ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​ធនធានមនុស្ស​លើកកម្ពស់​បច្ចេកវិទ្យា​ក​សិ កម្ម ឧស្សាហកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​បន្ត​កិច្ច​ខិតខំ​ព​ន្លឿ​ន​ការ​អនុវត្ត​កម្មវិធី និង​អាទិភាព​គោលនយោបាយ​សំខាន់​ៗ​ដូច​ជា បន្ត​អភិវឌ្ឍន៍​ធនធានមនុស្ស​លើកកម្ពស់​វិស័យ​កសិកម្ម ឧស្សាហកម្ម ការងារ​វិមជ្ឈការ…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​បន្ត​កិច្ច​ខិតខំ​ព​ន្លឿ​ន​ការ​អនុវត្ត​កម្មវិធី និង​អាទិភាព​គោលនយោបាយ​សំខាន់​ៗ​ដូច​ជា បន្ត​អភិវឌ្ឍន៍​ធនធានមនុស្ស​លើកកម្ពស់​វិស័យ​កសិកម្ម ឧស្សាហកម្ម ការងារ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រព័ន្ធ​រដ្ឋបាល​សាធារណ​មួយ​កាន់តែ​ស្អាតស្អំ ឆ្លាត​វៃ និង​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

សម្តេច​បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​បើក​សិក្ខាសាលា​ស្វែង​យល់​ពី​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណ​សម្រាប់​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ​នៅ​វិមាន​រដ្ឋសភា ។

សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណ ឆ្នាំ​២០១៨ ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​សម​ស្រប​ធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន និង​បាន​ជំរុញ​ដល់​ការ​វិនិយោគ​ទាំង​ក្នុងស្រុក និង​វិនិយោគ ផ្ទាល់​ពី​បរទេស ហើយ​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​សម្រេច​បាន​លើស​ពី​ការ​រំពឹង​ទុក​រហូត​ដល់ ៧,៥% ។

ក្នុង​នាម​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត និង​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​រក្សា និង​ធានា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​រឹង​មាំ និង​មាន​និរន្ត​ភាព និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ។ សម្តេច​បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល​បន្ត​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​វិស័យ​សាធារណ​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិការណ៍​នៃ​ចរន្ត​វិវត្តន៍​សេដ្ឋកិច្ច​តំបន់ និង​សកលលោក ។ បន្ត​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ផ្តោត​លើ​ការ​បង្កើន​ផលិតភាព ពិពិធ​កម្ម ការ​កែ​ច្នៃ​កសិផល និង​ពាណិជ្ជ​រូប​នី​យ​កម្ម ។

ជាមួយ​គ្នា​នេះ​សម្តេច​បាន​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សំដៅ​បង្កើន​សង្វា​ក់​ផលិតកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ក្នុង​នោះ​ការ​បន្ត​រៀបចំ​ផែនការមេ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គោលដៅ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​អន្តរជាតិ និង​ត្រៀម​ចំពោះ​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​ជាយថាហេតុ ។ លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការ​ធ្វើការ​កែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ឱ្យ​កាន់តែ​ប្រសើរ​សំដៅ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ស្រទាប់វណ្ណៈ ។

ដើម្បី​រួមចំណែក និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​កសាង និង​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណ​ឱ្យ​សម្រេច​បាន​ជោគជ័យ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​បន្ត​លើកកម្ពស់​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ផង​ដែរ ។ សម្តេច​លើក​ឡើង​ថា រដ្ឋសភា និង​ព្រឹទ្ធសភា​ត្រូវ​បន្ត​ការ​សិក្សា​ស្រាវជ្រាវ និង​ផ្តួចផ្តើម​គំនិត​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​នានា​ដែល​មាន​ភាព​ខ្វះចន្លោះ ឬ​មិន​ទាន់​ស្រប​ទៅ​នឹង​សភាពការណ៍​សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត ជា​ពិសេស​ច្បាប់​នានា​ដែល​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក​បណ្ឌិត​រដ្ឋ ជាម យៀ​ប ប្រធាន​គណកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​សម្រេច​បាន​ក្នុង​ការ អនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ និង​លទ្ធផល​នៃ​ការ​អនុវត្ត​ដើមឆ្នាំ​នៃ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ក៏​ដូច​ជា ការ​វិភាគ​យ៉ាង​ល្អិតល្អន់​ស៊ីជម្រៅ​ទាំង​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ ដែល​អាច​មាន​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ និង​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​គោលបំណង​បន្ត​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចីរភាព​កំណើន និង​ពង្រឹង​ភាព​ធន់ និង​មាន​ភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច ។ការ​បន្ត​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន និង​ការ​ថយ​ចុះ​ជាង​ការ​រំពឹង​ទុក​នូវ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក៏​អាច​នឹង​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ទាប​ផង​ដែរ​។

ចំណែក​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ជម្រាប​សិក្ខាសាលា​ថា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ កម្ពុជា​បន្ត​រក្សា​បាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រឹង​មាំ ដែល​ទាំង​អស់នេះ គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ អភិវឌ្ឍ​ប្រទេស ។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រេច​បាន​៧,៥% ដែល​ជា​កំណើន​មួយ​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ ។

លោក​បាន​គូសបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​រំពឹង​ទុក​ថា នឹង​មាន​ក្នុង​រង្វង់​៧,១% ។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​ជំរុញ​អនុវត្ត​វិធានការ​មុត​ស្រួច​ជា​កញ្ចប់​សំដៅ​ព​ន្លឿ​ន​ការ​កែទម្រង់​ជា​ច្រើន​ដូច​ជា ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​កាត់​បន្ថយ​ចំណាយ​ផ្លូវការ និង​ផ្លូវការ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ជាដើម​ក្នុង​គោលដៅ​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការ​ធ្វើ​ធុរកិច្ច ដើម្បី​បង្កើន​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគ​គិ​ន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ