រាជធានីភ្នំពេញ ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស៊ូយ៉ា ប្រាសាត ស៊ូប៊ែឌី ត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នាវេលាព្រឹកម៉ោង៩ ថ្ងៃទី១៧ កុម្ភៈ ២០១១ នេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃអង្គារ ទី១៥ កុម្ភៈ ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចលើកទី៤ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនេះ លោកស៊ូប៊ែឌី នឹងពិនិត្យមើលអនុសាសន៍របស់លោកអំពីមុខងាររបស់តុលាការ ។ លោកនឹងពិនិត្យមើលផងដែរអំពីភាពរីកចំរើនដែលទទួលបានពីការដកបទបរិហាកេរ្តិ៍ចេញពីបទល្មើសព្រហ្មទណ្ឌ និងការបង្កើតយន្តការអចិន្ត្រៃយ៍មួយសំរាប់កិច្ចសន្ទនារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងការសិក្សាលើអង្គនីតិប្បញ្ញតិក្នុងបរិបទលើកស្ទួយសិទ្ធិមនុស្ស ។
ជាមួយគ្នានេះ លោកស៊ូប៊ែឌី នឹងចូលរួមពិភាក្សាផងដែរលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លើទំនាស់ដីធ្លី និងការបណ្តេញចេញ ។ ក្រៅពីនេះលោកគ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល តំណាងស្ថាប័ននីតិប្បញ្ញត្តិ សង្គមស៊ីវិល តំណាងសហប្រជាជាតិ និងម្ចាស់ជំនួយផងដែរ ។ លោកស៊ូយ៉ា ប្រាសាន ស៊ូប៊ែឌី នឹងចាកចេញពីកម្ពុជានៅ ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ