ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីត្រូវបានរថយន្តធុនធំមុខពេញទំហឹង និងកិនពីលើដាច់ជា២គួរឲ្យអាសូរជាពន់ពេក ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង7និង30នាទីព្រឹកថ្ងៃទី5 ខែកក្កដា ឆ្នាំ2019 ត្រង់ចំណុចអូពី ស្ថិតក្នុងភូមិ5 សង្កាត់លេខបួន ក្រុង-ខេត្តព្រះសីហនុ ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរលោក អុី សុខា ស្នងការរងផែនសណ្ដាប់ធ្នាប់បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំដឹកទំនិញ០១គ្រឿង ពណ៌លឿង ពាក់ផ្លាកលេខ កំពត3A-0906 បើកបរដោយឈ្មោះ ប៉ុក វិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិកំស្សី ស្រុកអង្គជ័យ ខេត្តកំពត មានទិសដៅពីផ្សារលើ ឆ្ពោះទៅអូរត្រេះ ។
លុះដល់ចំណុចខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BI-0078 បើកបរដោយឈ្មោះ វៀង យៀងលៀង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបើកបរទិសដៅពីសាលា ហ៊ុន សែន មិត្តភាព បត់ស្តាំទៅអូរត្រេះ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យឈ្មោះ វៀង យៀងលៀង អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបាននាំខ្លួនទៅធ្វើការសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ