បុគ្គលខ្លះមិនបានយល់ពីហេតុផលនៃពៀរវេរាច្បាស់លាស់ ព្រោះនៅពេលដែលមានអ្នកដទៃមកបៀតបៀន ក៏មានចិត្តនឹកក្ដៅក្រហាយ អន្ទះអន្ទែងរងក្ដីឈឺចាប់ និងមានការស្ដីបន្ទោស ពោលពាក្យអសុរោះតបតដល់អ្នកដែលបានមកបៀតបៀននោះវិញ ដូចបន្ថែមពៀរវេរាកាន់តែធ្ងន់ ។
បុគ្គលដែលបានអប់រំចិត្ត សង្រួមឥន្ទ្រិយមានភ្នែកជាដើមបានល្អហើយរមែងមិនជាប់ពៀរវេរានោះទេ ត្រង់នេះសូមបរិស័ទទាំងឡាយគួរព្យាយាមសង្រួមកាយចិត្តឲ្យគត់មត់ កុំឲ្យមានក្ដីប្រមាទឲ្យសោះ ហើយត្រូវខំចម្រើននូវសតិស្មារតីឲ្យបានខ្ជាប់ខ្ជួន កុំធ្លោយ កុំប្រហែសធ្វេស និងត្រូវប្រកាន់នូវភាពបរិសុទ្ធសម្រាប់ខ្លួនឯងជានិច្ច រស់នៅក្នុងភាពជាអ្នកថ្លៃថ្នូរ ព្រោះមានហេតុផលជាទិសដៅ ។
បើបុគ្គលមិនចង់ឲ្យអ្នកដទៃមកបៀតបៀនទេ គួរខំសង្រួមឥន្ទ្រិយឲ្យបានប្រសើរ កុំឲ្យធ្លាក់ទៅក្នុងរណ្ដៅនៃពៀរវេរាឲ្យសោះ កុំដឹកនាំខ្លួនឯងឲ្យទៅលេងសើចជាមួយនឹងអំពើបាបអកុសលឱ្យសោះ ពិតជាមិនប្រសើរឡើយ ។
ចែករំលែកព័តមាននេះ