ខេត្តកណ្តាល ៖ ជនសង្ស័យជាឃាតករបានឆ្លើយសារភាពថា ខ្លួនជាអ្នកសម្លាប់ជនរងគ្រោះ ព្រោះតែខឹងប្រចណ្ឌប្រពន្ធជាមួយខ្លួនគ្មានហេតុផល ។ ក្រោយពេលទាស់ពាក្យសម្ដីគ្នាជាមួយបុរសរងគ្រោះ ខ្លួនក៏ចាកចេញទៅផ្ទះ ប៉ុន្តែក្រោយមកដោយនឹកខឹងខ្លាំងពេក ទើបត្រឡប់ទៅកាន់ផ្ទះជនរងគ្រោះវិញ ដើម្បីសម្លាប់ចោល ។ លុះពេលដើទៅដល់ខ្យូសលក់ដីឡូត៍ឃើញជនរងគ្រោះកំពុងដេកលក់ម្នាក់ឯង ខ្លួនក៏យកខ្សែរឹតកសម្លាប់តែម្ដងទៅ ។
សូមបញ្ជាក់ថា ពិតជាចិត្តខ្លាំងមែន ដែលបុរសម្នាក់បានរឹតកសម្លាប់បុរសម្នាក់ទៀត ព្រោះតែខឹងបុរសនោះ ដែលប្រចណ្ឌប្រពន្ធជាមួយខ្លួន រហូតទាស់ពាក្យសម្ដីគ្នាមួយប្រាវ ខណៈបុរសជាប្តីត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ឃើញប្រពន្ធកំពុងនិយាយលេងជាមួយខ្លួនស្ងាត់ៗតែ២នាក់។ មិនតែប៉ុណ្ណោះ បន្ទាប់ពីទាស់ សម្តីគ្នាមួយប្រាវ បុរសជាប្តីបានស្ដីជេរប្រពន្ធរបស់ខ្លួន នៅចំពោះមុខខ្លួនថែមទៀតផង ទើបធ្វើឲ្យជននេះខឹងយ៉ាងខ្លាំងក៏ចាកចេញទៅ ។ លុះក្រោយមកនៅវេលាទៀបភ្លឺ ក៏បានត្រឡប់មកវិញ ឃើញបុរសជាប្តីកំពុងដេកនៅក្នុងខ្យូសម្នាក់ឯង ក៏រឹតកសម្លាប់តែម្ដងទៅ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែកក្កដា នៅចំណុចខ្យូសលក់ដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ជនសង្ស័យខាងលើនេះ ឈ្មោះ ធី សុខគីម អាយុ២៣ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ ហើយក្រោយពីចាប់ឃាត់ខ្លួននគរបាលដកហូតបានខ្សែពណ៌លឿង១ និងកាំបិតបុ័ងតោ១ ។ ចំណែកជនរងគ្រោះឈ្មោះ រ៉ុម សារាជ អាយុ២៣ឆ្នាំដូចគ្នា ជាជាងផ្សារដែក មានស្រុកកំណើតនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពងឆ្នាំង ប្រពន្ធឈ្មោះ ពិត ចាន់កែវ អាយុ២០ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ស្ត្រីជាប្រពន្ធបានបំភ្លឺប្រាប់នគរបាលថា នៅមុនពេលកើតហេតុ វេលាព្រលប់ថ្ងៃទី១៤ កក្កដា ប្តីរបស់នាងបានផឹកស្រាជាមួយបងប្អូន រហូតដល់ម៉ោងប្រហែល១០យប់ទើបឈប់ និងបែកគ្នាទៅរកកន្លែងដេករៀងៗខ្លួន ។ ចំណែកប្តីនាងមិនបានចូលទៅដេកទេ គឺចេញទៅរកច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិ៦ទៅ៧នាក់ងទៀត ។ លុះក្រោយមក ស្រាប់តែឃើញជនដៃដល់ឈ្មោះ ធី សុខគីម ដែលទើបត្រូវបានគេជួលឲ្យមកចាក់បេតុងពេលយប់បានប្រមាណ៣ម៉ោងប៉ុណ្ណោះ ដើរទៅរកនាង ហើយសួរនាងថា តើយប់ថ្មើរហ្នឹងហើយមិនទាន់ចូលដេកទៀត ? ខណៈនោះនាងឆ្លើយថា«នៅទេ»បន្ទាប់មក ជននេះក៏បានដើរចេញទៅបាត់ទៅ ចំណែកនាងមិនទាន់ចូលដេកនៅឡើយ គឺនៅអង្គុយចាំប្តី ។
ប្រភពដដែលបន្តថា បន្តិចក្រោយមក ជនសង្ស័យដើរត្រឡប់មកវិញ និងអង្គុយជជែកលេងជាមួយនាង ហើយរហូតដល់វេលាម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ទើបប្តីនាងត្រឡប់មកពីច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិវិញ ។ ខណៈនោះ ប្តីនាងខឹងយ៉ាងខ្លាំងព្រោះតែភ្លើងប្រចណ្ឌនាងជាមួយជនឈ្មោះ ធី សុខគីម ហើយលោកប្ដីក៏បានឈ្លោះជេរស្តីនាងយ៉ាងខ្លាំង ព្រមទាំង
ឈ្លោះជាមួយជនសង្ស័យយ៉ាងខ្លាំងផងដែរ ។
បន្ទាប់មក ជននេះបានដើរចេញទៅបាត់ទៅ ចំណែកប្ដីនាងបានដេញនាងឲ្យចូលដេក ហើយក៏ង៉ក់ងរមិនបានចូលដេកជាមួយនាងឡើយ និងបានចេញទៅបាត់ ឯនាងក៏មិនបានទៅតាមឡើយ ។ លុះដល់ព្រឹកឡើងនាងដើររក ស្រាប់តែប្រទះឃើញប្ដីស្លាប់នៅក្នុងខ្យូសបាត់ទៅហើយ ។ នគរបាលបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាននោះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក កម្លាំងផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុស្រុក រួមជាមួយគ្រូពេទ្យ និងអាជ្ញាធរភូមិ ឃុំ បានទៅពិនិត្យនិងធ្វើកោសល្យវិច័យ ។
ជាលទ្ធផល រកឃើញថាជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្មរឹតកសម្លាប់ ទើបខណៈនោះលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បញ្ជាឲ្យធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនដៃដល់នាំទៅធ្វើការសាកសួរ ទើបដឹងថាជននេះ គឺជាឃាតករសម្លាប់ជនរងគ្រោះ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ