រាជធានីភ្នំពេញ ៖ ព្រះសង្ឃវត្តថាន់២អង្គបានរងរបួសក្នុងការវាយវប្រហារដោយទឹកអាស៊ីតពីសំណាក់ជនមិនស្គាល់មុខ ខណៈពេលដែលព្រះអង្គទាំង២និមន្តតាមរ៉ឺម៉កម៉ូតូកង់៣ ដើម្បីទៅសិក្សានៅពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត។
ហេតុការណ៍វាយប្រហារទឹកស៊ីតលើព្រះសង្ឃទាំង២អង្គខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមមុខវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ព្រះសង្ឃទាំង២អង្គដែលរងគ្រោះខាងលើ មួយអង្គព្រះនាម ខុន ឃន ព្រះជន្ម២២ឆ្នាំ បានរងរបួសចំត្រចៀក, ក និងទ្រូងខាងឆ្វេង ចំណែកមួយអង្គទៀតព្រះនាម សើច សល់ ព្រះជន្ម២១ឆ្នាំ បានរងរបួសព្រះកេស ។ ព្រះសង្ឃរងគ្រោះទាំង២អង្គនេះគង់នៅកុដិលេខ៣ ក្នុងវត្តថាន់ ។
តាមប្រភពពីព្រះសង្ឃរងគ្រោះព្រះនាម ខុន ឃន បានមានថេរដីកាអោយដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃចំនួន៤អង្គបាននិមន្តតាមរ៉ឺម៉កម៉ូតូកង់៣ ចេញពីវត្តក្នុងគោលបំណងទៅរៀននៅពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត ដែលស្ថិតនៅជិតតុលាការកំពូល។
ព្រះអង្គបានមានថេរដីកាបន្តថា ខណៈពេលដែលធ្វើដំណើរមកដល់មុខវត្តប្រយូវង្ស ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងបានជះទឹកអាស៊ីតមកលើព្រះអង្គដែលកំពុងតែគង់នៅលើរ៉ឺម៉កម៉ូតូកង់៣ បណ្តាលអោយព្រះអង្គចំនួន២អង្គបានរងរបួស។ ចំណែក២អង្គទៀតមិនមានរងរបួសនោះទេ ដោយសាតែជះទឹកអាស៊ីតទៅប៉ះនឹងជញ្ជាំងរ៉ឺម៉កម៉ូតូកង់៣។
ព្រះអង្គបានមានថេរដីកាអោយដឹងបន្តទៀតថា ព្រះអង្គពុំដឹងថានរណាមានគំនុំនឹងព្រះអង្គរហូតដល់យកទឹកអាស៊ីតមកជះដាក់បែបនេះឡើយ ហើយកន្លងមក ព្រះអង្គធ្លាប់មានទំនាស់ពាក្យសំដី និងតាមឆាតជាមួយកូនសិស្សនៅក្នុងវត្តជាមួយគ្នា ដែលជានិស្សិតពេទ្យ តែពុំដឹងថា ជាកូនសិស្សនោះឬយ៉ាងណានោះទេ ពេលដែលជនសង្ស័យជះទឹកអាស៊ី គឺព្រះអង្គពុំបានឃើញឡើយ។
ទោះបីជាយ៉ាងណា ប្រសិនជាមានការស្រាវជ្រាវពីនគរបាលតាមរយៈកាមេរ៉ាសុវត្ថិភាពនោះ ជនបង្កច្បាស់ជាគេចមិនផុតពីសំណាញ់ច្បាប់ឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ