យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្រុង​កំពង់ចាម​(​មាន​វី​ដេ​អូ​)


ខេត្តកំពង់ចាម ៖ ក្នុង​សកម្មភាព​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​តំបន់​ជា​ច្រើន​កន្លែង​របស់​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ក្នុង​នោះ​មាន ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម បា​ធា​យ ជើងព្រៃ រួម​នឹង​ស្រុក​មួយ​ចំនួន​ទៀត ដោយ​បាន​ធ្វើ​ឡើង​យ៉ាង​ផុលផុស រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​នេះ នៅ​មិន​ទាន់​មាន​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​នោះ​ទេ ដោយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ស្ថាប័ន​ជំនាញ និង​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ផ្នែក​ធំ មានការ​យល់​ដឹង​ច្រើន​ចេះ​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ ។

លោក​ស៊ី​ម ហួ​ន វ័យ​៤៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ប្រាប់​ថា គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយនៅ​ក្រោមផ្ទះ​មាន​ម៉ាស៊ីនកិនស្រូវ​១​គ្រឿង គឺ​កិន​លក់​ឲ្យ​អ្នក​ភូមិ​សល់ក​ន្ទួ​ក ឆ្លៀត​ដាក់​ជ្រូក​នៅ​ក្រោយ​ផ្ទះ​លាយ​ជាមួយនឹង​ចំណី​សត្វ​ចេះ​តែ​ទទួល​បាន​ផល​ជោគជ័យ​បន្តបន្ទាប់ និង​បាន​សល់​លុយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មួយ​ផ្នែក​ទៀត​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ​នឹង​គេ គ្រាន់​មានចំណេះ​ដឹង​ខ្ពស់ ។

លោក​ស៊ី​ម ហួ​ន ប្រាប់​បន្ត​ថា ក្នុងអំឡុងពេល​ចិញ្ចឹម​បាន​រយៈពេល​ចំនួន​៥​ឆ្នាំ គ្រានោះ​ជ្រូក​កើត​ជំងឺ​ត្រចៀក​ខៀវ បណ្តាល​ឲ្យ​ងាប់​ច្រើន​ក្បាល​រហូត​ដល់​ទៅ​ជិត​២០​ក្បាល មាន​តូច​ធំ​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ​៣០០០​ដុល្លារ គាត់​ស្ទើរនឹង​លែង​ចិញ្ចឹម​ជ្រូក​បន្ត​ទៀត ទោះជា​បែប​នេះ​ក្តី​ក៏​នូវ​តែ​មានការ​តស៊ូ​មិន​រា​ថយ​នោះ​ទេ ។ រាល់ថ្ងៃ​ចិញ្ចឹម​ជ្រូក​មេ​ចំនួន​៣​ក្បាល និង​កូន​ចំនួន​២​ក្បាល ហើយ​ក៏​មានការ​ភិតភ័យ​ខ្លាច​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង សំណាងល្អ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​នេះ បាន​ក្រុម​មន្ត្រី​បសុព្យាបាល​ខេត្ត​បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដល់​ទ្រុង​របស់​គាត់ និង​បាន​ផ្តល់​ទឹក​ថ្នាំ សម្រាប់​ទុក​បាញ់​សម្លាប់​មេរោគ​ដោយ​ខ្លួនឯង ។ មាន​ជ្រូក​របស់​អ្នក​ភូមិ​របស់​គាត់ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ប៉ុន្មាន​បាន​ឈឺ​ងាប់​២​ទៅ​៣​ក្បាល ត្រូវ​ម្ចាស់​ជីកដី​កប់​ផង​ដែរ ។

អ្នក​ចិញ្ចឹម​ជ្រូក​ឈ្មោះ សែ​ម អាត អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឫស្សី​ប្រាប់​ថា គាត់​បាន​ចិញ្ចឹម​ជ្រូក​មាន​រយៈពេល​ចំនួន​៥​ឆ្នាំ​មក​ហើយ មិន​ដែល​ជួបនឹង​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ ចេះ​តែ​ទទួល​បាន​ជោគជ័យ​មក​ដល់​ក្នុង​ឆ្នាំ​២០១៩ ក៏​បាន​ពង្រីក​ទ្រុង​បន្ថែម​ដាក់​ចិញ្ចឹម​ទាំង​តូច និង​ធំ​កើន​ដល់​៤៣​ក្បាល តែ​ជ្រូក​របស់​គាត់​មិន​ទាន់​មាន​ឈឺ​១​ក្បាល​ណា​នោះ​ទេ ។ ស្រប​ពេល​ដែល​មាន​ក្តី​កង្វល់​ត្រូវ​បាន​ពេទ្យសត្វ​ចុះ​មក​បាញ់ថ្នាំ​ដល់​ទ្រុង​របស់​គាត់ និង​បាន​ចែក​ថ្នាំ​ឲ្យ​ចំនួន​២​ដប ទុក​បាញ់​ខ្លួនឯង គឺ​គាត់​មានការ​ប្រុង
ប្រយ័ត្ន​មិន​ឲ្យ​អ្នក​ណា​ចូល​មក​ទ្រុង​ផ្តេសផ្តាស​ឡើយ ។ អ្នក​ចិញ្ចឹម​ជ្រូក​នៅ​តាម​គ្រួសារ និង​ចិញ្ចឹម​បែប​ទ្រង់ទ្រាយ​ធំ ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ដោយ​បានឃើញ​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​រួម​នឹង​ពេទ្យសត្វ​ចុះ​មក​អន្តរាគមន​បាញ់ថ្នាំ​ទាន់​ពេលវេលា ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ប្រាប់​ថា ចាប់​តាំង​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក៏​ដូច​ជា លោក​អភិបាលខេត្ត​បាន​ជម្រុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ប្រញាប់​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង ក្នុង​ខេត្ត ឲ្យ​មានការ​យល់​ដឹង​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​នេះ​ឲ្យ​មានការ​ផុលផុស ។ ហើយ​ស្រប​តាម​ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កម្លាំង​ជំនាញ​បាន​តាម​ឃ្លាំមើល​នៅ​តាម​ច្រក​ស្ពាន​គី​ហ្ស៊ុ​ណា និង​តាម​កំពង់ដរ​មួយ​ចំនួន ដោយ​ចាប់​បាន​ម៉ូតូ និង​រថយន្ត​ដឹក​ជ្រូក​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​បាន​ហូរហែរ ក្នុង​គោលបំណង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។

ហើយ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​នេះ ខេត្តកំពង់ចាម​មិន​ទាន់​មាន​ជំងឺ​នេះ​កើតឡើង​ទេ រូប​លោក​ក៏​សូម​ឲ្យ​ប្រជាជន​មានការ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​ចង់​ទិញ​សាច់​ជ្រូក​លក់​នៅ​តាម​ផ្សារ​នានា​ត្រូវ​ពិនិត្យ​មើល​សាច់​ជ្រូក​ណា​មាន​ត្រា​អូស​ចាំ​ទិញ ព្រោះ​មានការ​បញ្ជាក់​ពី​សុខភាព​របស់​ពេទ្យសត្វ ហើយ​នៅ​តាម​ភូមិឋាន​ក៏​ដូច្នោះ​ដែរ ប្រសិនបើ​មាន​ជន​មក​ពី​ឆ្ងាយ​ដឹក​សាច់​ជ្រូក ដើរ​លក់​ក្នុង​តម្លៃ​ថោក​ក៏​មិន​ត្រូវ​ទិញ​មក​ចំអិន​ធ្វើ​ម្ហូប​នោះ​ទេ អាច​នឹង​រាយការណ៍​មក​ពេទ្យសត្វ​ប្រចាំ​ភូមិ ឫ​អាជ្ញាធរ​នៅ​មូលដ្ឋាន ដើម្បី​មាន​វិធានការ​លើ​ជនខិលខូច​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ