អ្នកជំនាញ​កសិកម្ម​បង្ហាញ​ក្តី​កង្វល់​​ទីផ្សារ និង​ការប្រជែង​តម្លៃ​កសិផល​បន្ទាប់​ពី​វៀតណាម​ទទួល​ FTA ពី​អឺរ៉ុប


​រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​កសិកម្ម​និង​ជា​អតីត​ប្រធាន​អង្គការ​សេ​ដាក​បាន​បង្ហាញ​ក្តី​កង្វល់​អំពី​ទីផ្សារ​និង​ការ​ប្រកួតប្រជែង​ទីផ្សារ​ម្រេច​និង​អង្ករ​កម្ពុជា​នៅ​សហភាព​អ៊ឺ​រ៉ុ​ប បន្ទាប់​ពី​វៀតណាម​និង​សហភាព​អ៊ឺ​រ៉ុ​ប​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​សេរី (Free Trade Agreement-FTA) ជា​រួច​មក ស្រប​ពេល​ទៅ​នឹង​កម្ពុជា​ប្រឈម​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ឬ​ហៅ​កាត់​ថា EBA សម្រាប់​ការ​នាំ​ទំនិញ​ទៅ​សហភាព​អ៊ឺ​រ៉ុ​ប​ដោយ​មិន​ជាប់ពន្ធ​នោះ​។ ​

លោក​បណ្ឌិត យ៉ង សាំង​កុមារ ដែល​ជា​អ្នកជំនាញ​ខាង​វិស័យ​កសិកម្ម បាន​បង្ហាញ​កង្វល់​តាម​រយៈ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទោះបីជា​ម្រេច​ខ្មែរ​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​តាម​រយៈ EBA ក៏​នៅ​តែ​លំបាក​ប្រកួត​ជាមួយ​វៀតណាម​។ ​លោក​បណ្ឌិត​លើក​ឡើង​ថា ក្រោយ​ពេល​ចុះ​ហត្ត​លេខា​លើ​កិច្ចព្រមព្រៀង European-Vietnam FTA (EVFTA) អឺរ៉ុប​លែងយក​ពន្ធ​លើ​ផលិតផល​ម្រេច​របស់​វៀតណាម​។ តើ​វិស័យ​ម្រេច​ខ្មែរ​នឹង​ទៅ​ជា​យ៉ាងណា​ដែរ ? កាលពីដើម​ឆ្នាំ​២០១៩​នេះ​អឺរ៉ុប​បាន​ដក​អង្ករ​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ក្រោយ​ទទួល​បាន FTA អឺរ៉ុប​ចាប់ផ្តើម​កាត់​បន្ថយ​ការ​យកពន្ធ​លើ​ផលិតផល​អង្ករ​វៀតណាម​ជា​ជំហាន​ៗ​រហូត​ដល់​ឈប់​យកពន្ធ​ក្នុង​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាង​មុខ​។ តើវិស័យ​ស្រូវ​អង្ករ​ខ្មែរ​ទៅ​ជា​យ៉ាងណា​ដែរ?

លោក​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា «​ក្រៅពី​អង្ករ​និង​ម្រេច​នៅ​មាន​ផលិត​ច្រើន​ទៀត​ដែល​កម្ពុជា​ប្រឈម​នឹង​បាត់បង់​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​វៀតណាម ជា​ពិសេស​ក្រោយ​ពេល​ប្រទេស​នេះ​ទទួល​បាន FTA ពី​អឺរ៉ុប​។​សូ​ម្បី​អ្នក​វិនិយោគទុន​ក៏​សម្រុក​ទៅ​វៀតណាម​កាន់តែ​ច្រើន​ថែម​ទៀត​ដែរ​។​ការ​ដក​EBA នឹង​ផ្តល់​ឱកាស​ដល់​វៀតណាម​កាន់តែ​ខ្លាំង​ថែម​ទៀត​។​ល្មម​ដល់​ពេល​ខ្មែរ​រួម​គ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ​ហើយ​»​។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បានឱ្យ​ដឹង​ថា ម្រេច​កំពត​កាលពី​ឆ្នាំ​២០១៨ យើង​ផលិត​បាន​ជុំវិញ​៦៩​តោន លក់​អស់​បាន​៥៩​តោន ហើយ​ទីផ្សារ​ធំ​របស់​ម្រេច​កំពត​នៅ​អ៊ឺ​រ៉ុ​ប​ប្រហែល​៥០% និង​សហរដ្ឋអាមេរិក​មាន​២០%​។ បើ​តាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ដដែល​បាន​ឲ្យ​ដឹង​ថា តម្លៃ​ម្រេច​កំពត​លក់​ចេញពី​កសិដ្ឋាន​នៅ​ឆ្នាំ​២០១៨ មិន​មានការ​ប្រែប្រួល​ថ្លៃ ពោល​ម្រេចខ្មៅ​មួយ​គីឡូក្រាម​ថ្លៃ​១៥​ដុល្លារ​អា​មេ​រិ​ក​, ម្រេច​ក្រហម​២​ដុល្លារ​, និង​ម្រេចស​ថ្លៃ​២៨​ដុល្លារ ហើយ​មក​ដល់​ឆ្នាំ​២០១៩​នេះ តម្លៃ​ក៏​មិន​ប្រែប្រួល​ដែរ ប៉ុន្តែ​ទីផ្សារ​អាច​នឹង​មាន​លក្ខណៈ​ចង្អៀត​ប​និ្ត​ចប​ន្ទួ​ច​។​លោក​បាន​លើក​ឡើង​បន្ថែម​ថា ក្រៅពី​ម្រេច​កំពត​នាំ​ចេញ​ទៅ​ទីផ្សារ​សហភាព​អ៊ឺ​រ៉ុ​ប ម្រេច​ធម្មតា​ដាំ​ដុះ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ក៏​មានការ​នាំ​ចេញ​ទៅ​លក់​ដូច​គ្នា​ដែរ ប៉ុន្តែ​តម្លៃ​លក់​បាន​ទាប​។ តម្លៃ​លក់​បាន​ថ្លៃ​ទាប​នេះ វា​មិន​តុល្យភាព​ទៅ​និង​ការ​ចំណាយ ព្រោះ​ការ​ដាំ​ម្រេច​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន​។

លោក ងួ​ន ឡាយ បន្ត​ថា «​ម្រេច​ធម្មតា​នៅ​លើ​ពិភព​មានការ​ផលិត​ច្រើន ហើយ​តម្លៃ​របស់​នៅ​លើ​ទីផ្សារ​វា​មិន​អាច​ស្ថិត​នៅ​ថេរ​បាន​ទេ​។​ម្រេច​ធម្មតា​នេះ​វា​មាន​បញ្ហា​ទីផ្សារ​ពីរ​ឬ​បី​ឆ្នាំ​កន្លង​មក​ហើយ ខុស​ពី​ម្រេច​កំពត ព្រោះ​ម្រេច​កំពត​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​»​។

សូម​បញ្ជាក់​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​សហភាព​អឺរ៉ុប​និង​វៀតណាម (EVFTA) ត្រូវ​បាន​ចុះហត្ថលេខា​កាល​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅ​ទីក្រុង​ហាណូយ ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​យ៉ាង​ល្អ​ប្រសើរ​សំរាប់​ការ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​និង​វៀតណាម​។ EVFTA គឺជា​កតិកាសញ្ញា​ដ៏​មាន​មហិច្ឆតា​ដ៏​ល្អ​មួយ​ដែល​ផ្តល់​ឲ្យ​វៀតណាម​ជិត ៩៩% នៃ​ការ​លុប​បំបាត់​ពន្ធ​សម្រាប់​ទំនិញ​រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម​។ ជាក់ស្តែង ៦៥ ភាគរយ​នៃ​ភារកិច្ច​នៃ​ការ​បង់ពន្ធ​លើ​ការ​នាំ​ចេញ​របស់​សហភាព​អឺរ៉ុប​ទៅ​កាន់​ប្រទេស​វៀតណាម​នឹង​ត្រូវ​បាន​លុប​ចោល ខណៈ​ដែល​នៅ​បញ្ហា​ដែល​នៅ​សេសសល់​នឹង​ត្រូវ​លុប​ចោល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ ។ ក្នុង​នោះ ៧១% នៃ​ភារកិច្ច​បង់ពន្ធ​នឹង​ត្រូវ​បាន​លុប​ចោល​នៅ​លើ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​សហភាព​អឺរ៉ុប​ដោយ​ចំនួន​ដែល​នៅ​សល់​ត្រូវ​បាន​លុប​ចោល​ក្នុង​រយៈពេល ៧ ឆ្នាំ​បន្ទាប់​។

​ពិត​ណាស់ EVFTA ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កិច្ចព្រមព្រៀងទ្វេភាគី​ជំនាន់​ថ្មី​មួយ ដែល វា​មាន​បទ​ប្បញ្ញត្តិ​សំខាន់​ៗ​សម្រាប់​សិទ្ធិ​កម្ម​បញ្ញា (IP rights) ការ​ធ្វើ​សេរីភាវូបនីយកម្ម​វិនិយោគ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ប្តេជ្ញា​អនុវត្ត​ស្តង់ដារ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ