ខេត្តបាត់ដំបង ៖ ប្រាសាទឯកភ្នំ ជាប្រាសាទដែលមានវ័យចំណាស់មួយដែរក្នុងចំណោមប្រាសាទជាច្រើន ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១១ (អំឡុងឆ្នាំ១០០២-១០៥០)ក្នុងសម័យមហានគរ នៅតាមតំបន់វាលទំនាបមាត់បឹងទន្លេសាប ។ ប្រាសាទឯកភ្នំសាងឡើងដើម្បីឧទ្ទិសថ្វាយដល់អាទិទេពនៃសាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនា(លទ្ធិទេវរាជ) ។ ប្រាសាទនេះបានបាក់បែក និងស្រុតចុះខ្លះដោយសារបាតុភូតធម្មជាតិរួមនឹងអាយុកាលដ៏ចំណាស់ផង រួមទាំងកត្តាសង្គ្រាម និងជនទុច្ចរិតផង ។

ប្រាសាទឯកភ្នំសាងសង់អំពីថ្មភក់ និងថ្មបាយក្រៀម បែរមុខទៅទិសខាងកើត និងទទឹងទៅទិសខាងលិចប្រវែង២៥ម៉ែត្រ មានបណ្តោយពីខាងជើងទៅទិសខាងត្បូងប្រវែង៤៩ម៉ែត្រ ក្នុងបរិវេណវត្តឯកភ្នំ មានចម្ងាយពីទីរួមខេត្តបាត់ដំបង១១គីឡូមែត្រ ស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ។ សព្វថ្ងៃនេះភ្ញៀវជាតិ និងអន្តរជាតិបានចាប់អារម្មណ៍យល់ដឹងតាមឯកសារថាជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយផងដែរ ដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តទីនោះមិនចេះដាច់ឡើយ ។

នៅជិតប្រាសាទឯកភ្នំ មានវត្តអារាមវ័យចំណាស់មួយដែលកើតឡើងនៅគ.ស១៧៥៧ អាយុកាល២៤៤ឆ្នាំ មានភាពចាស់ទ្រុឌទ្រោមផង និងទទួលភាពខ្ទេចខ្ទាំខ្លាំងពីសម័យប៉ុល ពត ដោយគេបានយកធ្វើជាទីលានសម្លាប់មនុស្សទាំងថ្ងៃទាំងយប់ ។ វត្តនេះបានកសាងថ្មីពីឆ្នាំ១៩៩១មកដល់ឆ្នាំ២០០១ ជំនាន់ព្រះចៅអធិការអៀម ឡុង, ព្រះតេជគុណប៉ុច ឈន និងព្រះតេជគុណឈួម បូ, ឧបាសិកាគង់ ជី (នៅអាមេរិក) និងពុទ្ធបរិស័ទ ក្នុងក្រៅប្រទេសដែលធ្លាប់មានប្រវត្តិឆ្លងកាត់សម័យកាប់សម្លាប់នៅតំបន់នេះ រួបរួមគ្នាប្រមូលបច្ច័យកសាងព្រះវិហារថ្មីដើម្បីលាបំណន់សម័យមានអាសន្ន ។ ការអង្គាសប្រាក់ប្រមាណ១៦៥.២៩៩ដុល្លារ ជួយកសាងវិហារបានដល់បច្ចុប្បន្ន ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៥ សម្តេចបុត្រីមហាចក្រីសុរិនថន (បុត្រីស្តេចថៃ) ធ្លាប់បានយាងមកទតឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងប្រភេទថ្មប្រាសាទឯកភ្នំ ។ ក្នុងពេលមានពិធីបុណ្យទានតាមប្រពៃណីជាតិ ម្តងៗ មនុស្សពីគ្រប់ទិសទីតែងតែទៅកម្សាន្តនៅប្រាសាទឯកភ្នំដោយក្តីសប្បាយរីករាយ ៕ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ