ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥទ្ធិពល​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក…​សាច់លក់​អេ​សល់​​ពេញផ្សារអ្នកលឿង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក មិន​មាន​កើត​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង​ក្តី ប៉ុន្តែ​ឥទ្ធិពល​របស់​វា​បាន​គ្របដណ្តប់​លើ​សតិអារម្មណ៍​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ពួក​គាត់​លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក ដែល​បញ្ហា​នេះ ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ក្រុម​អាជីវករ​លក់សាច់​ជ្រូក អ្នកលក់​បាយ​សាច់​ជ្រូក បបរ​សាច់​ជ្រូក…

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក មិន​មាន​កើត​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង​ក្តី ប៉ុន្តែ​ឥទ្ធិពល​របស់​វា​បាន​គ្របដណ្តប់​លើ​សតិអារម្មណ៍​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ពួក​គាត់​លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក ដែល​បញ្ហា​នេះ ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ក្រុម​អាជីវករ​លក់សាច់​ជ្រូក អ្នកលក់​បាយ​សាច់​ជ្រូក បបរ​សាច់​ជ្រូក និង​ម្ហូបអាហារ​អំពី​សាច់​ជ្រូក​ត្អូញត្អែរ​គ្រប់​ៗ​គ្នា ថ្ងូរ​ដូច​ព្រាប​ទៅ​ហើយ ។

អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​អ្នក​លឿង​និយាយ​ថា កន្លះ​ខែ​មកនេះ​ ពួក​គាត់​លក់​អេ​រាល់ថ្ងៃ ម៉ូយ​លក់​បាយ​លក់​បបរ​ក៏​លក់​អត់​ដាច់​ដែរព្រោះ​គេ​បន្ថយ​ការ​ទិញ ។ ចំណែក​អ្នកស្រុក​តាម​ផ្ទះ​ទិញ​តែ​មាន់ ទា ត្រី​យក​ទៅ​ហូប ឯ​សាច់​ជ្រូក​គេ​លែង​ទិញ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ បើ​ទោះបី​ពួក​គាត់​អះអាង​ថា សាច់​ជ្រូក​ដែល​លក់​នេះ​សុទ្ធតែ​ល្អ មានការ​ពិនិត្យ​ច្បាស់លាស់​ពី​មន្ត្រី​ពេទ្យសត្វ​ក៏​ដោយ ក៏​គេ​ញញើត​ទិញ​យក​ទៅ​ហូប​ដែរ ។

អាជីវករ​ម្នាក់​និយាយ​ថា លក់​មិន​ដាច់​ទេ គិតម៉េច​ទៅ​បើ​ត្រឹមតែ​៤០​គីឡូក្រាម​លក់​មិន​អស់​ផង​នោះ? កាលពីមុន​លក់​១០០​គីឡូក្រាម​ឯណោះ ។ អ្នកលក់​ម្នាក់​ទៀត​និយាយ​ដែរ​ថា លក់​អត់​ដាច់​ហ្មង មូលហេតុ​មក​ពី​គេ​ប្រកាស​ថា​ជ្រូក​មាន​ជំងឺ ប៉ុន្តែ​តាម​ពិត​ទៅ​ពួក​គាត់​លក់​សុទ្ធតែ​ជ្រូក​ល្អ មាន​ពេទ្យសត្វ​ពិនិត្យ​ត្រឹមត្រូវ​ទើប​សាច់​ហ្នឹង​អាចយ​កមក​លក់​បាន ។ ឯ​អាជីវករ​ម្នាក់​ទៀត​ថា កាលពីមុន​កាប់​៥​ទៅ​៦​ក្បាល ឥឡូវ​នៅ​សល់​តែ​១​ក្បាល​ទេ មូលហេតុ​គេ​ផ្អើល​ថា​ជ្រូក​ឈឺ ទោះ​យើង​លក់​របស់​ល្អ​ក៏​គេ​អត់​ហ៊ាន​ទិញ​ដែរ ។

អាជីវករ​នៅ​ផ្សារ​អ្នក​លឿង មិនមែន​មាន​តែ​ក្រុម​អ្នកលក់​សាច់​ជ្រូក​ទេ​ដែល​ថ្ងូរ​ដូច​ព្រាប សូ​ម្បតែ​អ្នកលក់​បន្លែ ក៏​ទទួល​រង​ពី​ឥទ្ធិពល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ដែរ ។ ពួក​គាត់​បាន​លើក​ឡើង​ថា ពី​មុន​ពេល​គេ​ទិញ​សាច់​ជ្រូក​យក​ទៅ​ហូប គេ​ក៏​ទិញ​បន្លែ​ដែរ តែ​ពេល​នេះ​គេ​លែង​ទិញ​សាច់​ជ្រូក បន្លែ​របស់​ពួក​គាត់​ក៏​លក់​លែង​សូវ​ដាច់ ។ គេ​អត់​ហូប​សាច់​ជ្រូក គេ​អត់​ទិញ​បន្លែ ដែល​បន្លែ​នេះ​ត្រូវ​ឆា​ជាមួយ​សាច់​ជ្រូក បើ​គេ​អត់​ទិញ​សាច់​ជ្រូក បន្លែ​ក៏​អេ​ដែរ ។

ចំណែកឯ​អ្នកលក់​បាយ​សាច់​ជ្រូក បបរ​សាច់​ជ្រូក នៅ​តាម​ផ្ទះ​តាម​ចិញ្ចើមថ្នល់ ក៏​ត្អូញត្អែរ​មិន​ខុស​ពី​អ្នកលក់​សាច់​ជ្រូក​ដែរ ។ ពួក​គាត់​និយាយ​ថា ពី​មុន​គាត់​លក់​បាយ​មួយ​ឆ្នាំង បបរ​មួយ​ឆ្នាំង ម៉ោង​៨​ព្រឹក​មិន​ទាន់​ទេ គឺ​អស់ហើយ ប៉ុន្តែ​ពេល​នេះ​ម៉ោង​១០​ព្រឹក​ទៅ​ហើយ បាយ​និង​បបរ​នៅ​សល់​កន្លះ​ឆ្នាំង​នៅឡើយ ម៉ូយ​បាយ​ម៉ូយ​បបរ​គេ​លែង​ហ៊ាន​ហូប ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ពី​ជ្រូក ។ អ្នកលក់​បាយ​និង​បបរ​និយាយ​ទៀត​ថា ពេល​នេះ​ថយ​ចុះ​ខ្លាំង​ពី​មុន​សាច់​៦​គីឡូក្រាម ឥឡូវ​នៅ​តែ​២​គីឡូក្រាម​លក់​មិន​អស់​ផង មូលហេតុ​មក​ពី​គេ​មើល​តាម​ហ្វេ​សបុ​៊​ក តាម​ទូរទស្សន៍​ថា​ជ្រូក​អី​ុ​ចេះ​អី​ុ​ចុះ​ទៅ​គេ​អត់​ហ៊ាន​ហូប ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អាជីវករ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ទិញ​សាច់​ជ្រូក​យក​ទៅ​ទទួលទាន​វិញ​ផង ព្រោះ​សាច់​ជ្រូក​ដែល​ពួក​គាត់​លក់​ពុំ​មាន​ជំងឺ​អ្វី​ទេ ហើយ​ក៏​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​ពេទ្យសត្វ ។ ជាមួយ​គ្នា​នេះ ពួក​គាត់​ក៏​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​ពេទ្យសត្វ​មេត្តា​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ និង​ព្រួយបារម្ភ​លែង​ហ៊ាន​ហូប​សាច់​ជ្រូក ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា​ថា បញ្ហា​នេះ​មន្ទីរ​កសិកម្ម​ខេត្ត ក៏​បាន​យកចិត្តទុកដាក់​ខ្លាំង​ផង​ដែរ ដោយ​ចាត់​ឱ្យ​មន្ត្រី​កា​រិ​យាល័យ​ផលិតកម្ម​និង​បសុព្យាបាល ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ ឃុំ និង​នៅ​តាម​ផ្សារ​នានា​ជុំវិញ​ខេត្ត ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​យល់​ច្រឡំ ហើយ​ងាក​មក​ទទួលទាន​សាច់​ជ្រូក​ដូច​ធម្មតា​វិញ ។ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា លោក​ចុះ​ផ្សព្វផ្សាយ​នៅ​ផ្សារ​កំពង់ត្របែក ថ្ងៃ​ទី​១៦ ខែកក្កដា ចុះ​ផ្សព្វផ្សាយ​នៅ​ផ្សារ​ស្រុក​ស៊ី​ធរ​កណ្តាល ហើយ​និង​បន្ត​ធ្វើ​នៅ​តាម​ផ្សារ​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​ខេត្ត ជា​ពិសេស​នៅ​តាម​ស្រុក​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ដែល​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​តែ​ម្តង ។

ក្រសួងកសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក រក្សា​ភាព​ស្ងប់ស្ងាត់ និង​អត់ធ្មត់ ដោយ​ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​បសុព្យាបាល រួម​ទាំង​ឧបករណ៍​វិភាគ​ចុះ​ពិនិត្យ​ជា​បន្ទាន់​ដល់ទី​កន្លែង​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។ ចំណាត់ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ជំនាញ​បាន​សម្លាប់​សត្វ​ជ្រូក​ជិត​មួយ​ពាន់​ក្បាល ខណៈ​មាន​ជ្រូក​សរុប​ជាង​ពីរ​ពាន់​ក្បាល បាន​ងាប់ និង​ត្រូវ​បំផ្លាញ​ចោល ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ។

យោង​តាម​ក្រសួងកសិកម្ម​ថា ក្នុង​ករណី​លទ្ធផល​វិភាគ​សំណាក​ឈាម មិន​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​ជ្រូក​លក់​ជ្រូក​ចេញពី​តំបន់​នោះ​បាន ដើម្បី​ពលរដ្ឋ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹម​ជ្រូក​កន្លង​មក​សម្រាប់​ការ​បង់​បំណុល​ធនាគារ ។

ការ​ប្រកាស​យ៉ាង​ដូច្នេះ​របស់​ក្រសួងកសិកម្ម គឺជា​ការ​ឆ្លើយ​តប​នឹង​កង្វល់​របស់​អ្នក​ចិញ្ចឹម​ជ្រូក​ដែល​ព្រួយ​បារម្ភ ពី​វិធានការ​ទប់ស្កាត់​របស់​មន្ត្រី​ជំនាញ ដែល​ហាមឃាត់​ការ​ទិញ លក់​ជ្រូក នៅ​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​នៅ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយ​រៀង និង​ខេត្តតាកែវ កាលពី​ពេល​ថ្មី​ៗ​នេះ ។នៅ​គ្រា​ដែល​មាន​ផ្ទុះ​ជំងឺ​នេះ ក្រសួងកសិកម្ម​បាន​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​ចិញ្ចឹម ទិញ លក់ និង​ដឹក​ជ​ញ្ជួ​ន​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ពី​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​នេះ ។

មន្ត្រី​ជំនាញ​ពី​ក្រសួងកសិកម្ម​បាន​ថ្លែង​ថា ក្រុម​ជំនាញ​បាន​សម្លាប់សត្វ​ជ្រូក យ៉ាង​ហោច​ណាស់​ចំនួន​៧៩៨​ក្បាល ខណៈ​មាន​ជ្រូក​សរុប​ជាង​២.០០០​ក្បាល​បាន​ងាប់ និង​ត្រូវ​បំផ្លាញ​ចោល ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។ តាម​អ្នកជំនាញ​ថា​ជ្រូក​មួយ​ក្បាល មាន​តម្លៃ​ប្រមាណ​២០០​ដុល្លារ ដូច្នេះ​ចំពោះ​ការ​បង្ក្រាប​ជ្រូក​មាន​ជំងឺ​នេះ គឺ​មានការ​ខាតបង់​ប្រាក់​ប្រមាណ​ជា​៤០​ម៉ឺន​ដុល្លារ ។

គួរ​រំលឹក​ដែរ​ថា នៅ​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិតខាង​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វេ​ង សា​ខុន បាន​ព្រមាន​ថា​នឹង​ដក​តំណែង​មន្ត្រី​បសុពេទ្យ​ណា ដែល​មានការ​ធ្វេសប្រហែស​នឹង​ការងារ ខណៈ​ប្រធាន​ការិយាល័យ​បសុពេទ្យ​មួយ​រូប នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ដក​ពី​តំណែង ដោយសារ​មិន​មាន​កិច្ចសហការ​ពេញលេញ​នៅ​ក្នុង​ការងារ​នេះ ៕​​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ