បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋម ស៊ីម៉ាំងកែច្នៃលាន់សូរចំនួន២៥០គ្រឿង ដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យអនុវត្តតាមបណ្តាស្រុក -ក្រុង និងខេត្តបានរយៈពេលជិត២ខែដែលត្រូវបានកិនកម្ទេចចោល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សន គឹមសួរ ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ហើយកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្ត និងស្រុក-ក្រុងបានអនុវត្តន៍រយៈពេលជិត២ខែ ដកហូតស៊ីម៉ាំងដែលកែច្នៃលានសូរមានចំនួន២៥០គ្រឿង ។

លោកបានបញ្ជាក់ថា ៖ ក្រោយពេលអនុវត្តដកហូតស៊ីម៉ាំងម៉ូតូដែលខុសបច្ចេកទេសលាន់សូរហើយកម្លាំងបានធ្វើការកិច្ចសន្យា និងណែនាំ ហើយធ្វើកិច្ចសន្យា បើមានលើកក្រោយទៀតធ្វើការផាកពិន័យដែលជាទឹកប្រាក់២ទៅ៣ម៉ឺនរៀល និងរថយន្តធុនធំ១២ម៉ឺនរៀល និងរថយន្តធុនតូចផាកពិន័យចំនួន៦ម៉ឺនរៀល។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានកោតសរសើរចំពោះកម្លាំងនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងស្រុក-ក្រុងដែលបានអនុវត្តន៍ដកហូតស៊ីម៉ាំងម៉ូតូដែលកែច្នៃលាន់សូរ ខុសនឹងបច្ចេកទេសត្រូវបានយកមកកិនកម្ទេចចោល ។

លោកបានដាក់វិធានការដល់មន្ត្រីជំនាញត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាក់លុបបំបាត់ម៉ូតូដែលកែច្នៃស៊ីម៉ាំងដែលលាន់សូរប៉ះពាល់សណ្តាប់ធ្នាប់សាធារណ បើសិនណែនាំដល់គាត់ហើយមិនរាងចាលត្រូវមានវិធានការតាមច្បាប់ ៕កែសម្រួលដោយ ៖ សុឃាក់

ចែករំលែកព័តមាននេះ