ខេត្តបាត់ដំបង ៖ វត្តឈើខ្មៅ ជាទីអារាមព្រះពុទ្ធសាសនាមួយដែលមានអាយុកាលជិត២០០ឆ្នាំមកហើយ ។ រាល់ អ្វីៗដែលបានបន្សល់ទុកនៅទីនោះកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទេសចរបរទេសទៅទស្សនា ។ គេចាប់អារម្មណ៍សំណង់បុរាណមានវ័យចំណាស់ រួមទាំងទូកងមួយ និងព្រះវិហារ សង់ឡើងពីដើមឈើខ្មៅ ។
ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរបរទេសទៅទស្សនាមិនក្រោមពី១០០នាក់ឡើយ ។ នេះបើតាមការឲ្យដឹងពីលោកម៉ក់ ស៊ីណា្ណរ៉ា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលពីពេល ថ្មីៗកន្លងមក ។ វត្តបុរាណមួយចំនួននៅលើទឹកដីខេត្តបាត់ដំបងមានដូចជាវត្តកែវ វត្តដំរីស វត្តសំរោងក្នុង វត្ត កំផែង និងវត្តជាច្រើនទៀតប្របតាមមាត់ស្ទឹងសង្កែទៅតំបន់ទន្លេសាប ។ ចំពោះវត្តឈើខ្មៅ ភ្ញៀវទេសចរភាគច្រើនប្រាកដជាមិនដែលបានទៅឡើយ ។
សព្វថ្ងៃនេះភ្ញៀវទេសចរភាគច្រើនជាជនបរទេសបានទៅទស្សនាទីអារាមមួយនេះមិនដែលដាច់ ។ ព្រះវិហារសាងសង់ឡើងអំពីឈើក្នុងទំហំតូចល្មមមួយដែលមានរាងខុសប្លែកពីព្រះវិហារដទៃ ។ អ្វីដែលអ្នកទេសចរចាប់អារម្មណ៍ខ្លាំងនោះ គឺព្រះវិហារវត្តឈើខ្មៅនេះបានកសាងឡើងអំពីដើមឈើកម្រម្យ៉ាងពណ៌ខ្មៅ ។ មិនតែប៉ុណ្ណោះនៅទីអារាមនេះក៏មានបន្សល់ទុកទូកងមួយដែលមានអាយុកាលស្មើនឹងព្រះវិហារផងដែរមានបារមីខ្លាំង ពេលចេញប្រណាំងមិនដែលចាញ់គេឡើយ តែអកុសលពេលកន្លងមកនេះមានដើមឈើរលំសង្កត់ ធ្វើឲ្យខូចខាតជួសជុលមិនដូចដើមទេ ។
លោកតាសោម ឡុង អាយុ៨១ឆ្នាំ ប្រធានគណៈកម្មការវត្តនេះឲ្យដឹងថា តាមតំណាលចាស់ៗពីមុនមកមានស្តេច១អង្គបានទៅបន់ស្រន់នៅលើទីទួលវត្តនៅពេលបានឆ្លងកាត់ ។ក្រោយមកស្តេចអង្គនោះបានចេញទៅបោះទីតាំងនៅលង្វែក។ ជំនឿបន់ស្រន់ចេះតែមានសម្រាប់អ្នករស់នៅទីនោះ ហើយក៏មានលោកតាម្នាក់ឈ្មោះលោកតាសឿ មានអំណាច និងឫទិ្ធបារមីខ្លាំង មិនខ្លាចពួកបារាំងដែលបានជិះកប៉ាល់ទៅទីនោះឡើយ បានកសាងបោដិពីពេលនោះមក(ប្រហែលឆ្នាំ១៨០៤) ។
លុះលោកតាស្លាប់ទៅ កូនចៅគាត់ឈ្មោះលោកតាគង់ និងលោកតាឡាច បន្តកសាងរៀបចំកន្លែងសម្រាប់គោរពបូជាតាមជំនឿ គឺសាងសង់បានព្រះវិហារចំណាស់មួយលេចត្រដែតឡើងនៅលើទីទួលមួយដែលអ្នកស្រុកហៅថា «ទួលអណ្តែត»។ នៅទីនោះសម្បូរទៅដោយដើមឈើខ្មៅ ចំណែកឯព្រះវិហារវត្តឈើខ្មៅធ្វើឡើងអំពីដើមឈើខ្មៅសុទ្ធសាធ លេចឡើងនៅលើផ្ទៃទឹករដូវវស្សាប្រៀបបាននឹងប្រាសាទមួយនៅកណ្តាលតំបន់ព្រៃរនាម ។
នៅវត្តឈើខ្មៅមិនមានសមិទ្ធផលពុទ្ធសាសនាអ្វីកើតឡើងច្រើនទៀតទេ ពីព្រោះទីនោះជាព្រៃរនាមឆ្ងាយពីខេត្ត ។ បើទោះបីជាវត្តឈើខ្មៅនៅដាច់ស្រយាលក៏ពិតមែន ក៏ប៉ុន្តែជារៀងរាល់ថ្ងៃតែងតែមានជនបរទេសទៅទីនោះជាហូរហែ ជាពិសេសនៅរដូវទឹកឡើងពួកគេជិះទូកទស្សនាព្រៃរនាម និងសំណង់ព្រះវិហារលិចឡើងកណ្តាលផ្ទៃទឹករនាមនៃមាត់បឹងទន្លេសាប ក្នុងខេត្តបាត់ដំបង ។
ប្រសិនបើក្រឡេកមើលទិដ្ឋភាពរួមនៅវត្តឈើខ្មៅ គឺឃើញមានសភាពធម្មជាតិខៀវ ស្រងាត់នៅជុំវិញ មានដើមឈើតូចធំ ពិសេសដើមឈើខ្មៅដុះចោលជាម្លប់យ៉ាងត្រជាក់ទទួលរាក់ទាក់ទៅរកអ្នកដែលបានទៅដល់ និងមានព្រៃជម្រកសត្វព្រែកទាល់នៅជិតវត្តផងដែរ ។
លោកតាសោម ឡុង បានអំពាវនាវពុទ្ធបរិស័ទ ឬសប្បុរសជន អាជ្ញាធរជួយជំរុញរៀបចំថែរក្សាវត្តឈើខ្មៅ ព្រមទាំង-សាងសង់បន្តទៀតលើទីទួលដើម្បីអូសទាញភ្ញៀវទេសចរបន្ថែមទៀតព្រោះទេសភាពស្អាតទាំងខែប្រាំង និងវស្សា ដែលពីអតីតកាលទីទួលនោះគឺជាទួលសក្តិសិទ្ធិនៅក្នុងកណ្តាលតំបន់ព្រៃរនាមដៃបឹងទន្លេសាប ទោះបីជាមានទឹកធំ ឬជន់បែបណា ក៏ទីទួលព្រះវិហារពុំដែលលិចទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ