ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធិន​កម្ពុជា​ទាំង ១៨​រូប ដែល​បាន​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​អស់​រយៈពេល ១៥៥​ថ្ងៃ​ ត្រូវ​បាន​ដោះ​លែង និង​បញ្ជូន​ត្រឡប់​មកមាតុប្រទេស​វិញ ដោយ​សុខ​សុវត្ថិភាព

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ​៖

នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន វេលា​ម៉ោង ១០:០០ នាទី​ព្រឹក ថ្ងៃ​ទី​ ៣១ ខែធ្នូ ឆ្នាំ ២០២៥​ នេះ យោធិន​កម្ពុជា​ទាំង ១៨​រូប ដែល​បាន​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ភាគី​ថៃ​អស់​រយៈពេល ១៥៥​ថ្ងៃ​មក​ហើយ ត្រូវ​បាន​ដោះ​លែង និង​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ ដោយ​សុខ​សុវត្ថិភាព ​។សូម​គូសបញ្ជាក់​ផង​ដែរ​ថា ការ​ដោះ​លែង​យោធិន​កម្ពុជា​ចំនួន ១៨​រូប​ត្រឡប់​មក​កម្ពុជា​វិញ គឺ​ធ្វើ​ឡើង​ក្រោម​ការ​ឯកភាព​គ្នា​រវាង​កម្ពុជា​និង​ថៃ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២៥ ក្នុង​ចំនុច​ទី​ ១១ ដែល​បាន​កំណត់​ថា បន្ទាប់​ពី​ការ​គោរព​យ៉ាង​ពេញលេញ​ក្នុង​រយៈពេល ៧២​ម៉ោង​នៃ​បទ​ឈប់​បាញ់ ដែល​ត្រូវ​បាន​ចូល​ជា​ធរមាន​កាលពី​វេលា​ម៉ោង ១២:០០​ថ្ងៃត្រង់ (​ម៉ោង​ក្នុងស្រុក​) នៅ​ថ្ងៃ​ទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២៥ ​។ ក្នុង​ដំណើរ​នៃ​ការ​វិល​ត្រឡប់​របស់​យោធិន​ទាំង ១៨​រូប​របស់​យើង ក៏​មានការ​ចូលរួម​សង្កេតការណ៍​ពី​សំណាក់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC)​ ។

នាង​ខ្ញុំ​សូម​ជម្រាប​ថា ការ​ដោះ​លែង​យោធិន​របស់​យើង​ទាំង ១៨​នាក់​នេះ ក៏​ស្រប​ជាមួយនឹង​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២៦ ខែតុលា ឆ្នាំ​ ២០២៥ រវាង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ក្រោម​ការ​ធ្វើ​ជា​សាក្សី​របស់ ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី នៃ​សហរដ្ឋ​អាម៉េរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ​។

ដូចដែល​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធានា និង​សន្យា​យ៉ាង​មុតមាំ​ជាមួយ​ក្រុម​គ្រួសារ​របស់​យោធិន​ទាំង ១៨​នាក់ ក៏​ដូច​ជា​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ថា “​យើង​មិន​ទុក​យោធិន​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ​” ដោយ​យើង​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​ដំណោះស្រាយ ទាំង​ការទូត ព្រមទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ រហូត​សម្រេច​បានការ​ដោះ​លែង​នា​ថ្ងៃនេះ ដើម្បី​ឱ្យ​យោធិន​របស់​យើង​អាច​មក​ជួបជុំ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែល​បាន​ទន្ទឹងរង់ចាំ​ដោយ​ក្តី​នឹក​រំ​ឮ​ក​ជា​ពន់ពេក​ ។

រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​សម្របសម្រួល​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​មានការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង ១៨​រូប​នា​ថ្ងៃនេះ ​។ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ដោះ​លែង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ការ​ជឿជាក់ និង​ជំនឿ​ទុកចិត្ត ព្រមទាំង​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ