ខេត្តកំពង់ចាម ៖ គ្រូមន្តអាគមចរិតស្រីម្នាក់ឈ្មោះលី វណ្ណនី មានរហស្សនាម «មន្តស្នេហ៍គ្រូក្មេង » ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្តង់សាខាថ្មី ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ មកស្នាក់នៅបណ្តោះអាសន្នភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៩ មករា ដោយជាប់ចោទពីបទរួមភេទជាមួយក្មេងប្រុសជំទង់ ចាប់ពីអាយុ១៥ឆ្នាំដល់១៧ឆ្នាំ រហូតដល់ទៅចំនួន៩នាក់ ។
តាមលោកវរសេនីយ៍ត្រីកែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ឱ្យដឹងថា គ្រូស្នេហ៍ឈ្មោះវណ្ណនី នេះបានមកស្នាក់នៅផ្ទះជួលរបស់ឈ្មោះសុង ស្រេង ភេទប្រុស នៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៣ ប្រកបរបរជាគ្រូទស្សន៍ទាយពីឧបនិស្ស័យរបស់មនុស្សគ្រប់វ័យ និងល្បីខាងធ្វើមន្តស្នេហ៍ផងដែរ ។ ក្នុងពេលដែលគ្រូស្នេហ៍នេះ ទំនេរពីការទស្សន៍ទាយនោះតែងតែលួងលោមហៅក្មេងប្រុសៗឱ្យចូលទៅលេងក្នុងបន្ទប់គាត់ ហើយថែមទាំងរួមភេទរហូតដល់បានសម្រេចជាច្រើនដងថែមទៀត ។ លោកអធិការបន្តថា ជាក់ស្តែងក្នុងពេលថ្មីៗនេះមានយុវជនម្នាក់អាយុ១៧ឆ្នាំ រស់នៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ត្រូវបានគ្រូរូបនេះលួងលោមឱ្យចូលទៅលេងក្នុងបន្ទប់ផ្ទះជួលស្ងាត់ៗ រួចចាប់រំលោភរហូតដល់របួសប្រដាប់ភេទទៀត លុះពេលឪពុកម្តាយសួរនាំដឹងពីការពិត ក៏បានលាតត្រដាងទាំងអស់ ដោយឥតមានការលាក់លៀមឡើយ ។
នៅព្រឹកថ្ងៃទី៩ មករា ឪពុកម្តាយរបស់យុវជនរូបនោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីឱ្យជួយអន្តរាគមន៍ចាប់គ្រូស្នេហ៍រូបនេះ ហើយនៅរសៀលថ្ងៃដដែលរូបលោកបានចាត់ឱ្យកម្លាំងព្រហ្មទណ្ឌស្រុក ចុះទៅសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រះហៅគ្រូនោះ មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ក៏ឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងប្រុសៗរហូតដល់ទៅ៩នាក់ឯណោះ ក៏បានឃាត់ខ្លួនតែម្តង ។ លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ បញ្ជាក់ថា នៅល្ងាចថ្ងៃទី៩ មករា ឪពុកម្តាយក្មេងប្រុសចំនួន២នាក់ បានដាក់ពាក្យបណ្តឹងប្តឹងគ្រូកំហូចធ្វើមន្តស្នេហ៍ខាងលើ និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ