រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី៣១ ខែធ្នូនេះថា ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
ជាក់ស្តែងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នាងខ្ញុំសូមជម្រាបថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ។
ដូចដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា «យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ» ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក ។
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន ៕




ចែករំលែកព័តមាននេះ