អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ដើម្បីប្រែក្លាយតំបន់នេះជាគោលដៅ «លំហែបៃតង» ដ៏មានសក្ដានុពល
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្តល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរហើយ ។

ការលើកឡើងបែបនេះ គ្រាដែលលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ម៉េង វ៉ាន់ដានីន ដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាន និងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ។

អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា តាមរយៈគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) របស់ក្រសួងបរិស្ថានបានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការអភិវឌ្ឍន៍តំបន់ព្រៃភ្នំដ៏មានសក្ដានុពលនេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមរយៈការបម្រើសេវាទេសចរណ៍។

ជាងនេះ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោល ដៅ «លំហែបៃតង» តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត កាលពីអំឡុងដែលសម្តេចបានអញ្ជើញដោយផ្ទាល់ក្នុងការសម្រាកលំហែរលើភ្នំខ្នងផ្សារ ។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារនឹងជួយផ្សព្វ ផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។

ហើយការងារនេះ នឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាម
រយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះ ក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពផងដែរ ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ លោកបានក្រើនរំឭកបន្ថែមដល់មន្ត្រីជំនាញបច្ចេកទេសទាំងអស់ ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត និងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន ។

សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ភ្នំនេះ សំបូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន៣៦០ដឺក្រេ ។ មិនតែប៉ុណ្ណោះ ភ្នំនេះមានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងជាង៨០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ ៕











ចែករំលែកព័តមាននេះ