ខេត្តកំពត ៖ ម្ចាស់បង្គារ២នាក់ ដែលម្នាក់ឈ្មោះ អ៊ុក មាស អាយុ៤៥ឆាំ្ន នៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាចនិងម្នាក់ទៀតនៅភូមិព្រែកចាក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់តាច បានដាក់ពាក្យប្តឹងមន្ត្រីអាវុធហត្ថខេត្តនិងមន្ត្រីតុលាការ ដែលចុះទៅចាប់បង្គាពួកគាតប្រមាណ២០០គីឡូក្រាមដឹក
តាមរថយន្តទួរីស២គ្រឿង កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១០ ខែកក្កដា នៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។ បន្ទាប់ពីចាប់ហើយ គឺមិនបានបញ្ជូនរថយន្តនិងបង្គាទៅសាខាគយនិងរដ្ឋា ករភ្លាមៗទេ ទុករហូតដល់ម៉ោង៥ល្ងាចទាល់តែបង្គាមានក្លិនស្អុយទើបបញ្ជូនទៅដល់សាខាគយ ។

មន្ត្រីគយបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដាថា ខាងគយមិនបានចុះទៅចាប់ទេ តែដល់បង្គាងាប់អស់ទៅហើយទើបយកមកឱ្យគយ ។ មន្ត្រីគយដដែលបាននិយាយប្រាប់ម្ចាស់បង្គាថា បង្គានេះងាប់ស្អុយអស់ហើយមិនត្រូវការបង់ពន្ធអីទៀតទេ រួមទាំងរថយន្ត២គ្រឿងផង ។ ចំណែកមន្ត្រីសាខាកាំកុងត្រូលខេត្តក៏មកដល់ទីស្នាក់ការសាខាគយដែរនិងនិយាយថា ខាងសាខាកាំកុងត្រូលក៏មិនបានចុះទៅចាប់ហើយក៏មិនបានពិនិត្យអីដែរ បើងាប់ស្អុយរលួយទៅហើយនោះ ។

មន្ត្រីសាខាកាំកុងត្រូលបានប្រាប់ទៅម្ចាស់បង្គាថា ចង់ប្ដឹងនរណាក៏ប្ដឹងទៅ ហើយនៅព្រឹកថ្ងៃទី១២កក្កដា ខាងគយនិងកាំកុងត្រូលបានដឹកបង្គាងាប់ស្អុយនោះយកទៅកប់នៅជើងភ្នំកកេះ ក្នុងក្រុងកំពត ។លោក អ៊ុក មាស ជាម្ចាស់បង្គានិយាយថារថយន្តគាត់រត់តាក់សុីនិងដឹកបង្គា២០ទៅ៣០គីឡូក្រាមផង ប៉ុន្តែអំណាចរបស់អាវុធហត្ថ និងតុលាការហាក់ដូចមកចាប់បទល្មើសអ្វីមួយគួរឱ្យភ្ញាក់ផ្អើល ។ បើចាប់ក៏ចាប់ចុះ តែសុំបង្គាយកទៅលក់សិន ទុករថយន្តតម្កល់ឱ្យគយ តែមិនព្រមឲ្យទុករហូតទាល់តែបង្គាស្អុយទើបយកឱ្យគយ ។

លោក អ៊ុក មាស និយាយទៀតថា បើបុិនចាប់អីុចឹង ចុះគេដឹកបង្គារាប់តោននៅចំណុចនោះដែរម៉េចមិនចាប់គេទៅ ។ ម្ចាស់បង្គារូបនេះ គ្រោងដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្ត ឱ្យលោកអភិបាលខេត្តជួយអន្តរាគមន៍រឿងចាប់បង្គាអត់មានមន្ត្រីជំនាញចុះទៅចាប់នេះ ៕ (សម្រួលដោយ៖ ស្រីណា)


ចែករំលែកព័តមាននេះ