ល្អហួស បង្ហាញឈុតតំណាងជាតិ «នារីកសិករ» និងលើកឡើងពីអត្ថន័យដ៏ជ្រាលជ្រៅ ត្រៀមប្រកួតនៅឥណ្ឌូណេស៊ី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជូរី ល្អ ហួស បានបញ្ចេញឈុតតំណាងជាតិដែលមានឈ្មោះថា នារីកសិករ ដើម្បីត្រៀមប្រកួតបវរកញ្ញា Miss Teen icon International ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ។
ល្អហួស បានលើកឡើងពីអត្ថន័យ ឈុតតំណាងជាតិ «នារីកសិករ បេះដូងនៃទឹកដីមាស» ថា នារីកសិករ ជានិមិត្តរូបនៃភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងសេចក្ដីថ្លៃថ្នូរ។ កួរស្រូវក្នុងដៃ តំណាងឱ្យញើសឈាមនៃការតស៊ូ ភាពសម្បូររុងរឿង និងជីវិតដែលផ្សារភ្ជាប់ជាមួយទឹកដីកម្ពុជា។
នាងបន្តថា «នារីកសិករ បេះដូងនៃទឹកដីមាស » ដួងព្រលឹងនៃកសិករខ្មែរ នៅពីក្រោយគ្រាប់បាយមួយគ្រាប់ ដែលយើងបរិភោគរាល់ថ្ងៃ មានញើសរាប់ពាន់តំណក់ មានកម្លាំងរាប់មិនអស់ និងមានការលះបង់របស់នារីកសិករខ្មែរ ដែលមិនធ្លាប់ទាមទារការតបស្នង។
នាងមិនមែនគ្រាន់តែជាស្ត្រីកាន់កណ្ដៀវ ច្រូតស្រូវនៅកណ្ដាលវាលស្រែប៉ុណ្ណោះទេ ប៉ុន្តែនាងគឺជានិមិត្តរូបនៃភាពអត់ធ្មត់ ជាឆ្អឹងខ្នងនៃគ្រួសារ និងជាកម្លាំងដ៏ស្ងៀមស្ងាត់ ដែលចិញ្ចឹមដង្ហើមប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។
ក្រោមកម្ដៅថ្ងៃដ៏ក្ដៅហែង នាងយកញើសស្រោចដី យកកម្លាំងបណ្ដុះគ្រាប់ស្រូវ និងយកក្ដីសង្ឃឹមដាំដុះអនាគតកូនចៅជំនាន់ក្រោយ។
ដៃរបស់នាងអាចគ្រើមដោយការងារ ប៉ុន្តែបេះដូងរបស់នាងពោរពេញដោយក្ដីស្រឡាញ់។ សម្លៀកបំពាក់របស់នាងអាចសាមញ្ញ ប៉ុន្តែតម្លៃនៃការលះបង់របស់នាង មិនអាចយកមាសប្រាក់ណាមកវាស់បានឡើយ។
សូមកុំមើលងាយស្ត្រីដែលឈរនៅកណ្ដាលវាលស្រែ ព្រោះនៅពីក្រោយស្នាមញញឹមដ៏សាមញ្ញនោះ គឺជាវីរនារីដែលកំពុងទ្រទ្រង់ជីវិតមនុស្សរាប់លាននាក់។
«បើគ្មានអ្នកដាំស្រូវ តើយើងមានបាយមកពីណា? បើគ្មានញើសកសិករ តើប្រជាជាតិអាចរស់នៅដោយរបៀបណា?»
នាងបញ្ជាក់ថា នារីកសិករខ្មែរ មិនត្រឹមតែជាអ្នកដាំស្រូវទេ ប៉ុន្តែនាងជាអ្នកដាំជីវិត ដាំក្ដីសង្ឃឹម និងដាំអនាគតឱ្យមាតុភូមិកម្ពុជា។
គួរបញ្ជាក់ថា ល្អ ហួស នឹងចេញទៅប្រកួតបវរកញ្ញាតំណាងកម្ពុជាក្នុងកម្មវិធី Miss Teen international ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2026 ខាងមុខនេះ។
កម្មវិធីអន្តរជាតិ Miss Teen Icon International 2026 នឹងចាប់ផ្តើមប្រកួតជាផ្លូវការចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ៕







ចែករំលែកព័តមាននេះ