ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ក្នុង​ផ្សារ​អ្នក​លឿង​ត្អូញត្អែ​ថា លក់​សាច់​ជ្រូក​អត់​ដាច់​រាល់ថ្ងៃ​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ទាន់​ផ្ទុះ​កើត​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង​ក៏​ពិតមែន ប៉ុន្តែ​​បាន​​ធ្វើ​អោយ​ប្រជាពលរដ្ឋ​លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ថែម​ទៀត​ផង កត្តា​នេះ​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​អាជីវករ​លក់​សាច់​ជ្រូក និង​អ្នកលក់​បាយ លក់​បបរ​សាច់​ជ្រូក នាំ​គ្នា​ត្អូញត្អែរ​គ្រប់​គ្នា​។ អាជីវករ​លក់​សាច់​ជ្រូក​ក្នុង​ផ្សារ​អ្នក​លឿង​បាន​លើក​ឡើង​ថា…

ខេត្តព្រៃវែង ៖ បើ​ទោះបីជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ទាន់​ផ្ទុះ​កើត​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង​ក៏​ពិតមែន ប៉ុន្តែ​​បាន​​ធ្វើ​អោយ​ប្រជាពលរដ្ឋ​លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ថែម​ទៀត​ផង កត្តា​នេះ​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​អាជីវករ​លក់​សាច់​ជ្រូក និង​អ្នកលក់​បាយ លក់​បបរ​សាច់​ជ្រូក នាំ​គ្នា​ត្អូញត្អែរ​គ្រប់​គ្នា​។

អាជីវករ​លក់​សាច់​ជ្រូក​ក្នុង​ផ្សារ​អ្នក​លឿង​បាន​លើក​ឡើង​ថា កន្លះ​ខែ​មកនេះ​ជ្រូក​របស់​ពួក​គាត់​លក់​អេ​រាល់ថ្ងៃ ម៉ូយ​លក់​បាយ​លក់​បបរ​លក់​អត់​ដាច់​គេ​បន្ថយ​ការ​ទិញ ចំណែក​អ្នកស្រុក​តាម​ផ្ទះ​ទិញ​តែ​សាច់​មាន់ ​ទា​ និង​ត្រី​យក​ទៅ​ហូប ចំណែក​សាច់​ជ្រូក​គេ​លែង​ទិញ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ បើ​ទោះបី​ពួក​គាត់​អះអាង​ថា សាច់​ជ្រូក​ពួក​គាត់​សុទ្ធតែ​ល្អ​ៗ និង​មានការ​ពិនិត្យ​ច្បាស់លាស់​ពី​មន្ត្រី​ពេទ្យសត្វ​ក៏​ដោយ ក៏​គេ​មិន​ហ៊ាន​ទិញ​យក​ទៅ​ហូប​ដែរ​។

តាម​ប្រភព​ពី​អាជីវករ​លក់​សាច់​ជ្រូក​តូប​លេខ ០០៦៧០ បាន​រៀបរាប់​ថា គាត់​លក់​សាច់​ជ្រូក​មិន​ដាច់​ទេ បើ​មួយ​ថ្ងៃ សាច់​ជ្រូក​៤០​គីឡូក្រាម​លក់​មិន​ដាច់​ផង ដែល​កាលពីមុន​លក់​១០០​គីឡូក្រាម​ឯណោះ ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​គាត់​ពិបាកចិត្ត​ខ្លាំង​ណាស់ ។

តាម​ប្រភព​ពី​អាជីវករ​លក់​សាច់​ជ្រូក​តូប​លេខ ០០៦៧៤ ​បាន​រៀបរាប់​ថា លក់​អត់​ដាច់​ទេ ក្រោយ​ពី​មានការ​ប្រកាស​ថា​ជ្រូក​មាន​ជម្ងឺ ប៉ុន្តែ​ពួក​គាត់​លក់​សុទ្ធតែ​សាច់​ជ្រូក​ល្អ​ៗ ព្រោះ​មាន​មន្ត្រី​ពេទ្យសត្វ​ចុះ​មក​ពិនិត្យ​ត្រឹមត្រូវ ទើប​យក​សាច់​ជ្រូក​មក​លក់ ។

តាម​ប្រភព​ពី​អាជីវករ​លក់​សាច់​ជ្រូក​តូប​លេខ ០០៦៧៦ បាន​បាន​រៀបរាប់​ថា គាត់​លក់​អត់​ដាច់​ទេ កាលពី​ពី​មុន​កាប់​ជ្រូក​លក់​ពី​៥​ទៅ​៦​ក្បាល ឥឡូវ​នៅ​សល់​តែ​១​ក្បាល​ទេ មូលហេតុ​គេ​ផ្អើល​ថា​ជ្រូក​ឈឺ ទោះបី​យើង​លក់​សាច់​ជ្រូក​ល្អ​ក៏​គេ​អត់​ទិញ​ដែរ ។

មិនមែន​មាន​តែ​ក្រុម​អាជីវករ​លក់​សាច់​ជ្រូក​នោះ​ទេ​ដែល​ត្អូញត្អែរ​ថា​លក់​អត់​ដាច់ សូ​ម្បី​តែ​ក្រុម​អាជីវករ​លក់​បន្លែ​ក៏​លក់​អត់​ដាច់​ដែរ ​ព្រោះ​សារ​រង​ឥទ្ធិពល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះផង​​ដែរ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ពី​មុនគេ​ទិញ​សាច់​ជ្រូក​យក​ទៅ​ហូប គេ​ក៏​ទិញ​បន្លែ​ដែរ ហើយ​ពេល​នេះ​គេ​លែង​ទិញ​សាច់​ជ្រូក បន្លែ​​របស់​ពួក​គាត់​ក៏​លក់​លែង​សូវ​ដាច់​ដែរ​។

តាម​ប្រភព​ពី​អាជីវករ​លក់​បន្លែ​តូប​លេខ ០០៦៧៨ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពេល​គេ​អត់​ហូប​សាច់​ជ្រូក គេ​ក៏​អត់​ទិញ​បន្លែ​គាត់​ដែរ ព្រោះ​បន្លែ​ត្រូវការ​ឆា​ជាមួយ​សាច់​ជ្រូក បើ​គេ​អត់​ទិញ​សាច់​ជ្រូក បន្លែ​ក៏​លក់​អត់​ដាច់​ដែរ​។

ចំណែកឯ​ក្រុម​អ្នកលក់​បាយ​សាច់​ជ្រូក និង​បបរ​សាច់​ជ្រូក នៅ​តាម​ផ្ទះ និង​តាម​ចិញ្ចើមថ្នល់ ក៏​ត្អូញត្អែរ​មិន​ខុស​ពី​អ្នកលក់​សាច់​ជ្រូក​ដែរ ដោយ​ពួក​គាត់​បាន​និយាយ​ថា ពី​មុន​គាត់​លក់​បាយ​មួយ​ឆ្នាំង និង​បបរ​មួយ​ឆ្នាំង ម៉ោង​៨​ព្រឹក​មិន​ទាន់​ទេ​គឺ​អស់ហើយ ប៉ុន្តែ​ពេល​នេះ​រហូត​ដល់​ម៉ោង​១០​ព្រឹក បាយ​និង​បបរ​នៅ​សល់​កន្លះ​ឆ្នាំង​នៅឡើយ ម៉ូយ​បាយ ម៉ូយ​បបរ​គេ​លែង​ហ៊ាន​ហូប ព្រោះ​ខ្លាច​ឆ្លង​ជម្ងឺ​ពី​ជ្រូក​។

ជុំវិញ​បញ្ហា​នេះ ក្រុម​អាជីវករ​ទាំងអស់ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ទិញ​សាច់​ជ្រូក​យក​ទៅ​ទទួលទាន​វិញ​ផង ព្រោះ​សាច់​ជ្រូក​ដែល​ពួក​គាត់​លក់​ពុំ​មាន​ជំងឺ​អ្វី​ទេ ហើយ​ក៏​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ ពួក​គាត់​ក៏​ស្នើ​សុំ​អោយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ពេទ្យសត្វ មេត្តា​ជួយ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ កុំអោយ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ និង​ព្រួយបារម្ភ​បញ្ហា​បែប​នេះ​ទៀត​។

ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តព្រៃវែង បានអោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ថា បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ផង​ដែរ ដោយ​បាន​ចាត់​អោយ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ​ឃុំ និង​នៅ​តាម​ទីផ្សារ​សំខាន់​ៗ​ជុំវិញ​ខេត្ត ដើម្បី​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំអោយ​មានការ​យល់​ច្រឡំ ហើយ​ងាក​មក​ទទួលទាន​សាច់​ជ្រូក​ដូច​ធម្មតា​វិញ ។

ដោយ​ថ្ងៃ​ទី​១៥ កក្កដា​នេះ លោក​កំពុង​ចុះ​ផ្សព្វផ្សាយ​នៅ​ផ្សារ​កំពង់ត្របែក ហើយ​នី​ថ្ងៃ​ទី​១៦ កក្កដា នេះ លោក​នឹង​ចុះ​ផ្សព្វផ្សាយ​នៅ​ផ្សារ​ស្រុក​ស៊ី​ធរ​កណ្តាល ហើយនឹង​បន្ត​ធ្វើ​នៅ​តាម​ផ្សារ​ជា​ច្រើន​ទៀត នៅ​ទូ​ទាំង​ខេត្តព្រៃវែង ជា​ពិសេស​នៅ​តាម​បណ្តា​ស្រុក​ដែល​មាន​ព្រំប្រទល់​ជាប់​និង​ខេត្ត​ដែល​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ