ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gmac និង Camffa ស្នើ​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ព្រោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ដឹក​ជ​ញ្ជួ​ន​ទំនិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី​៣០ បាន​ជះ​ផល​ប៉ះពាល់​មួយ​ចំនួន ដល់​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា​ក៏​ដូច​ជា​អ្នក​ផលិត​ផង​ដែរ ។ ក្នុង​នោះ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី​៣០ បាន​ជះ​ផល​ប៉ះពាល់​មួយ​ចំនួន ដល់​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា​ក៏​ដូច​ជា​អ្នក​ផលិត​ផង​ដែរ ។ ក្នុង​នោះ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​ហៅ​កាត់​ថា GMAC និង​សមាគម ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ហៅ​កាត់​ថា Caffa ( កាំ​ហ្វា ) បាន​ស្នើ​ដល់​ក្រសួង​សាធារណៈការ​ដោះស្រាយ​បញ្ហា​កើត​ឡើងជា​បណ្ដោះអាសន្ន​ដើម្បី​អោយ​ការ​បញ្ជូន​ទំនិញ​ទៅ​កាន់​នាវា​បាន​ទាន់​ពេលវេលា ។

​បើ​តាម​លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បានអោយ​ដឹង​ថា​ចាប់តាំងពី​ក្រសួង​ប្រកាស​អនុវត្តន៍​នូវ​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក អ្នក​ដឹក​ជញ្ជូន​ភាគច្រើន​មិន​ហ៊ាន​បញ្ចេញ​យានយន្ត​សម្រាប់​ដឹក​ទំនិញ​បញ្ជូន​ទៅ​កាន់​កំពង់​ផែ​ទេ ពីព្រោះ​ខ្លាច​សមត្ថកិច្ច​ត្រួតពិនិត្យ​រក​ឃើញ​មាន​កំហុស បច្ចេកទេស​ណាមួយ រួច​ហើយ​ក្រសួង​តម្រូវ​អោយ​បង់​ពិន័យ​ជា​ទឹកប្រាក់​រាប់​លាន​រៀល ដែល​ធ្វើ​អោយ​ខាតបង់​ច្រើន​ទៀត ។ ​លោក​បាន​និយាយ​បន្ត​ទៀត​ថា «​ជា​ធម្មតា យានយន្ត​ដែល​យើង​បើកបរ​លើ​ផ្លូវ​សព្វដង គឺជា​រថយន្ត​នាំ​ចូល​និង​មក​កែ​ច្នៃ​នៅ​ក្នុងស្រុក ដូច្នេះ​បើសិនជា​សមត្ថកិច្ច​ត្រួតពិនិត្យ​បច្ចេក

ទេស គឺ​សឹងតែ​គ្រប់​យានយន្ត​ហើយ​ដែល​មាន​កំហុស បើ​មិន​កំហុស​នេះ ក៏​កំហុស​នោះ​ដែរ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មិន​ហ៊ាន​អោយ​អ្នកបើកបរ​បញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់​ផែ​ឡើយ » ។ លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ដឹក​ជញ្ជូន លោក​ចង់​ក្រសួង បង្កើត​យានដ្ឋាន​មួយ ហើយ​នៅ​ពេល​ដែល​រក​ឃើញ​បញ្ហា​បច្ចេកទេស​លើ​យានយន្ត​ណាមួយ​របស់​ពួក​យើង យើង​ស្វាគមន៍​ជា​និច្ច​ក្នុង​ការ​យក​ទៅ​ជួសជុល​បន្ថែម និង​រីករាយ​ក្នុង​ការ​បង់ប្រាក់​ជូន​ទៅ​ក្រសួង ។ តែ​ពេល​នេះ ក្រសួង​ចាប់​ពួក​យើង​ហើយ ត្រូវ​បង់ប្រាក់​រាប់​លាន​រៀល ហើយ​ពួក​យើង​មិនដឹង​ថា​យក​យានយន្ត​យើង​ទៅ​ជួសជុល​នៅ​ទីណា​ទៀត ដូច្នេះ​វា​កាន់តែ​វែង​ឆ្ងាយ​និង​ពិបាក​ណាស់ ដូច្នេះ​ហើយ​ទើប​អ្នក​ដឹក​ជញ្ជូន​មិន​ហ៊ាន​បញ្ចេញ​យានយន្ត​ដឹក​ទំនិញ​ទៅ​កាន់​កំពង់​ផែ​ឡើយ ដែល​ធ្វើ​អោយ​ទំនិញ​នៅ​ស្ទះ​ច្រើន និង​ប្រឈម​នឹង​កា​រខក​ជើង​នាវា ទៀត​ផង ។

​លោក​បន្ថែម​ថា បើ​ក្រសួង​មិន​លើកលែង ឬ​អនុគ្រោះ នៅ​តែ​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​មួ​យស​ប្ដា​ហ៍​ទៀត កប៉ាល់​នឹង​ចេញ​ហួស ហើយ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​នឹង​ត្រូវ​ងាក​មក​បញ្ជូន​ទំនិញ​តាម​ជើង​យន្តហោះ​វិញ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​តាម​ជើង​សមុទ្រ​រហូត​ដល់​បី​បួន​ដង ។ មួយវិញទៀត បើសិនជា​ការ​បញ្ជូន​ទំនិញ​ទៅ​កាន់​អ្នកបញ្ជា​ទិញ​មិន​ទាន់​ពេលវេលា គេ​អាច​នឹង​មិន​យក​ហើយ​បញ្ជូន​មក​វិញ ធ្វើ​អោយ​កម្ពុជា​កាន់តែ​ខាតបង់​ទៅ​ទៀត ព្រោះតែ​ការ​សង​គេ​នូវ​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន ។

សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ស្នើ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន មាន​វិធានការ​ដោះស្រាយ​បណ្ដោះអាសន្ន ចំពោះ​ការ​រឹត​បន្តឹង ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។ ​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នា ២០១៩​នេះ​ដែរ សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា ក៏​បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ដំណោះស្រាយ​បណ្ដោះអាសន្ន​មួយ​ជាមួយ​សមាគម​ដឹក​ជញ្ជូន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កា​រង​នុ​វត្ត​ច្បាប់​ចរាចរណ៍​របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពីព្រោះ​សមាជិក​របស់​សមាគម​បាន​និង​កំពុង​ក្លាយជា​ជន​រង​គ្រោះ នៅ​ក្នុង​បញ្ហា​នេះ​ដោយ​មិនដឹង​ខ្លួន ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី ០២ កក្កដា ២០១៩​នេះ​ដែរ លោក សេង ឈួ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​អនុវត្តន៍​មក​ក្រុមការងារ​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​សរុប​១, ៩៥៤​គ្រឿង ក្នុង​នោះ រក​ឃើញ​ថា​រថយន្ត​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​១១​ភាគរយ ដែល​មាន​ចំនួន ២២៤​គ្រឿង ដូច្នេះ​រថយន្ត​ដែល​ត្រឹមត្រូវ​តាម​បច្ចេកទេស​គឺ​មាន​ចំនួន​ច្រើន និង​សូម​អោយ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​រថយន្ត​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​គួរ​គោរព​ច្បាប់​និង​អនុវត្តន៍​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​អោយ​បាន​ត្រឹមត្រូវ​ផង ។

​បើ​តាម​លោក ហឹ​ម យ៉ា​ន អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា ការ​យឺតយ៉ាវ​នៃ​ការ​បញ្ជូន​ទំនិញ របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន មិនមែន​មក​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នោះ​ទេ ព្រោះ​ការ​ត្រួតពិនិត្យ​រថយន្ត​នីមួយ​ៗ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ គឺ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទេ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​ធ្វើ​អោយ​សមត្ថកិច្ច​ត្រូវ​ឃាត់​ទុក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ