ទោះ​ឡាន​​​តម្លៃ​ខ្ទង់សែន​ដុល្លារ​ក្តី…15​គ្រឿង​​ដុត​បំផ្លាញ​ចោល​ខ្ទេច


ខេត្តស្ទឹងត្រែង-ក្រចេះ​ ៖ រថយន្ត​ប្រភេទ​ធុន​ធ្ងន់​(​បា​កុង​)​ចំនួន​៦​គ្រឿង​ ដែល​ជា​មធ្យោបាយ​បម្រើ​ឱ្យ​បទ ល្មើស​​ព្រៃឈើត្រូវ​បាន​ដុត​បំផ្លាញ​ចោល នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ កក្កដា ។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​មានការ​ដុត​បំផ្លាញ​ចោល​រថយន្ត​ដែល​មាន​តម្លៃ​ខ្ទង់សែន​ដុល្លារ​ទាំងនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ខេត្ត​ចំនួន​ពីរ​ផ្សេង​ទៀត ក៏​មានការ​ដុត​កម្ទេច​ចោល​ដែរ ដូច្នេះ​គឺ​មាន​ខេត្ត​ចំនួន​បី​ហើយ នៅ​តំបន់​ខ្ពង់រាប ក្នុង​នោះ​មាន​ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។

ស្ថិត​នៅ​ទីតាំង​កម្ទេច​រថយន្ត​ឆ្អឹង​សម្បូរ​ដោយ​ដែក​នោះ មាន​វត្តមាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹង
ត្រែង ដឹកនាំ​ដោយ​លោក ឈា​ត វាសនា មេបញ្ជាការ​ស្តីទី​និង​លោក ដួង វិចិត្រ មេញ្ជា​ការ​រង​ទទួល​ការងារ​សន្តិសុខ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុក​សេ​សាន លោក ចៅ មុន្នី​រ៉ា នាយក​រដ្ឋបាល​សាលាខេត្ត​តំណាង​ឱ្យ​លោក​អភិបាលខេត្ត និង​អាជ្ញាធរ​ថ្នាក់​ភូមិ​ឃុំ​ផង​ដែរ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ដើមចម ដែល​នាំ​ដល់​ការ​ដុត​បំផ្លាញ​ចោល​រថយន្ត​ខាងលើ​នេះ ត្រូវ​គេ​បង្ហើប​ឡើង​ថា រថយន្ត​ទាំង​៦​គ្រឿង​ខាងលើ​ជា​វត្ថុ​តាង បម្រើ​ឱ្យ​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ព្រៃឈើ​នៅ​ខេត្តមណ្ឌល​គិរី។

ក្រោយ​ពេល​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ចេញ​កណ្តាប់ដៃ​ដែក បញ្ជា​ផ្ទាល់​ឱ្យ​ចាប់​ដុត​ចោល​នៅ​នឹង​កន្លែង​រាល់​វត្ថុ​តាង​បម្រើ​ឱ្យ​បទល្មើស​ព្រៃឈើ​រួម​មាន​រថយន្ត ម៉ូតូ និង​គោ​យន្ត​កែ​ច្នៃ​ផង​នោះ រថយន្ត​ទាំង​៦​គ្រឿង​នេះ បាន​បើក​គេច​ពី​ស្រុក​កោះ​ញែក មក​លាក់​ទុក​នៅ​ស្រុក​សេ​សាន ទើប​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ស្រាវជ្រាវ រហូត​រឹប​អូ​ម​នៅ​មុខ​សាលា​អនុ​វិទ្យាល័យ​ស្រែ​ស្រណុក​ចំនួន​៤​គ្រឿង និង​នៅ​ភូមិ​ច្រប់​ចំនួន​២​គ្រឿង ។

ប្រភព​ដដែល​នោះ​ថា ខណៈ​កម្លាំង​កងរាជអាវុធហត្ថ​រឹបអូស​ពុំ​មាន​បុគ្គល​ណា​ម្នាក់​ចេញ​មុខ​អះអាង​ជា​រថយន្ត​របស់​ខ្លួន​ឡើយ ។

រថយន្ត​បា​កុង​កែ​ច្នៃ​ដឹកឈើ​៩​គ្រឿង ត្រូវ​បាន​រឹបអូស​និង​ដុត​កម្ទេច
ខេត្តក្រចេះ ៖ រថយន្ត​បា​កុង​យ៉ាង​ហោច​ណាស់​៩​គ្រឿង ដែល​សុទ្ធ​សឹង​ជា​រថយន្ត​កែ​ច្នៃ​សម្រាប់​ដឹកឈើ​នៅ​ក្នុង​ព្រៃ ត្រូវ​បាន​ក្រុម​មន្ត្រី​អាវុធ​ហេ​ត្ថ​ខេត្ត​ស្រាវជ្រាវ​ចាប់​យក​មក​ដុត​កម្ទេច​ចោល នៅ​២​គោលដៅ​ក្នុងស្រុក​ផ្សេង​គ្នា ក្នុង​ប្រតិបត្តិការ​រុករក​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២-១៣ កក្កដា ។

ទោះជា​យ៉ាងណា​ប្រតិបត្តិការ​ដុត​កម្ទេច​រថយន្ត​កែ​ច្នៃ ដែល​ក្រុម​មន្ត្រី​អាវុធហត្ថ កំណត់​ថា ជា​ពពួក​រថយន្ត​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឈើ​នេះ​បាន​ដុត​កម្ទេច ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រៃ​ចំនួន​២​គោលដៅ​ផ្សេង​គ្នា គឺ​មិន​មាន​សមាសភាព​មន្ត្រី​ជំនាញ​មក​ពី​ស្ថាប័ន ផ្សេង​ណាមួយ​ចូលរួម ក្រៅពី​មាន​តែ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា គោលដៅ​ទី​១ ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​គ្រញូង​សែន ជ័យ ស្រុក​ស្នួល កាលពី​ថ្ងៃ​ទី​១២ កក្កដា ក្នុង​នោះ មាន​រថយន្ត​បា​កុង​២​គ្រឿង ត្រូវ​បាន​ដុត កម្ទេច និង​គោលដៅ​ទី​២​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ កក្កដា នៅ​ព្រៃ​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ក្នុង​នោះ​មាន​រថយន្ត​បា​កុង​ចំនួន​៧​គ្រឿង ត្រូវ​បាន​ដុត​កម្ទេច ។

មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត លោក​វរសេនីយ៍ឯក ឡុ​ង យឹ​ង បាន​ឲ្យ​ដឹង​ថា រថយន្ត​បា​កុង​ទាំង​៩​គ្រឿង ត្រូវ​បាន​ក្រុម​មន្ត្រី​របស់​លោក រុករក​ឃើញ​នៅ​តាម​ព្រៃ​ចម្ការ​ដែល​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​បាន​យក​មក​លាក់​ទុក ។ តែ​យ៉ាងណា​ការ​ចុះ​ស្រាវជ្រាវ ចាប់​ពពួក​រថយន្ត​ទាំងនេះ ក្រុម​មន្ត្រី​មិន​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ដែល​ពាក់​ព័​ន្ឋ​នោះ​ទេ តែ​ករណី​នេះ ក៏​ត្រូវ​បាន លោក ឡុ​ង យឹ​ង មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត អះ​អាង​ប្រាប់​ថា កម្លាំង​អាវុធហត្ថ​និង​បន្ត​ការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ទាំងនេះ ដើម្បី​មាន​វិធានការ ។

លោក​មេបញ្ជាការ​រង​បាន​អះអាង​ប្រាប់​ទៀត​ថា ករណី​នេះ​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពុង តែ​បន្ត​ប្រ​តិ​បត្ត​ការ​ចុះ​ស្រាវជ្រាវ​រុករក​លើ​ពពួក​រថយន្ត​ទាំងនេះ នៅ​តាម​ព្រៃ​គោលដៅ​ផ្សេង​ៗ ដើម្បី​មាន​ចំណាត់ការ ព្រោះ​មាន​តែ​រថយន្ត​បា​កុង​នេះ​ទេ ដែល​លើក​ឈើ​ដឹកឈើ​ម៉ា​សេរី ទោះ​ទម្ងន់​ណា​ក៏​ដោយ ។ សរុប​ការ​ដុត​បំផ្លាញ​អស់​២១​គ្រឿង គឺ​ខេត្តរតនគិរី​២​គ្រឿង មណ្ឌលគិរី​៤​គ្រឿង ស្ទឹង​ត្រែង​៦​គ្រឿង ក្រចេះ​៩គ្រឿង ៕ ​ (សម្រួល​ដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ