ខេត្តកំពង់ឆ្នាំង ៖ បើទោះបីមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង ដល់ប្រជាពលរដ្ឋ១២ គ្រួសារ ដែលកំពុងរស់នៅផ្ទះល្វែងនៅចំណុចផ្សារឆ្នាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អោយចាកចេញពីលំនៅដ្ឋាន ព្រោះមានហានិភ័យ អាចនឹងបាក់ស្រុត ឬរលំ ដោយសារតែមានអាយុកាលជិត១០០ឆ្នាំក្តី ក៏មកដល់ពេលនេះប្រជាពលរដ្ឋមួយភាគធំមិនទាន់ចេញពីផ្ទះល្វែងនោះនៅឡើយទេ អាចនឹងមានគ្រោះថ្នាក់នៅថ្ងៃណាសមួយជាពុំខាន ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំងបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើសំណង់អាគារលេខ១៣ល្វែង ចាប់ពីអាគារលេខ B134 ដល់B 147 ដែលមានប្រជាពលរដ្ឋ ១២ គ្រួសារ កំពុងរស់នៅ បានបញ្ជាក់ថា ៖ យោងតាមមន្ត្រីជំនាញដែលបានចុះធ្វើការសិក្សាស្រាវ ជ្រាវនៅអាគារខាងលើនេះ អាចនឹងបាក់ស្រុត រលំនៅថ្ងៃណាមួយជាមិនខាន ព្រោះតែអគារនេះមានអាយុកាលប្រមាណជិត១០០ ឆ្នាំទៅហើយ មានសភាពពុកផុយដោយកន្លែងទៀតផង ។
ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែស្នាក់នៅ មិនត្រូវដេក មិនត្រូវចូលជ្រក ឬសម្រាកឡើយ និងសូមផ្អាកធ្វើអាជីវកម្មលក់ដូរចាប់ពីថ្ងៃទី២៨ មិថុនា តទៅ ។ ក៏ប៉ុន្តែគិតមកដល់ពេលនេះជាងកន្លះខែទៅហើយ ប្រជាពលរដ្ឋទាំងនោះនៅមិនទាន់ចាកចេញនៅឡើយទេ ។
ជុំវិញបញ្ហានេះលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៦ កក្កដា បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា ៖ លោកបានជូនដំណឹងដល់អ្នករស់នៅលើផ្ទះល្វែងដែលមានអាយុកាលដ៏ចំណាស់នេះហើយ ប៉ុន្តែបើប្រជាពលរដ្ឋមិនព្រមចេញលោកមិនដឹងធ្វើម៉េចដែរ បើមានគ្រោះថ្នាក់សូមកុំបន្ទោសអាជ្ញាធរ ព្រោះអាជ្ញាធរបានជូនដំណឹងដល់ពួកគាត់ហើយ ។
យ៉ាងនេះក្តីតាមរយៈប្រពន្ឋ័ផ្សព្វផ្សាយ លោកសូមអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងអាគារខាងលើនេះ សូមមេត្តាចាកចេញ រកកន្លែងស្នាក់នៅបណ្តោះអាសន្ន ហើយសហការគ្នា វាយអាគារចាស់ ធ្វើអាគារថ្មីជាកម្មសិទ្ធផ្ទាល់ខ្លួនចុះ ព្រោះក្នុងចំណោមផ្ទះទាំង១៣ល្វែង មានមួយភាគជាអាគាររបស់រដ្ឋដែលអាជ្ញាធរខេត្តទើបសុំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរួចហើយដែរ ដើម្បីប្រគល់ជូនអ្នកដែលបានកាន់កាប់ តាំងពីដើមមក ។
គួររំលឹកដែរថា អគារផ្ទះល្វែង១៣ល្វែងខាងលើនេះគឺកសាងសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៣១ មកដល់ពេលនេះមានអាយុកាល៨៨ឆ្នាំហើយកំពុងមានសភាពទ្រុឌទ្រោមជាខ្លាំង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ