ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ខាងក្រៅ​បាតុកម្ម​ធំ​នៅ​ក្រុង​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​នានា កាលពី​យប់​ថ្ងៃ​ទី​១៤​ ខែកក្កដា ឆ្នាំ​២០១៩ ​រវាង​ប៉ូលិស ​និង​ពួក​​បាតុករ ក្រោយ​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ធំ​មួយ សម្រាប់​ស​ប្ដា​ហ៍​ទី​៥…

ក្រុង​ហុងកុង ៖ មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​នានា កាលពី​យប់​ថ្ងៃ​ទី​១៤​ ខែកក្កដា ឆ្នាំ​២០១៩ ​រវាង​ប៉ូលិស ​និង​ពួក​​បាតុករ ក្រោយ​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ធំ​មួយ សម្រាប់​ស​ប្ដា​ហ៍​ទី​៥ ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ហុងកុង​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។

នា​ថ្ងៃ​ទី​១៤ ​កក្កដា​នោះ ជា​ច្រើន​លើក​កងកម្លាំង​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច​និង​ដំបង ប្រឆាំង​ពួក​អ្នក​តវ៉ា​ជា​​ក្រុម​តូច​ៗ ដែល​តបត​វិញ​ដោយ​គប់​ដប​ និង​របស់របរ​ឯទៀត​ៗ​។ ការ​ប៉ះទង្គិច​គ្នា​ដែល​តឹងតែង​ជាងគេ កើត​​មាន​នា​ពេល​ល្ងាច​ខាងក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ដែល​មាន​ហាង​លក់​សម្លៀក​បំពាក់​ទំនើប​ៗ​ជា​​ច្រើន ។ ពួក​អ្នក​តវ៉ា​ជា​ច្រើន​បាន​រត់​ចូល​ទីនោះ ក្រោយ​ការ​បង្ក្រាប​របស់​ប៉ូលិស​។ ពេល​ចូល​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​នោះ ប៉ូលិស​រង​ការ​គប់​របស់របរ​នានា​ពី​ជាន់​ខាងលើ​មក បណ្ដាល​ឲ្យ​ប៉ូលិស​ម្នាក់​រង​របួស​ដួល​សន្លប់ និង​មាន​ស្នាម​ឈាម​នានា​នៅ​លើ​ដី​។ ការពារ​ខ្លួន​ដោយ​ខែល​និង​ដំបង​ប៉ូលិស​បាន​សម្រុក​ឡើង​ទៅ​ខាង​ជាន់​លើ ហើយ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​។

ការ​ប៉ះទង្គិច​គ្នា​ឯទៀត​ៗ​កើត​មាន​មុន​នេះ រវាង​ប៉ូលិស​និង​បាតុករ​មួយ​ក្រុម​តូច ដែល​លាក់ខ្លួន​នៅ​តាម​ដង​វិ​ថី​មួយ ជិត​កន្លែង​មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ដើម្បី​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ក្នុង​សង្កាត់​សា​ទី​ន។

ក្រុង​ហុងកុង​ជួប​ប្រទះ​ចាប់តាំងពី​ជាង​មួយ​ខែ​មក​ហើយ នូវ​បាតុកម្ម​ធំ​ៗ​ដែល​ពី​ដំបូង​ប្រឆាំង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ដែល​ក្រោយមក​បាន​ផ្អាក​វិញ​។ បន្ទាប់​មក​មាន​បាតុកម្ម​តវ៉ា​កាន់តែ​ទូលំ​ទូលាយ ទាក់ទិន​ដល់​ការ​ថែរក្សា​បណ្ដា​សមិទ្ធផល​នៃ​លទ្ធិប្រជាធិបតេយ្យ ពិសេស​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ឯករាជ​ភាព​របស់​តុលាការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ