ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករភូមិអណ្ដូង ឃុំត្រងិល ស្រុកកំពង់លែង ប្រមាណជាង៩០ភាគរយ បានប្រកបមុខរបរត្បាញកន្ទេលក្រហម ក្រៅពីការងារស្រែចម្ការដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ហើយជាមធ្យមពួកគាត់ក្នុង១គ្រួសារ អាចរកចំណូលបានពី៦ទៅ៨លានរៀលក្នុងមួយឆ្នាំ ដោយមិនសូវចំណាយទុនប៉ុន្មានឡើយ។
ប្រជាកសិកររស់នៅភូមិអណ្ដូងរនុក បានឲ្យដឹងថា ក្រៅពីការងារស្រែចម្ការ ផ្ទះណាក៍ដូចជាផ្ទះណាដែរ សុទ្ឋចាប់មុខរបរត្បាញកន្ទេលក្រហម ។ ការត្បាញកន្ទេលក្រហមនេះ គឺចំណាយតែលើថ្លៃទិញល័ក្ខណ៍តែមួយមុខប៉ុណ្ណោះ ចំណែកឯការវត្ថុធាតុដើមមានកក់ និងក្រចៅ គឺដាំដុះដោយខ្លួនឯង រួមទាំងអុសសម្រាប់ស្ងោទឹកល័ក្ខណ៍ក៏ត្រូវទៅរកទុកដុតដោយខ្លួនឯងដែរ ។
តម្បាញកន្ទេលក្រហម គឺចាប់ផ្ដើមពីខែកក្កដា រហូតដល់ចុងខែ កញ្ញា និងខ្លះដល់ដើមខែតុលា ទើបអស់កក់ គឺ មានរយៈពេល២ខែកន្លះទៅ៣ខែ។ រយៈពេលនេះ ខ្លះត្បាញបាន១០០កន្ទេល និងខ្លះច្រើនជាងនេះ តាម កក់ បានតិច ឬច្រើនហើយបើតាមការប្រមាណ ក្នុងមួយគ្រួសារ អាចរកចំណូលបានពី៦ទៅ៨លានរៀលក្នុង១ឆ្នាំ។
សម្រាប់ថ្លៃល័ក្ខណ៍ដែលទិញយកមកជ្រលក់កក់ អោយក្លាយជាពណ៌ ខៀវ ក្រហម ឬលឿង តាមតម្រូវការ ក្នុងមួយរដូវចំណាយអស់ប្រមាណជាង១៥ទៅ២០ ម៉ឺនរៀលប៉ុណ្ណោះ ។ ដោយឡែកកក់សម្រាប់យកមកត្បាញជាកន្ទេល គឺរាល់ឆ្នាំ ពួកគាត់តែងទុកគ្រាប់ជាប្រចាំ ហើយដល់ខែមេសា ឬឧសភា ពួកគាត់ចាប់ផ្តើមសាបគ្រាប់កក់ រួមទាំងដើមក្រចៅ ដែលត្រូវយកមកវេញ ជាខ្សែសម្រាប់ត្បាញ ក៏ត្រូវសាបគ្រាប់ដែរ រយៈពេល២ខែកន្លះ និងច្រូតកាត់ យករឹតវាអោយសំប៉ែត ចំណែកក្រចៅត្រូវកាប់ដើមយកមកបកយកសំបកវេញជាខ្សែដែរ ។
កសិករអ្នកភូមិអណ្តូងរនុកបានបន្តថា ពេលជ្រលក់កក់អោយក្លាយជាពណ៌ តាមតម្រូវការ និងវេញខ្សែក្រចៅហើយពួកគាត់ចាប់ផ្តើមត្បាញជាកន្ទេលហើយ ក្នុងមួយផ្ទះយ៉ាងហោចណាស់ ក៏ត្បាញបានកន្ទេលមួយដែរ ក្នុង១ថ្ងៃ បើផ្ទះខ្លះមានមានមនុស្សច្រើន អាចបាន២ឬ៣កន្ទេលក្នុងមួយថ្ងៃ ។ ចំណែកកន្ទេលមួយលក់ក្នុងតម្លៃពី៦ទៅ១០ម៉ឺនរៀល តាមតូចតាមធំ ហើយកន្ទេលទាំងនោះមានម៉ូយមកយកដល់ផ្ទះ តែពេលខ្លះក៏មានអ្នកប្រើប្រាស់មកទិញដោយផ្ទាល់ដែរ ។
ជាចុងក្រោយពួកគាត់សំណូមពរដល់អតិថិជនដែលប្រើប្រាស់កន្ទេលក្រហមសូមជួយទិញកន្ទេលក្រហមអ្នកភូមិអណ្ដូងរនុក នេះផងព្រោះមានគុណភាពទាំងជាប់ និងពណ៌ បានយូរដល់ទៅ៥-៦ឆ្នាំឯណោះលើកលែងតែកណ្ដុរកាត់ ។
តាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាអ្នកភូមិអណ្ដូងមាន១៩៥គ្រួសារ មានអ្នកត្បាញកន្ទេលប្រមាណ៩៥% ហើយប្រពលរដ្ឋទាំងនោះសុទ្ឋតែមានជីវភាពសមរម្យទាំងអស៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ