ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗជាមួយរថយន្តដ៏ទំនើបតម្លៃជិត២០ម៉ឺនដុល្លារ ក្រោយពីបើករថយន្តនេះដេញបុកក្មេងប្រុសជំទង់ម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៧ កក្កដានេះ នៅចំណុចផ្លូវលេខ១ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយសាតែខឹងនឹងជនរងគ្រោះនោះគប់រថយន្តរបស់ខ្លួនបែកស្ដុបម្ខាង ។
លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានឲ្យដឹងថា អ្នកជនបង្កគ្រោះថ្នាក់នេះឈ្មោះតាំង ហ៊ូយឆាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បើករថយន្តម៉ាក «Mercedes» ពាក់ស្លាកលេខបាត់ដំបង 2B-1122 ។ រីឯក្មេងប្រុសជំទង់ដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ គឺឈ្មោះឡៅ គឺមលាង អាយុ១៥ឆ្នាំ មានទីលំនៅភូមិចំកាសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជិះម៉ូតូម៉ាកឃ្លិក ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1T-9141។
លោកអធិការបានបញ្ជាក់ថា អ្នកបើករថយន្តបានដេញបុកអ្នកជិះម៉ូតូពីក្រោយ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ តែគេនូវមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យមានការបើករថយន្តដេញបុកអ្នកជិះម៉ូតូនោះទេ ។ ប៉ុន្តែបើតាមចម្លើយបឋមរបស់ឈ្មោះ តាំង ហ៊ូយឆាយ អ្នកបើករថយន្តទំនើបនោះបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនបើករថយន្តដេញបុកអ្នកជិះម៉ូតូឈ្មោះ គឹមលាង ដោយសារខឹងជននេះយកដុំថ្មគប់រថយន្តខ្លួនបែកស្ដុបក្រោយ ។ ប៉ុន្តែយុវជនរូបនេះមិនបានផ្ដល់ចម្លើយលំអិតដល់សមត្ថកិច្ចនៅឡើយទេ ។ ដោយឡែកភាគីជិះម៉ូតូក៏សមត្ថកិច្ចមិនទាន់បានចម្លើយដែរ ព្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឡើយ ។
ពាក់ព័ន្ធនឹងករណីនេះលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបាននិយាយថា ពេលនេះមន្ត្រីជំនាញកំពុងជីកសួរនាំអ្នកបើករថយន្តទំនើបឈ្មោះ តាំង ហ៊ូយឆាយ នេះអំពីដើមចមដែលនាំឲ្យជនរងគ្រោះគប់រថយន្តខ្លួន ព្រោះបើតាមព័ត៌មាននានា ករណីអាចមានការចាប់ផ្ដើមពីដំបូងមក មុនពេលជនរងគ្រោះគប់រថយន្ត ។
យ៉ាងណាក្ដី បើតាមលោកឆាង វណ្ណឆៃ បានបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ តាំង ហ៊ូយឆាយ អាចជាប់សង្ស័យពីបទ«ប៉ុនប៉ងមនុស្សឃាត» ហើយពេលនេះមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធីហើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ