រាជធានីភ្នំពេញ ៖ តាមកត់សម្គាល់ក្រៅផ្លូវការ អ្នកទោសដែលជាប់ឯកទគ្គកម្មនៅកម្ពុជាសម័យកាលនេះ គឺលេខ១ បានទៅលើស្ត្រីម្នាក់ដែលជាប់់១៦៥ឆ្នាំនេះ ។ លេខ២ បានទៅលើអ្នកទោសបុរសឈ្មោះ ហេង ពៅ គឺជាលេខបណ្ដោះអាសន្ន ។ ប្រសិនបើតុលាការលើកយកសំណុំរឿង ដែលនៅសល់មកជំនុំជម្រះបន្ត សង្ស័យអ្នកទោស ហេង ពៅ នឹងដណ្ដើមបានលេខ១មិនខានឡើយ ។

សូមបញ្ជាក់ថា ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ការទទួលទោសរបស់ស្ត្រីម្នាក់បាន
ជាប់ពន្ធនាគាររហូតដល់១៦៥ឆ្នាំ ដោយមានកូនតូចនៅក្នុងពន្ធនាគារ ជាមួយថែមទៀត ។ លោកកែវ
រ៉េមី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សរសេរលើបណ្តាញសង្គមនៅថ្ងៃទី២ កក្កដា ថា ក្រោយពីចុះសួរសុខទុក្ខនៅមណ្ឌលអប់រំកែប្រែម២(ព្រៃស)មក យើងបានឃើញស្ត្រីម្នាក់ជាប់ឃុំ ដោយសារមានទោសច្រើនករណីបូកបញ្ចូលគ្នា សរុបរហូតជាប់ទោស១៦៥ឆ្នាំ ។ អ្វីដែលសំខាន់គឺបញ្ហាកូននៅជាមួយ ។
លោកបញ្ជាក់ថា៖ «ខ្ញុំពិតជាអាណិត និងរន្ធត់ក្នុងចិត្តខ្លាំងណាស់ ដែលចាំបាច់ត្រូវ ខិតខំរកអង្គការណាដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដែលអាចទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារនិងចំណេះដល់ក្មេងបាន ។ ខ្ញុំសូមអរគុណជាអនេកប្បការដល់ លោកស្រី ឈូក សីហា នាយិការនៃអង្គការ ”ការអភិវឌ្ឍន៍កុមារកម្ពុជា “ដែលស្ម័គ្រចិត្តទទួលយកក្មេងនោះ »។ ជាមួយគ្នានោះដែរ លោក កែវ រ៉េមី ក៏បានអរគុណផងដែរ ដល់មន្ត្រីថ្នាក់ដឹកនាំទាំងអស់នៅក្នុងមណ្ឌលអប់រំកែប្រែម២ និងសហការីរបស់លោក ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ដោយមានប្រសិទ្ធភាព ហើយលោកក៏សូមអំពាវនាវដល់មាតាបិតា កុំប្រព្រឹត្តិល្មើសនឹងច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់កូនដែលគ្មានទោសកំហុស ។
ពាក់ព័ន្ធនឹងការជាប់ពន្ធនាគាររបស់ស្ត្រីអ្នកទោសនៅ«ម២»រហូតដល់មានរយៈពេល១៦៥ឆ្នាំនោះ ដើម្បីចង់ដឹងពីមូលហេតុនៃអង្គច្បាប់ និងអង្គហេតុដែលបណ្តាលឲ្យស្ត្រីរូបនេះ ជាប់ពន្ធនាគារច្រើនឆ្នាំយ៉ាងនេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បាននោះទេ ដោយទូរស័ព្ទទៅជាច្រើនលើកគ្មានអ្នកទទួល ហើយអ្នកខ្លះទូរស័ព្ទមិនចូល ។
ករណីគ្មានអ្នកទទួលនេះដែរ មន្ត្រីដែលបម្រើការនៅក្រសួងយុត្តិធម៌ម្នាក់បានអះអាងថា អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លោក គឹម សន្តិភាព បានអញ្ជើញទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អស់ហើយ ។ ដោយឡែកអ្នកនាំពាក្យពន្ធនាគារលោក នុត សវនា វិញ ក៏មិនលើកទូរស័ព្ទដែរ នៅពេលភ្នាក់ងារកោះសន្តិភាព បានព្យាយាមទាក់ទងចូលជាច្រើនលើក តែគ្មានអ្នកទទួល ។
យ៉ាងណាក្តី មានមតិមួយចំនួនកន្លងមក បានរិះគន់ចំពោះអ្នកនាំពាក្យក្រសួងស្ថាប័នមួយចំនួនថា មិនមានសកម្មភាព ឬគ្មានពាក្យឆ្លើយជាមួយអ្នកសារព័ត៌មាននោះទេ គឺសុខចិត្តស្ងៀមឈឹង ។ ពាក់ព័ន្ធនឹងអ្នកទោសជាប់ពន្ធនាគារនេះដែរ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកំពុងសម្តែងក្តីបារម្ភ ដោយសារចំនួនអ្នកទោសមានការកើនឡើងដែលបណ្តាលឲ្យពន្ធនាគារចង្អៀតណែនតាន់តាប់ ។
គួររំឮកថា លោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានឲ្យដឹងកាលអំឡុងខែតុលា ឆ្នាំ២០១៨កន្លងមកថា ទណ្ឌិតដែលជាប់ពន្ធនាគារនៅទូទាំងប្រទេស មានប្រមាណ៣១.២២៦នាក់ ក្នុងនោះមានស្ត្រីចំនួន២៦៦៣នាក់ ។ ករណីអ្នកជាប់ពន្ធនាគារច្រើនឆ្នាំ លើសពីអាយុរបស់ខ្លួននេះដែរ រដ្ឋសភាបានកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍានា ដើម្បីបំភ្លឺចំពោះមុខអង្គប្រជុំរដ្ឋសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ។ លោកថា ចំនួននេះបានធ្វើឲ្យពន្ធនាគារមានភាពចង្អៀតណែន ហើយកំពុងតែរកដំណោះស្រាយផងដែរ ។
ទាក់ទិននឹងការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៣ កក្កដា ប្រាប់កោះសន្តិភាពថា ពិតហើយស្ត្រីដែលជាជនជាប់ចោទរូបនោះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារសរុបកំណត់១៦៥ឆ្នាំ លើបទល្មើសចំនួន៩ករណីជាអំពើ«ប្លន់សម្លាប់» ។
អ្នកនាំពាក្យបន្តថា ប្រហែលជាមានតែជនជាប់ចោទស្ត្រីម្នាក់នេះទេ ដែលកំពុងជាប់ពន្ធនាគារ(ម២) មានទោសដល់ទៅ១៦៥ឆ្នាំនោះ។ ព្រោះជនជាប់ចោទម្នាក់នេះ គាត់មានជាប់ពាក់ព័ន្ធជាសហចារីក្នុងសំណុំរឿង ប្លន់បាញ់សម្លាប់មនុស្សចំនួន៩ករណី ។ គាត់ជាភរិយាជនជាប់ចោទម្នាក់ ក្នុងចំណោមក្រុមចោរប្លន់បាញ់សម្លាប់ជនរងគ្រោះយកម៉ូតូស្កុបពីយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញកន្លងទៅ ដែលក្រុមចោរប្លន់១សំបុកនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាញ់ឲ្យរបួស និងស្លាប់នៅជើងភ្នំបាសិត ខណ្ឌព្រែកព្នៅ កន្លងមក ខណៈតដៃជាមួយសមត្ថកិច្ច ហើយខ្លះត្រូវចាប់ខ្លួន ។
បក្សពួកចោរប្លន់មួយក្រុមនោះ អ្នកសល់ពីស្លាប់បានសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពប្លន់បាញ់សម្លាប់ជនរងគ្រោះចំនួន២០លើក ភាគច្រើនប្លន់យកតែម៉ូតូស្គូពីហើយពេលប្លន់ម្តងៗ តែងតែមានរថយន្តទួរីសចំណុះ១២កៅអី១គ្រឿង ចាំដឹកម៉ូតូដែលប្លន់បានយកទៅលក់។ ក្រុមគេនោះហើយ ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារមិនក្រោមមួយឆ្នាំនោះទេ និងទោស១ជីវិតទៀតផងព្រោះជាចារី។ ចំណែកស្ត្រីម្នាក់ដែលថាជាប់ទោស១៦៥ឆ្នាំដូចការលើកឡើងនេះ គឺជាប្រពន្ធចោរហៅថាសហចារី ជាអ្នកចូលរួមចំណែកចាត់ចែងទទួលផល និងសមគំនិតជាមួយប្តីធ្វើចោរប្លន់ដែលច្បាប់បានកំណត់ទោសស្មើនឹងចោរ ។
ស្ត្រីជាប់ចោទមានសំណុំរឿងចំនួន៩ករណី សុទ្ធតែពាក់ព័ន្ធអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះ ដែលត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកំណត់សរុប១៦៥ឆ្នាំ ប៉ុន្តែទោសនេះមិនទាន់ប្រាកដសម្រាប់ជនជាប់ចោទអនុវត្តទាំងស្រុងទេ ព្រោះនៅមានសំណុំរឿងខ្លះ សាលក្រមបានចូលជាស្ថាពរ ហើយសំណុំរឿងខ្លះទៀតមិនទាន់ចូលជាស្ថាពរទេ ព្រោះជនជាប់ចោទបានប្តឹងសារទុក្ខទៅឧទ្ធរណ៍ និងតុលាការកំពូល ។
ដោយឡែក ចំពោះពន្ធនាគារ(មណ្ឌលកែប្រែម១)វិញ ដែលមានជនជាប់ចោទសុទ្ធតែប្រុសៗនោះ ត្រូវបានមន្ត្រីពន្ធនាគារប្រាប់តាមទូរស័ព្ទថា សព្វថ្ងៃពន្ធនាគារព្រៃស(ម១) មានអ្នកទោសជិត១០.០០០នាក់ ប៉ុន្តែអ្នកទោសភេទប្រុសដែលត្រូវជាប់ពន្ធនាគារដល់ទៅជាង១០០ឆ្នាំនោះមិនមានទេ បើមានគឺមានតែទោសអស់មួយជីវិតមានច្រើននាក់ទៀតផង ។
ចំណែកអ្នកទោសឧក្រិដ្ឋល្បីជាងគេគឺឈ្មោះ ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុបកំណត់៩៥ឆ្នាំ លើ៧សំណុំរឿង ដែលទោសនោះសុទ្ធជាបទឧក្រិដ្ឋបាញ់សម្លាប់មនុស្ស ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា ហេង ពៅ នៅមានសំណុំរឿងមួយចំនួនទៀត ដែលតុលាការមិនទាន់បើកការជំនុំជម្រះអស់នៅឡើយទេ ។ សរុបទៅ ហេង ពៅ មាន១១សំណុំរឿងបទឧក្រិដ្ឋ និងបានជំនុំជម្រះ៧សំណុំរឿងហើយ មានទោស៩៥ឆ្នាំ ។ (សម្រួលដោយ៖ ស្រីណា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ