ខេត្តបន្ទាយមានជ័យ ៖ ករណីនេះ មិនអាចរកការបំភ្លឺភ្លាមៗបានទេ ពីតំណាងអយ្យការ ឬចៅក្រមស៊ើបអង្កេតជុំវិញសំណុំរឿងនេះ ។ ខណៈតំណាងប្រជាពលរដ្ឋបញ្ជាក់ថា មូលហេតុដែលពួកគាត់នាំគ្នាមកតវ៉ានៅមុខសាលាដំបូង គឺសុំឱ្យជួយរកយុត្តិធម៌និងដោះលែងយុវជន តែម វាសនា ដោយពួកគាត់ធានាចំពោះមុខច្បាប់ថា យុវជននេះ ជាមនុស្សល្អហើយមិនពាក់ព័ន្ធនឹងការលួចគាស់ផ្ទះយកទ្រព្យសម្បត្តិគេដ៏សន្ធឹកសន្ធាប់នោះឡើយ ។

គួរបញ្ជាក់ថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់ខ្លួនជនម្នាក់ពីបទលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ដែលគិតជាប្រាក់ប្រមាណ២០ម៉ឺនដុល្លារនិង៥០មុឺនបាត ។ ទោះបីជាបែបណា ការចាប់ខ្លួនជនសង្ស័យនេះ ត្រូវបានសាច់ញាតិប្រមាណ៤០នាក់នាំគ្នាលើកបដាតវ៉ាសុំឱ្យដោះលែង និងរកយុត្តិធម៌ឡើងវិញក ាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ នៅមុខសាលាដំបូង ដែលពួកគាត់អះអាងថាការចាប់ខ្លួននេះគ្មានភស្តុតាង និងអយុត្តិធម៌ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ថ្លែងថា ជនដែលត្រូវបានចាប់ឃាត់ខ្លួននេះឈ្មោះ តែម វាសនា ហៅទិត អាយុ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំរលួស ស្រុកស្វាយចេក ហើយការចាប់ឃាត់ខ្លួននេះគឺជាការអនុវត្តតាមដីកា ។

លោកបញ្ជាក់ថា ក្រោយពីទទួលដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចថៃ បានឃាត់ខ្លួនជនឈ្មោះ តែម វាសនា ហៅទិត កាលពីថ្ងៃទី៨ ខែកក្កដា នៅទីក្រុងបាងកក ប្រទេសថៃ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។

លោកមេបញ្ជាការរងឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលួចគាស់ផ្ទះយកទូដែកដាក់ទ្រព្យសម្បត្តិដែលមានគ្រឿងអលង្ការគិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ និង៥០ម៉ឺនបាត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្រោយពេលកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត គេឃើញមានប្រជាពលរដ្ឋប្រមាណ៤០នាក់ដែលជាសាច់ញាតិនាំគ្នាធ្វើការតវ៉ានៅមុខសាសាដំបូង ដោយសុំឱ្យមន្ត្រីសាលាដំបូង ជួយរកយុត្តិធម៌ និងសុំដោះលែងយុវជនជាប់ចោទឈ្មោះ តែម វាសនា ឱ្យមានសេរីភាពវិញ ។ (សម្រួលដោយ៖ស្រីណា)






ចែករំលែកព័តមាននេះ