រយៈពេល១សប្ដាហ៍ពលករខ្មែរវិលត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារអន្តរជាតិ «ដូង» ជិត៣០ម៉ឺននាក់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ពលករ និងពលរដ្ឋខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ យ៉ាងតិចជិត៣០ម៉ឺននាក់បានវិលត្រឡប់ចូលប្រទេសកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិ«ដូង»ក្នុងស្រុកកំរៀង ក្នុងរយៈពេលមួយសប្ដាហ៍នៃចុងខែកក្កដា ។ នេះបើយោងលើរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តបាត់ដំបង ។

របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងដែលកោះសន្តិភាពទទួលបាន ៖ ចំនួនពលករ និងពលរដ្ឋខ្មែរជិត៣០ម៉ឺននាក់នេះ បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិ «ដូង» ដោយគិតចាប់ពីថ្ងៃទី២៥ កក្កដា ដល់ថ្ងៃទី៣១ កក្កដា ។ ពោល៖ ក្រោយមួយថ្ងៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ នៅតាមបន្ទាត់ព្រំដែន ភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ កក្កដា ។

របាយការណ៍ប្រចាំថ្ងៃដែលបានបង្ហាញតួលេខនៃចំនួនពលករ និងពលរដ្ឋខ្មែរបានសម្រុកវិលចូលប្រទេសវិញ មានក្មេង ចាស់ ប្រុស ស្រី ក្នុងមួយថ្ងៃៗរាប់ម៉ឺននាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង ។ ប៉ុន្តែគេសម្គាល់ឃើញ ពលករខ្មែរ ហាក់មានសន្ទុះខ្លាំងរហូតដល់ជាង១១ម៉ឺននាក់ នៅថ្ងៃទី២៧ កក្កដា ដែលជាថ្ងៃកងទ័ពនៃភាគីទាំងពីរប្ដូរគ្រាប់កាំភ្លើងគ្នាយ៉ាងកក្រើកមេឃដីក្នុងសមរភូមិដែលជាតំបន់ប្រវត្តិសាស្ត្រសំបូរទៅដោយប្រាសាទបុរាណ ។

ជាមួយនឹងកំណើនពលករខ្មែរសម្រុកវិលចូលប្រទេសខ្លួនវិញ ភ្លូកទឹក ភ្លូកដីបែបនេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំរថយន្តរាប់រយគ្រឿង ដើម្បីរង់ចាំដឹកជញ្ជូនបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរទាំងនោះ ទៅកាន់ស្រុកកំណើតនៅតាមបណ្ដាស្រុក ខេត្តជិតឆ្ងាយ ។ ក្នុងចំណោមរថយន្តសម្រាប់ដឹកជញ្ជូនរាប់រយគ្រឿងដែលឈប់សំចតនៅមាត់ច្រកទ្វារព្រំដែនជាស្រេចទាំងអស់នោះ ក្រៅពីរថយន្តរាប់សិបគ្រឿងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅមានរថយន្តរាប់រយគ្រឿងទៀតជំនួយមកពីរាជធានីភ្នំពេញ មកពីតាមបណ្ដាខេត្តនានា និង មួយចំនួនទៀតជារថយន្តយោធា ។

បើតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែនបានបញ្ជាក់ថា មិនទាន់បញ្ឈប់ទេ ពលករ និងពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ បាននិងកំពុងបន្តចាកចេញពីប្រទេសថៃ វិលចូលប្រទេសកំណើតរបស់ខ្លួនវិញជាបន្តបន្ទាប់ទៀត បើទោះជាសកម្មភាពកងទ័ពនៃភាគីទាំងពីរ និង ស្នូរគ្រាប់កាំភ្លើងហាក់បានស្ងប់ស្ងាត់អស់រយៈពេល០៣ថ្ងៃកន្លងមកនេះក្ដី ៕









ចែករំលែកព័តមាននេះ