។

កាលពី​ថ្ងៃ​ទី​២៦ តុលា ២០២៦ ពេជ្រ សូលី​កា តប​អ្នក​ថា​នាង​ធាត់ នាង​មិន​ស្អាត​នោះ​វិញ​ថា «​តាំងពី​ដើម​មក​នាង​ខ្ញុំ​ពេញចិត្ត​រូបរាង​កាយ​ដែល​នាង​ខ្ញុំ​មាន​ស្រាប់ ។ សម្រាប់​ពាក្យ​រិះគន់​របស់​បងប្អូន គឺ​មិន​បាន​ចាក់​ដោត​ចូល​ទៅ​ក្នុង​ក្រអៅបេះដូង​របស់ខ្ញុំ​ឡើយ ព្រោះ​បច្ចុប្បន្ន​ខ្ញុំ​មាន​ភាពរឹងមាំ​គ្រប់គ្រាន់ ហើយ​នាង​ខ្ញុំ​ក៏​មិន​បាន​រឹងក្បាល​ថា គេ​រិះគន់​ប៉ុណ្ណឹង​ហើយ ម្តេច​មិន​ទៅ​ស្ថាបនា​ឲ្យ​ស្អាត​តាម​គេ ។

រាល់ថ្ងៃ​ខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​នាង​ខ្ញុំ​មាន​ស្រាប់​ទៅ​ហើយ ដូច្នេះ​ឈប់​រិះគន់​ខ្ញុំ​ទៅ ហើយ​បច្ចុប្បន្ន​នាង​ខ្ញុំ​ជា​តារាចម្រៀង​ដែល​លក់​តែ​សំឡេង មិន​លក់​សម្រស់​ឡើយ​» ។

ពេជ្រ សូលី​កា ថា​ប្រសិនបើ​នាង​ចង់​ស្គម គឺ​តែ​មួយ​ភ្លែត​បាន​ហើយ ដោយ​ទៅ​បូ​ប​ខ្លាញ់​ក្បាលពោះ ខ្លាញ់​ដើមដៃ និង​ហាត់ប្រាណ​តែ​បន្តិច​គឺ​ស្អាត​ដូច​គេ​ដូច​ឯង​ដែរ​ហើយ ។ ប៉ុន្តែ​សព្វថ្ងៃ​ដោយសារ​តែ​នាង​មានការ​ហត់នឿយ ព្រោះ​ត្រូវ​រ៉ាប់រង​គ្រួសារ​តែ​ម្នាក់ឯង ដូច្នេះ​ហើយ​នាង​គ្មាន​ពេលវេលា​គិត​ពី​ផលប្រយោជន៍​ខ្លួនឯង​ដោយ​ត្រូវ​តែ​ស្អាត​គ្រប់ពេលវេលា​នោះ​ទេ ព្រោះ​នាង​មានកូន មាន​ប្អូន និង​មាន​កូនចៅ​ជា​ច្រើន​ទៀត​ក្នុង​បន្ទុក ។

ពេជ្រ សូលី​កា បញ្ជាក់​ថា «​ខ្ញុំ​ជា​តារាចម្រៀង​លក់​សំឡេង ខ្ញុំ​អត់​បាន​លក់​សម្រស់​នោះ​ទេ អ​ញ្ចឹ​ង​ខ្ញុំ​អត់​សូវ​ខ្វល់​ទេ​រឿង​រូបរាង​កាយ និង​សម្រស់​របស់ខ្ញុំ តែ​នៅ​ក្នុង​នាម​យើង​ជាតា​រា​យើង​ក៏​ត្រូវការ​ស្អាត​ដែរ ។

ប្រសិនបើជា​អ្នកគាំទ្រ​រូប​នាង​ខ្ញុំ​ពិតប្រាកដ​គួរតែ​ទទួលយក​នូវ​ភាព​ខ្វះខាត​របស់​នាង​ខ្ញុំ​ខ្លះ ព្រោះ​គ្រប់​មនុស្ស ម្នាក់​ៗ​កើតមក​ក៏​មិន​ប្រាកដ​មាន​រូបរាង​ស្អាត​ទាំង​អស់នោះ​ដែរ​» ៕