ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ និង​សមត្ថកិច្ចពាក់ព័ន្ធ ប្រជុំដាក់ផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ត្រៀមព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំថ្មី»

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ​បាន​ធ្វើការ​ណែនាំ​ឱ្យអាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់…

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ​បាន​ធ្វើការ​ណែនាំ​ឱ្យអាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​បាន​សប្បាយ​រីករាយ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ ឆ្នាំ​២០២៦​នេះ គឺ​មិនមែន​តែនៅ​ទីតាំង “​នគរ​សង្ក្រាន្ត​” ៦​ទីតាំង ​ដែល​រៀបចំ​ឡើង​ដោយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ​។

ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៦​ ខែមេ​សា ឆ្នាំ​២០២៦​នេះ ខណៈ​លោកអភិបាលអញ្ជើញ​ជា​អធិបតី​ក្នុង​អង្គប្រជុំ​ពិភាក្សា​ ស្តី​ពី​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ នៅ​សាលា​រាជធានី​ភ្នំពេញ ​និង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៌​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ទទួល​បន្ទុក​ការងារ​សន្តិសុខ ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​រាជធានី​ភ្នំពេញ មាន​វត្ត​អារាម​ចំនួន​១៥១​វត្ត ប្រជាពលរដ្ឋ ក្រៅពី​មក​ដើរ​លេង​កម្សាន្ត ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ​និង​តំបន់​សប្បាយភាព​៥​ទីតាំង​ទៀត​ ដែល​រៀបចំ​ឡើង​ដោយ (​ស​.​ស​.​យ​.​ក​.) សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ នោះ​ពួក​គាត់​អាច​ដើរ​លេង​កម្សាន្ត​ នៅ​តាម​បណ្តា​វត្ត​អារាម​ទាំងនេះ ​ឬ​នៅ​កន្លែង​សប្បាយភាព​ផ្សេង​ទៀត​។ ដូច្នេះ​សូម​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់ លើ​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួក​គាត់​បាន​សប្បាយ​រីករាយ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ មិន​ថា ​នៅ​ទីតាំង “​នគរ​សង្ក្រាន្ត​”​ ឬ​ទីតាំង​សប្បាយភាព​ផ្សេង​ៗ​ទៀត​ឡើយ​។ ក្រៅពី​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ហើយយើង​ក៏​មិន​ភ្លេច​ការ បោសសម្អាតបទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS)​ដែរ ​។

ជាមួយ​និង​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ហើយ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ក្រុមហ៊ុន​ឯកជន​នានា តាម​ភោជនីយដ្ឋាន​ និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​តុបតែង តាំង​លម្អរ​ភ្លើង​ព័​ណ​ទង់ជាតិ​ទង់ជ្វាលា​ ហើយ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ​ត្រូវ​ដាក់​ទង់ជាតិ​គ្រប់​ផ្ទះ ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។​ មន្ទីរ​សាធារណការ ​បូម​លូ​ការ​បំបាត់​ក្លិនស្អុយ​ និង​សហ​គ្រាម​សំណល់​រឹង​គិតគូរ​ពី​ការ​ប្រមូល​សំរាម​នៅ​ទីតាំង​សប្បាយភាព​ទាំង​អស់នេះ ​ជា​ពិសេស​ធុងសំរាម​ កុំឱ្យ​ហៀរ​ធ្លាក់​ផង​ដែរ​។​ ក្នុង​នោះ​ដែរ​ អាជ្ញាធរ​ខណ្ឌ​ ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ ​មុន​ចេញពីផ្ទះ​ ត្រូវ​ពន្លត់​ភ្លើងទៀន ធូប បិទ​ភ្លើង​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​អគ្គិភ័យ​ ។

គួរ​បញ្ជាក់​ថា តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត​” នៅ​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ឡើង ក្នុង​រយៈពេល ៦​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​។ ដើម្បី​ចូលរួម អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ គ​.​ស​.២០២៦ និង​ចូលរួម ថែរក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ជា​ពិសេស បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​ផ្សារ​ភ្ជាប់​ពិធី​បុណ្យចូលឆ្នាំ​ជាមួយ​វីរ​កងកម្លាំង​ជួរ​មុខ និង​បងប្អូន​ភៀស​សឹក ក្រោម​ស្មារតី​ការ​រួបរួមសាមគ្គី​នៃ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) រៀបចំ​ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត​” រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តំបន់​ជុំវិញ​វត្ត​ភ្នំ បរិវេណ​សួនច្បារ​វឌ្ឍនៈ សួនច្បារ​អតីត​ទីលាន​ប្រជាធិបតេយ្យ ស្ពាន​នាគ​ភ្លោះ​រមណីយដ្ឋាន​វត្ត​ភ្នំ រហូត​ដល់​ផ្សារ​រាត្រី ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី ភ្នំពេញ (Walk Street) និង​កម្មវិធី​អម​នៅ​បរិវេណ​បា​សាក់​លែ​ន (Bassac Lane) និង​ផ្លូវ​១៥៥​បរិវេណ​ផ្សារ​ទួល​ទំពូង​។ ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត​” មានការ​រៀបចំ​កម្មវិធី​ប្រពៃណី​សាសនា និង​កម្មវិធី​មួយ​ចំនួន ដូច​ជា ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ក្បួន​នគរ​សង្ក្រាន្ត ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ជា​ច្រើន​ទម្រង់ លេងល្បែង​ប្រជាប្រិយ​ជាតិ និង​ការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​។ ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង បើក​ដំណើរការ​ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី​ភ្នំពេញ (Walk Street) រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ផង​ដែរ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន សូម​អញ្ជើញ មក​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត​” នៅ​តាម​ទីតាំង​ខាងលើ ឱ្យ​បាន​ច្រើន​កុះករ ក្រោម​ម្លប់​សន្តិភាព ដ៏​ត្រជាក់ត្រជំ និង​ក្រោម​ស្មារតី​សាមគ្គីភាព ឯកភាព និង​ភាព​ធន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ