ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន​១២ ត្រូវ​បាន​បញ្ចប់​​មុខរបរ ព្រោះ​បូម​ខ្សាច់​អត់​គោរព​ច្បាប់


ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង បាន​ចេញ​លិខិត​បិទ និង​លុប​ក្រុម​ហ៊​លុន​ចំនួន​12 ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ និង​ការ​ធ្វើ​សិប្បកម្ម​ធនធាន​រ៉ែ នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកោះកុង ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​នៅ​មាន​ក្រុមហ៊ុន​ចំនួន​1 នៅ​តែ​បន្តសកម្មភាព​បូម​ខ្សាច់​អត់​ច្បាប់​ដដែល ។

យោង​តាម​លិខិត​2​ដាច់​ដោយឡែក​ពី​គ្នា​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ចុះ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩ លិខិត​ទី​១ បាន​កំណត់​បិទ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅ​ដងព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល និង​ព្រែក​ត្រពាំងរូង ស្រុក​កោះកុង ចំនួន​៤ ក្រុមហ៊ុន ទី​១-​លោក កក់ ផុង ២-​លោក ឡេ​ង អា៑ង ៣-​លោក ជា សុផល ៤-​លោកស្រី ឈី​វ កៀក​។ លិខិត​ទី​២ បាន​កំណត់​លុប អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ចំនួន​៨ ក្រុមហ៊ុន​ទី​១- លោក​លឹ​ម សុខ​ឃាង ២-​លោក ជិ ទុន ៣-​លោក ផាត់ ប៊ុ​ន​ហ៊ួ​រ ៤-​លោក ជិ ឈួ​ង ៥-​លោក ឡោ សុ​ថុ​ល ៦-​លោក ជៀម សៀម​ឆាយ ៧-​លោក ឡេ​ង សូ​យ​ទ្រី ៨-​លោក ជា គឹ​ម​រ៉ុ​ង ។

ហើយ​ទន្ទឹម​នឹង​ការ​បិទ និង​លុប អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ទាំង​១២​ខាងលើ គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​មួយ​ឈ្មោះ ឡេ​ង ជិន កំពុង​បន្ត​ការ​បូម​ខ្សាច់​ដោយ​អត់​ច្បាប់​តែ​ម្តង នៅ​ក្នុង​ដងព្រែក​ស្រែអំបិល និង​បើក​ទីតាំង​លក់​យ៉ាង​អនាធិប្បតេយ្យ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រ៉ែ​ថាមពល​ខេត្ត ឱ្យ​ដឹង​ថា ការ​ចុះ​បិទ និង​លុប ការ​ធ្វើ​អាជីវកម្ម និង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ទាំង​១២​ខាងលើ ដោយ​យោង​តាម​គោលការណ៍​ណែនាំ​ពី​ក្រសួង រ៉ែ និង​ថាមពល និង​ចំណារ​ឯកភាព​របស់​លោកស្រី​អភិបាលខេត្ត ។ ម្យ៉ាងទៀត កន្លង​មក ក្រុមហ៊ុន​ទាំងនោះ មិន​បាន​គោរព​តាម​លក្ខណៈ​បច្ចេកទេស និង​គោលការណ៍ ដែល​ក្រសួង​បាន​ណែនាំ​។

ចំណែក​ក្រុមហ៊ុន​មួយ​ឈ្មោះ ឡេ​ង ជិន ដែល​បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នា​អំឡុង​ពេល​កន្លង​មក និង​កំពុង​បន្តសកម្មភាព​បូម​ដោយ​ល្មើសច្បាប់​ពេល​នេះ មន្ទីរ​បាន​ចុះ​ធ្វើ​កិច្ចសន្យា ហាមឃាត់ ហើយ​កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ និង​បាន​រាយការណ៍​ទៅ​ក្រសួង​រួច​ហើយ​ដែរ ។

មន្ត្រី​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុងស្រុក​ស្រែអំបិល មាន​តែ​ក្រុមហ៊ុន​មួយ​គត់​ឈ្មោះ​សហគ្រាស លឹ​ម បុក ខន​ស្ត្រា​ក់សិន មេធៀ​រៀល ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងបរិស្ថាន អនុញ្ញាតិ​ឱ្យធ្វើ​អាជីវកម្ម​ខ្សាច់​សមុទ្រ រហូត​ដល់​ឆ្នាំ​២០២០ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ