រាជធានីភ្នំពេញ ៖ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដាស់តឿនអ្នកលួចរកស៊ីកាប់ឈើថា មិនថា អ្នកធំ ឬអ្នកតូច អ្នកមាន ឬអ្នកក្រនោះទេ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់ ។

លោកមេបញ្ជាការបានព្រមានថា ឲ្យតែរកឃើញថា ប្រព្រឹត្តបទល្មើសព្រៃឈើនឹងត្រូវបង្ក្រាបទាំងមនុស្ស និងមធ្យោបាយ ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ កក្កដានេះ បានស្នើដល់ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្តចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់អោយបានរឹងតឹង ។
តាមការពិនិត្យ ដីសម្បទានមួយចំនួនមិនអាចដាំដំណាំកសិឧស្សាហកម្មដូចជា កៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង ។ លោកបន្តថា ក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តដាច់ខាត ។ លោកបញ្ជាក់ថា«បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើងមិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន ។ មុខរបរមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់» ។
លោកបានគូសបញ្ជាក់ថា «លើកនេះជនល្មើសមិនថា អ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់ ។ អោយតែរកឃើញថា ទង្វើនោះជាបទល្មើសត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស ។ មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងគណៈកម្មការក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៍ច្បាប់ដូចគ្នា បើរកឃើញថា ផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ